ប្រើវិធីទាំងនេះ ធានាថាទឹកមាត់អ្នកនឹងប្រៃ និយាយអ្វីគឺគេឆាប់ជឿស៊ប់
ការនិយាយឲ្យគេជឿគឺមិនមែនជាការនិយាយបញ្ឆោតអ្វីមួយទៅកាន់នរណាម្នាក់ទេ។ វាគ្រាន់តែជាការ និយាយអ្វីមួយឲ្យអ្នកដទៃ មកស្ដាប់អ្នក ដើរតាមអ្នក និងស្របតាមអ្នកប៉ុណ្ណោះ។ នេះគឺជាវិធីដែលអាចជួយឲ្យសម្ដីអ្នកកាន់តែមានឥទ្ធិពលលើគេឯង៖
១) «ត្រូវដឹងថាអ្នកកំពុងនិយាយជាមួយអ្នកណា?» ៖ តាមពិតទៅ សម្ដីនិយាយទៅកាន់ក្មេងវ័យជំទង់គឺខុសគ្នាទៅនឹងកូនក្មេងតូចៗ ។ ហេតុផលនិងព័ត៌មានដែលពួកគេអាចទទួលយកបានគឺមានលក្ខណៈខុសគ្នា។ អ្វីដែលសំខាន់ជាងនេះទៀតអ្នកត្រូវដឹងថា ក្មេងៗ ត្រូវការអ្វីខ្លះក្នុងការលើកទឹកចិត្តពួកគេ។
២)« និយាយពីអ្វីដែលពួកគេចាប់អារម្មណ៍លើ»៖ មនុស្សចូលចិត្តស្ដាប់តែអ្វីដែលពួកគេចាប់អារម្មណ៍លើប៉ុណ្ណោះ។ បើអ្នក និយាយរឿងអ្វីមួយដែលមានតែអ្នកប៉ុណ្ណោះចូលចិត្តស្ដាប់ ហើយនិយាយទៅឲ្យគេស្ដាប់ដែរ តើអ្នករំពឹងថាគេចូលចិត្តតាមអ្នក ដែរឬអត់?
៣) « ពេលគេស្ដាប់អ្នកហើយតើគេបានប្រយោជន៍អ្វី?» ៖ មនុស្សមួយចំនួនមិនសូវជាចង់ស្ដាប់ពាក្យសម្ដីដែលមិនទាក់ទងនឹងខ្លួនគេនោះទេ។ តើបើរឿងនោះទាក់ទងខ្លួនគេ ហើយជាពិសេសពួកគេអាចទទួលបានប្រយោជន៍ពីវាថែមទៀត ដូចនេះពួកគេនឹងយកចិត្តទុកដាក់ស្ដាប់អ្នកនិយាយជាមិនខាន។
៤) «និយាយអ្វីក៏ដោយឲ្យគេស្រួលស្ដាប់ហើយចាប់ន័យបាន» ៖ គំនិតមួយ តែមានរបៀបនៃការនិយាយចេញមកខុសៗគ្នា។ ហេតុនេះ បើអ្នកចង់និយាយអ្វីចេញមក អ្នកត្រូវប្រើរបៀបនិយាយយ៉ាងណាឲ្យគេស្រួលស្ដាប់ ក្នុងនោះអ្នកត្រូវឆ្លើយសំណួរ អ្វីទៅ? នរណាគេ? ហេតុអ្វី? ពេលណា? តាមណា? ជាដើម៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ Mensxp.com