តើអ្នកដឹងថាកាំរស្មីXប៉ះពាល់ដល់សុខភាពអ្នកយ៉ាងដូចម្ដេចខ្លះទេ ?​



កាំរស្មីX (X-rays) ស្ថិត​ក្នុង​ចំណោម​ប្រភេទ​មួយ​របស់​កាំរស្មី​ដែន​ម៉ាញេទិច​អគ្គិសនី។ អ្វី​ដែល​បាន​ធ្វើឲ្យ​មនុស្ស​ទូទាំង​សកលលោក​ស្គាល់​ពី​កាំរស្មីX ក៏​ដោយសារ​តាមរយៈ​ការ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​របស់​វា​នៅ​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ ដើម្បី​ឆ្លុះ​ពិនិត្យ​មើល​ថា​តើ​រចនាសម្ព័ន្ធ​នៃ​គ្រោង​ឆ្អឹង​របស់​អ្នក​ជំងឺ​មាន​ភាព​មិន​ប្រក្រតី​ត្រង់​ណា​ឬ​អត់ ទើប​ការ​ព្យាបាល​ដោយ​ត្រឹមត្រូវ​គឺជា​ដំណាក់កាល​បន្ទាប់។ ដោយឡែក មិន​ថា​តែ​កាំរស្មីX ឬ​កាំរស្មី​ប្រភេទ​ផ្សេង​ទៀត​នោះ​ទេ សុទ្ធតែ​ជា​វិទ្យុសកម្ម គ្រាន់តែ​ខុស​គ្នា​ត្រង់​តិច​ឬ​ច្រើន​ប៉ុណ្ណោះ។ ដូច្នេះ ក្រៅពី​គុណប្រយោជន៍​របស់​កាំរស្មីX តើ​វា​អាច​ប៉ះពាល់​យ៉ាង​ដូចម្ដេច​ខ្លះ​ទៅលើ​សុខភាព​របស់​មនុស្ស ?

មុន​នឹង​ស្វែងយល់​ពី​កាំរស្មីX យើង​គួរ​តែ​រំលឹក​ដល់​អ្នក​ដែល​បាន​រួម​ចំណែក​ជំរុញ​ការ​លូតលាស់​ទៅ​មុខ​របស់​មនុស្សជាតិ ដែល​សំដៅ​ទៅលើ​អ្នក​ដែល​បាន​រក​ឃើញ​កាំរស្មីX​នេះ​ឯង។ ជា​សាស្ត្រាចារ្យ​សញ្ជាតិ​អាល្លឺម៉ង់​មួយ​រូប Wilhelm Conrad Röentgen បាន​រក​ឃើញ​កាំរស្មីX​នៅ​ពេល​លោក​មាន​វ័យ​៥០​ឆ្នាំ ដែល​កាំរស្មី​មួយ​នេះ​ក៏​មាន​គេ​ស្គាល់​មុន​ពេល​នោះ​ប្រហែល​១០០​ឆ្នាំ​ហើយ​ដែរ គ្រាន់តែ​ពុំ​មាន​ការ​សិក្សា​ស៊ីជម្រៅ​ពិត​ប្រាកដ​ទៅលើ​មុន​លោក Röentgen វា​នៅ​ឡើយ។ ៦​ឆ្នាំ​ក្រោយ របក​គំហើញ​មួយ​នេះ​របស់​លោក​បាន​តបស្នង​នូវ​សមិទ្ធផល​ជា​ពានរង្វាន់​ណូបែល​ផ្នែក​រូបវិទ្យា​ក្នុង​ឆ្នាំ​១៩០១។

ដើម្បី​អាច​បង្កើត​ជា​រូបភាព​ឲ្យ​អ្នក​ឃើញ​ពី​គ្រោងឆ្អឹង​ខាង​ក្នុង​របស់​អ្នក​បាន វា​ត្រូវការ​បញ្ចេញ​នូវ​ថាមពល​វិទ្យុសកម្ម​កម្រិត​ខ្ពស់ ដែល​ចេញ​មក​ពី​ដែន​ម៉ាញេទិច​អគ្គិសនី​បង្កើត​ដោយ​កាំរស្មីX។ នៅ​ពេល​បរិមាណ​ថាមពល​ដ៏​ច្រើន​នេះ​ជ្រាប​ចូល​ទៅ​ក្នុង​ផ្នែក​តូចៗ​នៅ​ក្នុង​រាងកាយ​របស់​អ្នក កម្លាំង​របស់​វា​នឹង​ផ្ដាច់​អេឡិចត្រុង​មួយ​ចំនួន​ចេញ​ពី​អាតូម​របស់​វា ជាហេតុ​នាំឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​លក្ខណៈ​គីមី​និង​បំបែក​ចំណង​សម្ពន្ធ​គីមី​របស់​វា។ ប្រសិន​ជា​បរិមាណ​របស់​វា​មាន​ច្រើន​ហួស​កម្រិត វា​នឹង​បំផ្លាញ​កោសិកា​ក្នុង​រាងកាយ​របស់​អ្នក។ លទ្ធផល​គឺជា​មហារីក ដុះ​ដុំ​សាច់​មហារីក និង​បម្រែបម្រួល​ទម្រង់​នៃ​ហ្សែន។

