បញ្ហាជីវិត២យ៉ាងដែលអ្នកមិនគួរព្យាយាមត្រួតត្រាទៅលើនរណាម្នាក់ឡើយ
មនុស្សមួយ គំនិតមួយ។ មនុស្សរាល់គ្នាមានទស្សនៈចេញពីជ្រុងផ្សេងគ្នា ទៅលើរូបភាពតែមួយ។ នរណាក៏ដោយក៏សុទ្ធតែមានគោលដៅដូចគ្នាក្នុងការចង់បានជីវិតដ៏ល្អប្រសើរ ប៉ុន្តែអ្វីដែលខុសគ្នានោះគឺជាការយល់ឃើញទៅលើការសម្រេចនូវគោលដៅនោះយ៉ាងដូចម្ដេច មានន័យថាដើម្បីសម្រេចគោលដៅដូចគ្នានៅក្នុងជីវិតនេះ មនុស្សម្នាក់ៗជ្រើសផ្លូវដើរផ្សេងគ្នា ដែលបុគ្គលរៀងៗខ្លួនយល់ថាត្រឹមត្រូវសម្រាប់ពួកគេ។ យ៉ាងណាមិញ មនុស្សម្នាក់ៗមិនអាចសម្លឹងបានសព្វគ្រប់ជ្រុងជ្រោយទាំងអស់នោះទេ ហេតុនេះនាំឲ្យមានការសម្រេចចិត្តខ្លះក៏ត្រូវ ខ្លះក៏ខុស។
ជាការពិតណាស់ ចំពោះតក្កវិជ្ជាសកលលោកដែល ២+៣=៥ តែក្នុងជីវិតពិតជាក់ស្ដែងពុំមែនបែបនេះទេ។ បើគំនិតអ្នកត្រូវ គំនិតអ្នកដទៃក៏អាចមានឱកាសត្រូវដូចគ្នាដែរ។ ចំណុចនេះគឺជាអ្វីដែលអ្នកគួរភ្ញាក់រលឹកដាស់សតិដឹងខ្លួនជាប្រចាំនៅរាល់ពេលចង់ផ្លាស់ប្ដូរអ្នកដទៃ។ គោលបំណងដែលចង់ផ្លាស់ប្ដូរនរណាម្នាក់ ក៏ដើម្បីចង់ឲ្យគេល្អ ប៉ុន្តែបើគេមិនធ្វើតាមហើយអ្នកបែរជាខឹង នោះវាក៏មិនខុសគ្នាដែលអ្នកគ្រាន់តែចង់ឲ្យគេគោរពអ្នក ស្ដាប់តាមបញ្ជាអ្នក ដោយការពិតមិនមែនដើម្បីគេល្អនោះទេ។
បើអ្នកចង់ឲ្យគេល្អពិត អ្វីដែលអ្នកគួរធ្វើក្នុងនាមជាមនុស្សយកចិត្តទុកដាក់និងគោរពគេ នោះគឺជាការផ្ដល់ដំបូន្មាន និងហេតុផលរបស់អ្នក បន្ទាប់មកទុកឲ្យគេជាអ្នកកាច់ចង្កូតដោយខ្លួនឯង។ បើអ្នកមិនអាចទប់ចិត្តខឹងក្រោធរបស់អ្នកបានទេ ដែលដូចគ្នានឹងអត្ថន័យថាអ្នកមិនអាចគ្រប់គ្រងចិត្តខ្លួនឯងបាន តើអ្នកចង់គ្រប់គ្រងនិងផ្លាស់ប្ដូរចិត្តអ្នកដទៃនេះទៅរួចដែរទេ ? មានរឿងមួយចំនួនដែលអ្នកមិនគួរសោះឡើយទៅចង់ផ្លាស់ប្ដូរអ្នកដទៃ ក្នុងនោះមាន៖
១) បញ្ហាផ្ទៃក្នុងគ្រួសារ៖ បញ្ហាក្នុងគ្រួសារគឺជារឿងផ្ទៃក្នុងមួយ ដែលអ្នកជាមនុស្សក្រៅ មិនបានទទួលអារម្មណ៍ដោយផ្ទាល់ថាធាតុពិតវាយ៉ាងដូចម្ដេច ដោយគ្រាន់តែបានឃើញសើៗពីសម្បកក្រៅ ឬបានឮបុគ្គលក្នុងគ្រួសារដែលជាមនុស្សជិតស្និទ្ធនឹងអ្នកនិយាយប្រាប់ វាមិនដូចគ្នានោះទេ ដែលវាជារឿងមួយដែលអ្នកមិនគួរទៅលូកដៃចេះដឹងរឿងប្រភេទនេះច្រើនពេក ហើយចង់ឲ្យគេធ្វើបែបនេះ ឬបែបនោះតាមចិត្តអ្នកនោះឡើយ។ អ្នកគួរតែអង្គុយស្ដាប់ពួកគេរៀបរាប់បញ្ហាទាំងនោះឲ្យធូរចិត្ត ហើយនិយាយលើកទឹកចិត្ត និងនៅក្បែរគេទៅជាការប្រសើរបំផុតហើយ។
២) ទម្លាប់មិនល្អរបស់ពួកគេ៖ មិនមែនថាឃើញមិនត្រឹមត្រូវហើយ មិននិយាយដើម្បីឲ្យគេកែប្រែជាមនុស្សមានទម្លាប់ល្អនោះទេ តែវាគួរតែចេញពីខាងក្នុងចិត្តរបស់ពួកគេវិញ មិនមែនមកពីខាងក្រៅដើម្បីគ្រាន់តែបំពេញចិត្តអ្នកនោះទេ។ នរណាក៏មានទម្លាប់មិនល្អដែលគួរជម្រុះចោលដែរ រួមទាំងអ្នកផងដែរ។ ប៉ុន្តែពាក្យថាទម្លាប់ វាជាសកម្មភាពដែលចាក់ឫសជាយូរកន្លងមកនៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់មនុស្សដែលធ្វើឲ្យសាំុទៅហើយ ដូច្នេះបើអ្នកបណ្ដោយតាមអារម្មណ៍ឆេវឆាវ មើលឃើញបានខ្លី ចង់ឲ្យសម្ដីអ្នកទទួលបានផលឲ្យគេផ្លាស់ប្ដូរភ្លាមៗ នោះអ្នកមិនត្រឹមតែមិនអាចផ្លាស់ប្ដូរគេបាននោះទេ អ្នកខ្លួនឯងក៏បំផ្លាញក្ដីសុខខ្លួនឯង និងរាលដាលដល់ទំនាក់ទំនងរវាងអ្នកនិងគេទៀតផង៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ thoughtcatalog