ចំណុច៤យ៉ាងអំពីស្វីស ដែលជាប្រទេសដែលពិបាកវាយលុកបំផុតនៅលើពិភពលោក​



អស់​រយៈកាល​ជាច្រើន​សតវត្ស​កន្លង​មក​ហើយ ស្វីស​គឺជា​ប្រទេស​ដ៏​មាន​ស្ថិរភាព​មួយ​ដែល​មិន​ធ្លាប់​ចូល​ពាក់ព័ន្ធ​នឹង​សង្គ្រាម​ភ្នក់​ភ្លើង​ដូច​បណ្ដា​ប្រទេស​មហាអំណាច​ជិត​ខាង​ដទៃ​ទៀត​នោះ​ឡើយ។ កង​កម្លាំង​យោធា​ការពារ​ជាតិ​ដ៏​រឹងមាំ​បាន​ធ្វើឲ្យ​ស្វីស​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រទេស​មួយ​ដែល​ពិបាក​នឹង​វាយលុក​បំផុត។ ទោះជាយ៉ាងណាក៏ដោយ ចំណុច​៤យ៉ាង​ខាងក្រោម​គឺជា​លក្ខណៈ​មាន​ប្រៀប​របស់​ស្វីស​លើ​ប្រទេស​ដទៃ។

១) គុណភាព​ជីវិត​មាន​ខ្ពស់

បើ​អ្នក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្វីស អ្នក​នឹង​សង្កេត​ឃើញ​ថា​សូម្បី​តែ​អ្នក​សុំ​ទាន​អត់​អាហារ​ម្នាក់​ក៏​រក​មិន​មាន​ដែរ។ ប្រជាជន​របស់​ពួកគេ​មាន​ចំណូល​ប្រចាំ​ខែ​ខ្ពស់ មិន​ថា​តែ​អ្នក​បម្រើ​នៅ​តាម​ភោជនីយដ្ឋាន​នោះ​ទេ យ៉ាងហោចណាស់​ក្នុង​១​ម៉ោង​ក៏​អាច​ទទួល​បាន​ប្រាក់​២០CHF ដែល​មាន​តម្លៃ​ប្រមាណ​២០​ដុល្លារ​អាមេរិក​ដែរ ស្រប​ពេល​ដែល​ថ្លៃ​ពន្ធ​ក៏​មាន​តម្លៃ​ទាប​ដែរ។

២) តុល្យភាព​ជីវិត​និង​ការងារ

ប្រជាជន​ស្វីស​មិន​ធ្វើការ​នៅ​ពេល​ល្ងាច និង​ថ្ងៃ​ចុង​សប្ដាហ៍​នោះ​ឡើយ ឯ​នៅ​តាម​ហាង​លក់​ទំនិញ​ក៏​ដូច​គ្នា​ដែរ លើកលែង​តែ​នៅ​តាម​បារ​ដែល​បើក​នៅ​ថ្ងៃ​ធម្មតា​ដល់​ម៉ោង​៧​យប់ បិទ​ម៉ោង​៤​ល្ងាច​នៅ​ថ្ងៃ​សៅរ៍ និង​បិទ​ពេញ​មួយ​ថ្ងៃ​អាទិត្យ​តែ​ម្ដង។ ម្យ៉ាងទៀត ពួកគេ​ក៏​ជា​អ្នក​គិតគូរ​ពី​សុខភាព​របស់​ខ្លួន​ដែរ ដូច្នេះ​ហើយ​អ្នក​នឹង​ឃើញ​ថា​ប្រជាជន​ពួកគេ​តែង​ធ្វើ​លំហាត់​ប្រាណ និង​លេង​កីឡា​ជា​ប្រចាំ​ថ្ងៃ។

៣) ប្រព័ន្ធ​អប់រំ​ដែល​ធូរ​ថ្លៃ​បំផុត

បើ​ទោះ​ជា​សាកលវិទ្យាល័យ​ល្បី​ឈ្មោះ​ជាងគេ​ក្នុង​ស្វីស​ក៏​ដោយ ក្នុង​១​ឆមាស​អ្នក​អាច​នឹង​ត្រូវ​ចំណាយ​ត្រឹមតែ​៥០០CHF ដែល​អាច​មាន​តម្លៃ​ជាង​៥០០​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។ រីឯ​ថ្នាក់​អនុបណ្ឌិត និង​សូម្បី​តែ​ថ្នាក់​បណ្ឌិត​ក៏​មិន​ខុស​គ្នា​ដែរ។

៤) បរិស្ថាន​ល្អ​និង​ខ្យល់​អាកាស​បរិសុទ្ធ៖ បរិស្ថាន​ល្អ​អាច​ទៅ​រួច​បាន ដោយសារ​តែ​ពួកគេ​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់​នោះ​ទេ បើ​ទោះ​ជា​សីតុណ្ហភាព​ឡើង​ក្ដៅ​រហូត​ដល់​ទៅ​៣២​អង្សា​ក៏​ដោយ ក៏​អ្នក​នឹង​ឃើញ​ថា​ពួកគេ​គ្រាន់តែ​ប្រើប្រាស់​កង្ហារ​មិន​ថា​នៅ​ផ្ទះ​ឬ​នៅ​តាម​កន្លែង​ធ្វើការ​នោះ​ទេ។ ម្យ៉ាងទៀត ស្មារតី​គិតគូរ​ពី​បរិស្ថាន​របស់​ពួកគេ ក៏​អាច​ឲ្យ​អ្នក​ផឹក​ទឹក​ពី​បំពង់​ទឹក​ដែល​ដាក់​នៅ​តាម​ទី​សាធារណៈ​ដោយ​គ្មាន​ការ​ភ័យ​ព្រួយ​អ្វី​ដល់​សុខភាព​នោះ​ដែរ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ businessinsider

X
5s