លោក Robert Kiyosaki ៖ ចំណុច៦យ៉ាង ធ្វើឲ្យអ្នកងាយនឹងធ្លាក់ខ្លួនក្ររហាមវិញ ទោះបីជាមានលុយច្រើនប៉ុណ្ណាក៏ដោយ
លោក រូប៊ឺត គីយូសាគី (Robert Kiyosaki) ជាអ្នកនិពន្ធដ៏ល្បីល្បាញមួយរូបរបស់អាមេរិក ហើយមនុស្សជាច្រើននៅលើពិភពលោកបានស្គាល់សៀវភៅដ៏មានឥទ្ធិពលរបស់លោក គឺ «ឪពុកអ្នកមានបង្រៀនកូនក្រ»។ អ្នកនិពន្ធដ៏ល្បីល្បាញរូបនេះ បានលើកឡើងថា មានចំណុចអាក្រក់៦យ៉ាង ដែលងាយធ្វើឲ្យមនុស្សទូទៅ អាចធ្លាក់ខ្លួនក្ររហាមវិញ បើទោះបីជាមានលុយច្រើន សឹងរាប់មិនអស់ក៏ដោយ៖
១) ពួកអ្នកក្រ ដែលក្លាយជាអ្នកមានថ្មីៗ (ដោយកត្តាណាមួយ)៖
មានមនុស្សមួយចំនួនធ្លាប់តែរស់នៅក្នុងស្ថានភាពក្រីក្រ រកព្រឹកខ្វះល្ងាច តែដល់ពេលមួយពួកគេបានក្លាយទៅជាអ្នកមាន ដោយសារតែហេតុផលផ្សេងៗ ជាពិសេសអចលនទ្រព្យរបស់ខ្លួនត្រូវប៉ាន់ ហើយក៏លក់ទៅបានលុយយ៉ាងច្រើន។ ជីវិតធ្លាប់តែក្រ ហើយគ្មានចំណេះដឹងគ្រប់គ្រាន់ក្នុងការគ្រប់គ្រងនោះ វាបានធ្វើឲ្យពួកគេក្លាយជា មនុស្សកញ្ជើធ្លុះ ព្រោះថា លុយប៉ុន្មានក៏ទុកមិនសល់ដែរ។ អ៊ីចឹងហើយបានជាក្នុងសង្គមជាក់ស្ដែង មានមនុស្សជាច្រើនបានក្លាយជាអ្នកមានយ៉ាងរហ័ស ហើយក៏រហ័សធ្លាក់ខ្លួនក្រវិញដែរ។
២) នៅពេលមានលុយច្រើន អ្នកទាំងនោះមិនបានគ្រប់គ្រងលុយ តែបណ្ដោយឲ្យលុយគ្រប់គ្រងវិញ ៖
នៅពេលមានលុយច្រើន មនុស្សមួយចំនួនចាប់ផ្ដើមចេញអារម្មណ៍អំនួត និង ហើយភ្លេចគិតកាលខ្លួននៅក្រក្រី ដូច្នេះហើយរាល់ពេលចាយវាយម្តងៗ គឺ មិនគិតឡើយ អស់ប៉ុន្មានក៏មិនខ្វល់ ដោយភ្លេចហើយថា «មនុស្សអាចភ្លេចពាក្យថាក្រ តែពាក្យថាក្រ មិនដែលភ្លេចមនុស្សណាម្នាក់ឡើយ»។ នៅពេលចាយវាយតាមអារម្មណ៍ ទោះបីជាមានលុយប៉ុន្មានក៏មិនសល់ដែរ។ អ៊ីចឹងហើយរឿងអីមិនក្រវិញ។
៣) មិនអាចឆ្លើយថា «ទេ»ចំពោះមនុស្សជាទីស្រលាញ់ ឬ រាប់អានគ្នាជិតស្និទ្ធ នៅពេលពួកគេខ្ចីលុយ
មិត្តភាព និង ក្ដីស្រលាញ់ គឺជារឿងសំខាន់ ប៉ុន្តែ ទាក់ទងនឹងរឿងលុយ គឺត្រូវតែល្អិតបន្តិច ព្រោះថា លុយមិនងាយរកវិញឡើយ។ ជាទូទៅ មនុស្សមួយចំនួនមិនបានគិតច្រើននោះទេ ហើយពួកគេតែងយកមនោសញ្ចេតនាមកប្រើហួសកម្រិត ដោយអាងថា មិត្ត ឬ មនុស្សដែលខ្លួនទុកចិត្ត អ៊ីចឹងហើយកាលណាធូររលុងពេក វានាំឲ្យពួកគេខ្ចីហើយ មិនសង ព្រោះនៅពេលខ្ចីមិនបានរៀបរាប់អំពីលក្ខខណ្ឌអ្វីច្បាស់លាស់ ដូច្នេះហើយ នៅពេលដែលខ្ចីហើយ គឺទុករហូតដល់ទុំតែម្ដង។ មនុស្សមួយចំនួនតែងមើលរំលងចំណុចនេះ ហើយពួកគេមិនដឹងទេថា វាក៏ជាចំណែកមួយដែលអាចទាញឲ្យពួកគេធ្លាក់ចុះមកទីទាបយ៉ាងងាយផងដែរ។
