ចំណុចខ្លាំង៣យ៉ាងរបស់មនុស្សមិនចូលចិត្តនិយាយស្ដី ដែលមិនមនុស្សភាគច្រើនគិតថាជា «ភាពកម្សោយ»ទៅវិញ
សៀវភៅដែលលក់ដាច់ជាងគេមួយរបស់អាមេរិក ដែលមានចំណងជើងថា «Quiet: The Power of Introverts in a World That Can't Stop Talking" របស់អ្នកនិពន្ធសញ្ជាតិអាមេរិកលោកស្រី Susan Cain បានសរសេរនៅក្នុងអត្ថបទចេញផ្សាយមួយរបស់ The New York Times ដូច្នេះថា៖ «ភាពអៀនប្រៀន និងភាពស្ងៀមស្ងាត់មិនចូលចិត្តនិយាយច្រើន (Introversion) ទទួលបានកិត្តិយសទាបដូចគ្នានៅក្នុងពិភពលោកមួយដែលលើកតម្កើងភាពសកម្ម (Extroversion) នៅក្នុងសង្គម។
នៅក្នុងសង្គមមួយនេះ ពួកយើងតែងចង់បានសកម្មភាពជាជាងការសញ្ជឹងគិត ការប្រថុយនឹងហានិភ័យជាជាងការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ការចេះសព្វប្រាកដជាជាងចម្ងល់សង្ស័យ។ ការសិក្សាក៏បានបង្ហាញថា ពួកយើងបានចាត់ថ្នាក់ឲ្យអ្នកនិយាយលឿននិងញឹកញាប់ជាអ្នកដែលមានសមត្ថភាពខ្ពស់ គួរឲ្យចូលចិត្ត ថែមទាំងឆ្លាតវៃជាងអ្នកដែលយឺតផ្សេងទៀត» ។
ទោះជាយ៉ាងណាក៏ដោយ ការចូលចិត្តនេះគ្រាន់តែជាទំនោររបស់សង្គម ក្នុងការយល់ឃើញរបស់មនុស្សភាគច្រើនប៉ុណ្ណោះ ព្រោះអ្នកមិនអាចធ្វើអ្វីល្អបានដោយរំលងពាក្យទូន្មានចាស់បុរាណរបស់ខ្មែរមួយថា «គិតមុនគូរបាននោះឡើយ»។ បើហ៊ាន ទាំងប្រថុយ និង ងងឹតងងល់ ទាំងខុសឆ្គង ចិត្តគំនិតគ្របដណ្ដប់ដោយភាពអំនួត ក៏ពុំមែនជាអ្វីដែលគួរឲ្យសរសើរឡើយ។ បើមនុស្សអាចមើលឃើញភាពល្អនៅក្នុងភាពរហ័សរហួននិងសកម្មក្នុងសង្គមរបស់មនុស្ស ដូច្នេះវាក៏មិនខុសគ្នាដែរ ដែលអត្តចរិតសញ្ជឹងគិត មិនចូលចិត្តចូលរួមសកម្មភាពអ៊ូអរក្នុងសង្គមរបស់មនុស្សមួយចំនួនទៀតដែលសង្គមយល់ថាជាលក្ខណៈខុសពីគេឯងនេះ ក៏មានចំណុចល្អដែលអ្នកទាំងនេះធ្លាប់គិតថាជាភាពទន់ខ្សោយ ដែលតាមពិតជាភាពខ្លាំងទៅវិញ។
