ចង់ក្លាយជាមនុស្សអស្ចារ្យមែនទេ ? ដូច្នេះត្រូវចាប់ផ្ដើមពីការចេះសួរសំណួរត្រឹមត្រូវ​



សុភាសិត​ចិន​បុរាណ​មួយ​បាន​ពោល​ថា៖ "អ្នក​ដែល​សួរ​សំណួរ​នឹង​ក្លាយ​ជា​មនុស្ស​ល្ងង់​ត្រឹមតែ​៥​នាទី​ប៉ុណ្ណោះ តែ​បើ​អ្នក​ដែល​មិន​សួរ​អ្វី​សោះ​នឹង​ក្លាយ​ជា​មនុស្ស​ល្ងង់​អស់​មួយ​ជីវិត"។ កុំ​ថា​ឡើយ​អ្នក​រៀន​ចប់​អស់​ថ្នាក់​នៅ​ក្នុង​សាលា​ក៏​ដោយ ឬ​សូម្បី​តែ​រហូត​ដល់​ពេល​អ្នក​ផុត​ដង្ហើម​ពី​លោក​នេះ​ទៅ​ក៏​ដោយ ក៏​អ្នក​រៀន​មិន​អស់​ពី​អ្វីៗ​នៅ​លើ​សកលលោក​នេះ​ដែរ។

ម្យ៉ាងទៀត ការ​ឆ្ងល់​ចោទ​សួរ​អាច​ជា​រឿង​ងាយស្រួល​នរណា​ក៏​អាច​ធ្វើ​បាន​ដែរ បែប​នេះ​អាច​ធ្វើឲ្យ​អ្នក​គិត​ថា​ការ​សួរ​សំណួរ​គឺជា​រឿង​មិន​សូវ​សំខាន់ ប៉ុន្តែ​បើ​អ្នក​ដឹង​ថា​វា​សំខាន់​ប៉ុណ្ណា​វិញ ឆាក​ជីវិត​របស់​អ្នក​នឹង​ផ្លាស់ប្ដូរ​ទាំងស្រុង។ រីឯ​របៀប​ទទួល​ចំណេះ​ពី​សាលា​ឲ្យ​មាន​ប្រសិទ្ធភាព​ក៏​មិន​ខុស​គ្នា​ដែរ។ ការ​រក​ឃើញ​អាថ៌កំបាំង​ពី​ពិភពលោក​នេះ​ចាប់ផ្ដើម​ដូចជា អ៊ីសាក់ ញូតុន សួរ​សំណួរ​ថា៖ "ហេតុអ្វី​ផ្លែ​ប៉ោម​ធ្លាក់​ពី​លើ​ដើមឈើ ចុះ​ហេតុអ្វី​ព្រះចន្ទ​មិន​ធ្លាក់​មក​លើ​ផែនដី​ដែរ​ទៅ ?"