៤) ចូលចិត្តវិនិយោគដោយគ្មានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង បទពិសោធន៍៖ គំនិតក្នុងការយកលុយទៅបង្កើតលុយបន្ថែមទៀត គឺជាចំណុចដ៏ល្អមួយ ប៉ុន្តែអ្វីដែលសំខាន់នោះ ពួកគេគ្មានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង បទពិសោធន៍គ្រប់គ្រាន់លើផ្នែក ឬ វិស័យដែលខ្លួនចង់ដាក់ទុនរកស៊ីនោះ អ៊ីចឹងហើយនៅពេលបោះលុយចូលទៅក្នុងអាជីវកម្មនោះ គឺប្រៀបដូចជាបោះចោលអ៊ីចឹង។ ដូច្នេះ មុននឹងសម្រេចចិត្តវិនិយោគអ្វីមួយត្រូវសិក្សាឲ្យច្បាស់សិន ដើម្បីកុំឲ្យ«ប្រាក់ក៏បង់ថង់ក៏ដាច់»។
៥) ភ័យខ្លាចបាត់បង់លុយ តែមិនព្រមរៀនរៀបចំ ឬ ប្រើប្រាស់ឲ្យមានប្រយោជន៍
មនុស្សភាគច្រើន ព្រោះតែធ្លាប់ក្រហើយ នៅពេលដែលក្លាយជាអ្នកមាន គឺពួកគេចេះតែភ័យខ្លាចខ្លួនធ្លាក់ខ្លួនក្រវិញ។ ភ័យនេះគឺភ័យហួសហេតុ និង ភ័យមិនសមទំនង ព្រោះដោយខ្លាចបាត់បង់លុយ ពួកគេមិនហ៊ានយកលុយដែលខ្លួនមានទៅវិនិយោគ ឬ ចាត់ចែងឲ្យបានល្អ (ក្នុងន័យបង្កើតលុយបន្ថែមទៀត)។ បើមិនព្រមយកលុយដែលខ្លួនមានទៅធ្វើអ្វីផ្សេងៗទៀត ដើម្បីបង្កើតជាចរន្តលុយបន្ថែមទៀតទេ នៅពេលដែលប្រភពលុយសំខាន់របស់អ្នកមានបញ្ហានោះ មិនយូរមិនឆាប់ អ្នកនឹងធ្លាក់ខ្លួនក្រវិញមិនខាន។
៦) ភាគច្រើនមិនទាន់ចេះបែងចែងរវាង ការចំណាយល្អ និង អាក្រក់៖
មិនមែនរាល់ការចំណាយទាំងអស់សុទ្ធតែល្អ ហើយក៏មិនសុទ្ធតែអាក្រក់នោះទេ។ បើអ្នកចំណាយលុយទៅលើការអភិវឌ្ឍចំណេះដឹង ឬ ទៅរកស៊ីនោះអ្នកនឹងទទួលបានផលល្អមកវិញ ប៉ុន្តែបើអ្នកចំណាយលុយដើម្បីដេញតាមរបស់ប្រើប្រាស់ថ្មីៗវិញ គឺត្រូវបានគេចាត់ទុកថា ជាការចំណាយមិនល្អ ព្រោះវាគ្មានចំណេញអ្វីឡើយសម្រាប់អ្នក។ ប៉ុន្តែមនុស្សភាគច្រើននៅពេលមានបាន គឺគិតតែរឿងចំណាយលើផ្លូវមិនល្អ អ៊ីចឹងហើយទើបធ្វើឲ្យពួកគេងាយនឹងធ្លាក់ខ្លួនក្រវិញដោយមិនដឹងខ្លួន៕
ដោយ៖ រតនា វិចិត្រ