ប្រសិនជាអ្នកមានចំណុចទាំងនេះ នោះបញ្ជាក់ថាអ្នកមានអត្តចរិតAlpha ហើយ
អ្នកដែលមានអត្តចរិតAlpha ច្រើនតែជាមនុស្សខ្លាំង មានមហិច្ឆតាខ្ពស់និងសម្រេចកិច្ចការបានច្រើន។ ប្រសិនជាអ្នកមិនដឹងថាអ្នកជាមនុស្សAlphaឬក៏អត់ ខាងក្រោមនេះជាចំណុចដែលបញ្ជាក់ថាអ្នកជាមនុស្សAlpha ៖
១) អ្នកជាមនុស្សត្រង់(Straightforward) ៖ មនុស្សAlpha គឺជាមនុស្សដែលដឹងច្បាស់នូវអ្វីដែលខ្លួនចង់បាននិងតម្រូវការខ្លួនឯងចំពោះអ្នកដទៃ។ ភាគច្រើនអ្នកនិយាយនូវអ្វីដែលអ្នកចង់និយាយតែម្តង។ អ្នកមិនចូលចិត្តកុហកអ្នកដទៃនោះទេ បើទោះបីជាការនិយាយការពិតអាចធ្វើអ្នកដទៃឈឺចាប់ក៏ដោយ ព្រោះអ្នកជឿជាក់ទៅលើភាពស្មោះត្រង់។ នោះជាតម្លៃស្នូលមួយដែលអ្នកតែងតែប្រកាន់ខ្ជាប់កន្លងមក។
២) អ្នកជឿលើទង្វើជាជាងពាក្យសម្ដី៖ អ្នកមិនជឿលើសម្តីដែលអ្នកដទៃប្រាប់អ្នកឡើយ។ ផ្ទុយទៅវិញ អ្នកជឿជាក់លើទង្វើដែលអ្នកដទៃបានធ្វើមកលើអ្នក។ ម៉្យាងវិញទៀត អ្នកជាមនុស្សដែលតបសារលឿនបំផុតព្រោះអ្នកគិតថាវាជាទង្វើមួយដែលបង្ហាញពីការគោរពរបស់អ្នកទៅកាន់អ្នកដទៃ។
៣) ទង្វើរបស់អ្នកស្របនឹងសម្តី៖ អ្នកជាមនុស្សដែលបញ្ចេញមតិយោបល់តាមត្រង់ដោយមិនចូលចិត្តលាក់លៀមនោះទេពីព្រោះថាអ្នកមិនចង់ធ្វើពុតនៅចំពោះមុខអ្នកដទៃឡើយ។ ប្រសិនជាអ្នកមិនពេញចិត្តនូវអ្វីមួយ អ្នកនឹងនិយាយប្រាប់តាមត្រង់ទៅកាន់អ្នកនោះដោយលើកហេតុផលនិងការយល់ឃើញរបស់អ្នក។
៤) អ្នកមានមិត្តភ័ក្ដិតិចដែលសុទ្ធតែអាចជឿទុកចិត្តបាន៖ បើទោះបីជាអ្នកស្គាល់មនុស្សជាច្រើន តែអ្នកដឹងច្បាស់ណាស់ថាមិត្តភ័ក្ដិពិតប្រាកដរបស់អ្នកនោះមិនមានច្រើននោះទេ។ ប្រសិនជាអ្នកប្រទះឃើញមិត្តភ័ក្ដិណាដែលអ្នកយល់ថាមិនសូវល្អឬមិននាំអ្នកទៅកាន់ផ្លូវល្អទេ អ្នកដើរចេញនិងនៅម្នាក់ឯងវិញប្រសើរជាងនៅជាមួយមនុស្សដែលមិនល្អ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ thoughtcatalog.com