ឯ​សូក្រាត​វិញ​ចោទ​សំណួរ​ឡើង​ថា៖ "អ្វី​ទៅ​ជា​ភាព​យុត្តិធម៌ ?" ។ ការ​សួរ​សំណួរ​បែប​ទូទៅ​និង​ទូលំទូលាយ តែ​បែប​មូលដ្ឋាន​និង​មាន​ភាព​ស៊ីជម្រៅ​បែប​នេះ បាន​ធ្វើឲ្យ​ពួកគេ​ចាត់​ទុក​ជីវិត​ដូចជា​បេសកកម្ម​មួយ​ដែល​ត្រូវ​ស្វែងរក​ចម្លើយ ដើម្បី​ស្រាយ​ចម្ងល់​នូវ​សំណួរ​មួយ​នេះ។ នៅ​ពេល​អ្នក​ដាក់​សំណួរ​ចោទ​សួរ​មក​ខ្លួនឯង ជីវិត​អ្នក​នឹង​មាន​គោលដៅ​ថា​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​ស្វែងរក​ចម្លើយ​នោះ។ បើ​អ្នក​ជា​សិស្ស មិន​យល់​ពី​មេរៀន​អ្វីមួយ អ្នក​ត្រូវ​តែ​ហ៊ាន​ចោទ​សួរ​គ្រូ។ កុំ​ខ្លាច​គេ​ថា​ល្ងង់ មាន​តែ​អ្នក​មិន​ហ៊ាន​សួរ​ហើយ​ថា​ឲ្យ​គេ​ល្ងង់​ប៉ុណ្ណោះ ទើប​ល្ងង់​ពិត​ប្រាកដ។ នៅ​ពេល​សួរ​សំណួរ​បាន​ត្រឹមត្រូវ អ្នក​នឹង​ទទួល​បាន​ចម្លើយ​មួយ​ដែល​ចាក់​ចំ​កណ្ដាល​បេះដូង​របស់​អ្នក ដែល​ធ្លាប់​តែ​ជា​ចម្ងល់​ឬ​ភាព​មិន​ច្បាស់លាស់​មួយ ដែល​រារាំង​អ្នក​មិន​អាច​ឲ្យ​យល់​ពី​អ្វី​ផ្សេង​ទៀត​ដែល​មាន​ទំនាក់ទំនង​នឹង​វា ដែល​ពេល​នោះ​ហាក់​ដូចជា​ទទួល​បាន​ពន្លឺ​ដ៏​ភ្លឺ​ចិញ្ចាច​នៅ​ក្នុង​បន្ទប់​ដ៏​ងងឹត​សូន្យសុង​ដូច្នោះ។

នៅ​ពេល​អ្នក​យល់​ពី​ចំណុច​ស្នូល​របស់​គំនិត​ណាមួយ​ហើយ ដើម្បី​អាច​ថែ​រក្សា​ទិន្នន័យ​ទាំងនោះ​ផ្ទុក​នៅ​ក្នុង​ការ​ចងចាំ​រយៈពេល​វែង​បាន អ្នក​ត្រូវ​ចេះ​បំបែក​គោល​គំនិត​ធំ​នោះ​ឲ្យ​ទៅ​ជា​បំណែក​តូចៗ ហើយ​បន្ទាប់​មក​ព្យាយាម​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ពី​បំណែក​នៃ​គំនិត​មួយ​ទៅ​បំណែក​មួយ​ទៀត ដើម្បី​មើល​ឃើញ​ពី​រូបភាព​ធំ​ដែល​ក្ដោប​អត្ថន័យ​របស់​បំណែក​ទាំងនោះ​ជា​គំនិត​តែមួយ​រួម​គ្នា។ ដើម្បី​ឲ្យ​ចំណេះដឹង​ដែល​ទទួល​បាន​មក​នៅ​តែ​ដិតដាម​ជាប់​នៅ​ក្នុង​ការ​ចងចាំ​បាន​យូរ ការ​ប្រើប្រាស់​ឧទាហរណ៍​ប្រដូច​ប្រៀបធៀប​រូបភាព​នៃ​គំនិត​ស្មុគស្មាញ ឬ​មាន​លក្ខណៈ​បច្ចេកទេស​ណាមួយ​ទៅ​នឹង​រូបភាព​នៃ​គំនិត​មួយ​ផ្សេង​ទៀត ដែល​មាន​លក្ខណៈ​សាមញ្ញ ដែល​អ្នក​តែងតែ​ឃើញ​វា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ដែរ។ ព្រោះ​ថា​នៅ​ពេល​អ្នក​ព្យាយាម​ស្រមៃ​ក្នុង​ទម្រង់​ជា​រូបភាព​បែប​នេះ ការ​ចងចាំ​នឹង​រឹត​តែ​ងាយស្រួល និង​ច្បាស់លាស់​សម្រាប់​អ្នក​យក​ទៅ​ប្រើប្រាស់​វា​នៅ​ពេល​ក្រោយ​បាន៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ innovationmanagement & lifehack

X
5s