ប្រសិន​ជា​អ្នក​មិន​ទាន់​​រក​ឃើញ​គោលដៅ​ក្នុង​ជីវិត​​ទេ ចូរ​សាកល្បង​អនុវត្ត​ចំណុច​ខាង​ក្រោម​នេះ​



មាន​ថ្ងៃ​ខ្លះ ស្រាប់​តែ​ពេល​អ្នក​ងើប​​ពី​គេង អ្នក​មាន​អារម្មណ៍​ថា​ជីវិត​ដូច​ជា​គ្មាន​ន័យ​ទាល់​តែ​សោះ អ្នក​មិន​ដឹង​ថា​អ្នក​​ត្រូវ​ងើប​ឡើង​ដើម្បី​អ្វី ងើប​ឡើង​ដើម្បី​ធ្វើ​អ្វី អ្នក​គ្មាន​គោលដៅ​ដែល​ត្រូវ​បំពេញ​ ក៏​ប៉ុន្តែ ចូរ​កុំ​បន្ទោស​ខ្លួន​ឯង​អី វា​​​ជា​រឿង​ធម្មតា​នោះ​ទេ។ តែ​ ប្រសិន​ជា​អ្នក​រក​ឃើញ​គោលដៅ​ក្នុង​ជីវិត​ហើយ អ្នក​នឹង​មាន​អារម្មណ៍​ថាជីវិត​ពិត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់។ ខាង​ក្រោម​នេះ​​​ជា​ចំណុច​ដែល​អាច​ជួយ​អ្នក​​រក​គោលដៅ​ក្នុង​ជីវិត​បាន៖

១) ស្តាប់​​បេះដូង​របស់​អ្នក៖ ​ជា​ការ​ពិត​ណាស់ អ្នក​នឹង​​មាន​អារម្មណ៍​ថា​​មិន​សប្បាយ​ប្រសិន​ជា​អ្នក​ធ្វើ​​អ្វី​ដែល​ផ្ទុយ​ពី​ចិត្ត​របស់​អ្នក​ពី​ព្រោះ​ថា​​វា​ប្រៀប​បាន​ដូច​ជា​អ្នក​កំពុង​តែ​​បង្ខំ​ខ្លួន​ឯង​ឲ្យ​ចូល​ចិត្ត​វា​អ៊ីចឹង​​។ ដូច្នេះ​ហើយ​ ចូរ​សួរ​ខ្លួន​ឯង​តើ​អ្នក​ចូល​ចិត្ត​អ្វី​ហើយ​ធ្វើ​វា​ឲ្យ​បាន​ល្អ​​។

២) យក​អនុស្សាវរីយ​​ធំ​ជាង​លុយ៖ ​លុយ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ជីវិត ប៉ុន្តែ​ចូរ​កុំ​ភ្លេច​រស់​នៅ​ដោយ​សប្បាយ​ចិត្ត។ អ្នក​គួរ​តែ​លៃលក​ពេលវេលា​ខ្លះ​ទៅ​ធ្វើ​អ្វី​ដែល​អ្នក​ចូល​ចិត្ត ចង់​សម្រេច​ ​ឬ​ចង់​សាកល្បង។ កុំ​រស់​ដើម្បី​ធ្វើការ កុំ​ចំណាយ​ពេល​វេលា​ច្រើន​ពេកទៅ​លើ​ការងារ​ដោយ​ភ្លេច​រីករាយ​នឹង​ជីវិត​ដែល​អ្នក​មាន។

៣) កសាង​​ទំនាក់​ទំនង​៖ អ្នក​អាច​នឹង​មាន​លុយ មាន​ឡាន មាន​ផ្ទះ មាន​ទូរស័ព្ទ​ទំនើប​ៗ​ មាន​លុយ​ដើរ​លេង។ល។ ប៉ុន្តែ ទាំង​អស់​នេះ​នឹង​​មិន​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​បាន​យូរ​អង្វែង​នោះ​ទេ​ពី​ព្រោះ​ថា​ប្រសិន​ជា​អ្នក​គ្មាន​មិត្តភ័ក្ដិ​ឬ​គ្រួសារ​នៅ​ក្បែរ​ អ្នក​ប្រៀប​បាន​ដូច​ជា​រស់​នៅ​ក្នុង​ពិភពលោក​ដែល​គ្មាន​មនុស្ស​អ៊ីចឹង អ្នក​នឹង​មាន​អារម្មណ៍​ថា​ឯកា​​ជា​ខ្លាំង​។

៤) ឲ្យ​ត្រលប់​ទៅ​វិញ៖ ទោះ​បី​ជា​វា​មាន​សារៈសំខាន់​ដែល​អ្នក​ត្រូវ​គិត​ពី​ខ្លួន​ឯង តែ​វា​កាន់​តែ​សំខាន់​ប្រសិន​ជា​អ្នក​អាច​គិត​ដល់​ប្រយោជន៍​អ្នក​ដទៃ​ផង​ដែរ។ ប្រសិន​ជា​អ្នក​អាច​ជួយ​អ្នក​ដទៃ​តាម​រយៈ ការងារ​ឬ​សេវាកម្ម​របស់​អ្នក អ្នក​នឹង​មាន​អារម្មណ៍​ថាអ្នក​ពិត​ជា​បាន​សម្រេច​​និង​ជោគជ័យ​ពិត​ប្រាកដ​ក្នុង​ឆាក​ជីវិត​មួយ​នេះ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ addicted2success.com​​

X
5s