១) ពួកគេគឺជាអ្នករិះគិត៖ គាំទ្រដោយការសិក្សាមួយរបស់អ្នកស្រាវជ្រាវពី Stony Brook University និង Southwest University រួមទាំង The Chinese Academy of Sciences ហើយក៏បានចេញផ្សាយកាលពីខែមិនា ទី៤ ឆ្នាំ២០១០ នៅក្នុង The Journal Social Cognitive and Affective Neuroscience បានបង្ហាញថាក្រុមមនុស្សដែលអៀនប្រៀន និងមានអារម្មណ៍ជ្រាលជ្រៅ តែងយកចិត្តទុកដាក់ទៅលើព័ត៌មានលម្អិត ចូលចិត្តចំណាយពេលច្រើនបន្តិចមុននឹងសម្រេចចិត្តអ្វីមួយ ប្រុងប្រយ័ត្នចំពោះទង្វើរបស់ខ្លួន ត្រូវការពេលវេលាច្រើនដើម្បីរិះគិតត្រួតពិនិត្យមកលើខ្លួនឯង ថែមទាំងឆាប់ធុញទ្រាន់ក្នុងការសន្ទនាធម្មតា។ បច្ចេកវិទ្យាទំនើបគឺជារូបភាពអូសទាញមួយ ដែលឲ្យតម្លៃលើភាពរហ័សរហួនជ្រុលហួស រហូតដល់ពេលខ្លះមិនបានចំណាយពេលខ្លះមកគិតថាអ្វីដែលខ្លួនកំពុងតែព្យាយាមរុលទៅមុខនោះ កំពុងនៅលើផ្លូវត្រឹមត្រូវឬអត់ ក៏ព្រោះតែភាគច្រើនគឺមនុស្សសកម្មទាំងងងឹតងងល់នេះឯង។ ម្យ៉ាងទៀត តើបច្ចេកវិទ្យាជឿនលឿនទាំងនេះពុំមែនជាផលិតផលនៃគំនិតច្នៃប្រឌិត ការសញ្ជឹងគិត និងសង្កេតទេឬ ?
២) ពួកគេគឺជាអ្នកស្ដាប់ដ៏ល្អ៖ ធម្មជាតិបង្កើតយើងឲ្យមានត្រចៀកពីរ ហើយមាត់តែមួយក៏ព្រោះតែហេតុផលបែបនេះហើយ។ មនុស្សយើងគួរតែស្ដាប់ច្រើនជាងនិយាយ។ ប៉ុន្តែសង្គមបច្ចុប្បន្នមិនគិតបែបនេះទេ ពួកគេឲ្យតម្លៃតែអ្នកណាដែលពូកែវោហារលេងពាក្យសម្ដីប៉ុណ្ណោះ។ ដូចសង្ឃដីការបស់សម្ដេចសង្ឃ Dalai Lama ពោលថា៖ "នៅពេលអ្នកនិយាយ អ្នកគ្រាន់តែត្រាប់តាមឡើងវិញនូវអ្វីដែលអ្នកបានដឹងរួចមកហើយប៉ុណ្ណោះ។ តែបើអ្នកស្ដាប់វិញ អ្នកប្រហែលជាអាចរៀនសូត្រអ្វីថ្មីមិនខាន។" ។ ការស្ដាប់ក៏ជាការផ្ដល់តម្លៃមួយដល់ភាគីសន្ទនា ដែលអាចបង្កើតចំណងមិត្តភាពល្អនិងទាក់ទាញតែមនុស្សត្រូវមករកពួកគេដែរ។
៣) ពួកគេតែងខ្វាយខ្វល់ពីអ្វីដែលអ្នកដទៃគិតមកលើខ្លួន៖ នេះអាចនាំមកនូវលទ្ធផលល្អ តែក៏អាចលទ្ធផលអវិជ្ជមានដែរ អាស្រ័យទៅលើរបៀបដែលអ្នកគិត។ បើអ្នកចេះខ្វល់ពីអ្វីដែលអ្នកដទៃគិតមកលើខ្លួន ហើយកែប្រែផ្លាស់ប្ដូរទម្លាប់មិនល្អចោល នោះការគិតនេះនឹងនាំទៅរកផលល្អមកអ្នក។ ផ្ទុយទៅវិញ បើអ្នកគិតជ្រុលហួសហេតុ ពឹងផ្អែកលើអ្នកដទៃខ្លាំងពេក រហូតមិនអាចម្ចាស់ការសម្រេចចិត្តខ្លួនឯងថាអ្វីត្រឹមត្រូវសម្រាប់ខ្លួន វានឹងក្លាយជាឥទ្ធិពលអវិជ្ជមានមកលើអ្នកវិញ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ huffingtonpost & livescience