កាំរស្មីX​អាច​បង្ក​ជា​ហានិភ័យ​ពី​ជំងឺ​មហារីក ហើយ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​យក​ទៅ​សម្លាប់​កោសិកា​មហារីក​ទាំងនោះ​ដែរ។ កាំរស្មីX​ដែល​បាញ់​តម្រង់​ទៅ​សម្លាប់​កោសិកា​ចង្រៃ ក្នុង​ទម្រង់​ជា​បាច់​ពន្លឺ វា​មិន​អាច​ចៀស​ផុត​នោះ​ឡើយ​ដែល​កោសិកា​ល្អ​នៅ​ក្បែរ​នោះ​ក៏​ត្រូវ​ទទួល​រង​ខូចខាត​ដែរ​នោះ។ យ៉ាងណាមិញ តិច​ឬ​ច្រើន​ជា​អ្វី​ដែល​គ្រូពេទ្យ​អាច​ចៀស​បាន។

ការ​ប្រើប្រាស់​កាំរស្មីX​ដើម្បី​ឆ្លុះ​មើល​ផ្នែក​ខាងក្នុង​របស់​អ្នក​ជំងឺ​ក៏​ជា​ចម្លើយ​ឆ្លើយ​ទៅ​កាន់​មូលហេតុ​នៃ​ការ​កើត​ឡើង​នូវ​ជំងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម នៅ​ពេល​កោសិកា​ឈាម​ក្រហម​រង​ឥទ្ធិពល​ពី​កាំរស្មីX បើ​ជា​កោសិកា​ឈាម​ស​វិញ អ្នក​នឹង​ងាយ​ទទួល​រងគ្រោះ​ពី​ជំងឺ​សូម្បី​តែ​តូចតាច​បំផុត និង​មេរោគ​ចម្លង​ផង​ដែរ។ មួយ​វិញ​ទៀត នៅ​ពេល​កាំរស្មីX​ធ្វើឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​កោសិកា​ហើយ ប្រព័ន្ធ​បង្ក​កំណើត​របស់​អ្នក​ក៏​អាច​ប៉ះ​ទង្គិច ដែល​ជា​លទ្ធផល​នាំ​ទៅ​រក​ការ​គ្មាន​កូន។ ម្យ៉ាងទៀត ផល​នៃ​ការ​ស្រូប​យក​កាំរស្មីX​ទៅ​ក្នុង​រាងកាយ​ក៏​បង្ក​ជា​ជ្រុះ​សក់ និង​ជាលិកា​ស្បែក​ឡើង​ក្រហម។

ទោះជាយ៉ាងណាក៏ដោយ កាំរស្មីX​ចំពោះ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​តែ​ដើរ​តួ​យ៉ាង​សំខាន់​មិន​អាច​ខ្វះ​បាន សម្រាប់​ដំណើរការណ៍​ព្យាបាល​ដ៏​ត្រឹមត្រូវ​និង​មាន​ប្រសិទ្ធភាព។ ប៉ុន្តែ​គុណវិបត្តិ​របស់​វា​គួរ​តែ​អាច​ដាស់តឿន​ដល់​អ្នក​នូវ​រាល់​ការ​សម្រេច​ចិត្ត​នានា​ដែល​ពាក់ព័ន្ធ​នឹង​ដំណើរការណ៍​ទទួល​យក​កាំរស្មីX មិន​ថា​ជា​ការ​ឆ្លុះ​ពិនិត្យ​ព្យាបាល​ជំងឺ ឬ​ការ​ព្យាបាល​ធ្មេញ ឬ​សូម្បី​តែ​ពេល​ពិនិត្យ​មើល​រាងកាយ​អ្នក​ធ្វើ​ដំណើរ​ក្នុង​អាកាសយានដ្ឋាន​នោះ​ឡើយ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ livescience & ehow

X
5s