​បើ​មាន​ចំណុច​ទាំង​នេះ​ មាន​ន័យ​ថា អ្នក​​កំពុង​ប្រមាថ​ជីវិត​ខ្លួន​ឯង​​



ជីវិត​របស់​មនុស្ស​គឺ​ពិត​ជា​ មាន​តម្លៃ​ខ្លាំង​ណាស់​​ ហើយ​តម្លៃ​របស់​វា​​ គឺ​មិន​មែន​ផ្អែក​​លើ​ការ​​​ផ្ដល់​ពី​អ្នកដទៃ​​នោះ​ទេ​ ពោល​គឺ​​វា​អាស្រ័យ​លើ​អំពើ​របស់​អ្នក​ផ្ទាល់​តែ​ម្ដង​។ ​​មនុស្ស​មួយ​ចំនួន​មិន​បាន​ដឹង​ខ្លួន​ទេ​ថា ខ្លួន​ឯង​កំពុង​តែ​​មើល​ងាយ​ជីវិត​ ឬ ​ប្រមាថ​ជីវិត​របស់​ខ្លួន​ឯង​​ ដោយ​មិន​ដឹង​ខ្លួន​ ​ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​​ជីវិត​​របស់​ពួកគេ​​រក​មិន​ឃើញ​ពន្លឺ​​ដូច​គេ​។ ខាង​ក្រោម​នេះ​ ជា​សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា ​អ្នក​កំពុង​ប្រមាថ​ជីវិត​របស់​ខ្លួន​ឯង​៖

១) ​​ ​​​គិត​ថា​ ខ្លួន​ឯង​អន់​​ពេក​៖ ​គ្មាន​​នរណា​ម្នាក់​​អាច​​ឲ្យ​តម្លៃ​អ្នក​បាន​​​ឡើយ​ បើ​សូម្បី​តែ​ខ្លួន​អ្នក​​គិត​ថា ​ខ្លួន​ឯង​អន់​ និង គ្មាន​​តម្លៃ​។ ​ ​​​​អ្នក​ត្រូវ​​គិត​ថា ​ខ្លួន​ឯង​ជា​មនុស្ស​ម្នាក់​ដែល​​មានតម្លៃ ​ហើយ​​តម្លៃ​​ទាំង​នោះ នឹង​ស្ដែង​ចេញ​​ឡើង​តាមរយៈ​​សកម្មភាព​ការងារ​ ដូច្នេះ​ហើយ​ ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​ខិតខំ​បំពេញ​ការងារ​ខ្លាំង​ មិនមែនអង្គុយទន្ទេញតែពាក្យ«ខ្លួនខ្ញុំអន់»នោះទេ។​

២) ​ចូលចិត្ត​ប្រៀបធៀប​ខ្លួន​ឯង​ជា​មួយ​អ្នក​ដទៃ​​​ក្នុង​​ផ្លូវ​អវិជ្ជមាន​ខ្លាំង​ពេក​៖ ​វា​ជា​រឿង​ធម្មតា​ទេ​ ដែល​មនុស្ស​ភាគច្រើន​ចូលចិត្ត​​ប្រៀបធៀប​ខ្លួន​ឯង​ជា​មួយ​អ្នក​ដទៃ​ ​ហើយ​វា​​​ក៏​មិន​មែន​ជា​រឿង​ខុស​ឆ្គង​អ្វី​ឡើយ​។ ​ ប៉ុន្តែ​​ប្រសិន​បើ​អ្នក​ប្រៀបធៀប​ខ្លួន​ឯង​ទៅ​នឹង​អ្នក​ដទៃ​ក្នុង​ផ្លូវ​អវិជ្ជមាន​ខ្លាំង​ពេក ​នោះ​វា​ប្រៀប​ដូច​ជា ទាញ​ខ្លួន​ឯង​​ឲ្យ​ចូល​ក្នុង​ភក់ជ្រាំ​អ៊ីចឹង​។ ការ​ធ្វើបែបនេះ គឺវាគ្មានផលល្អអ្វីឡើយ អ៊ីចឹងហើយបើឈប់បានឈប់ទៅ ។

៣) ​​​មិន​ដែល​ផ្ដល់​រង្វាន់​ដល់​ខ្លួន​ឯង​៖ ​មនុស្ស​ជាច្រើន​ ​​​តែង​ទន្ទឹង​រង់ចាំ​ការ​ផ្ដល់​រង្វាន់​ពី​អ្នកដទៃ​ ប៉ុន្តែ​​គ្មាន​នរណា​ម្នាក់​ គិត​រឿង​ផ្ដល់​រង្វាន់​ដល់​ខ្លួន​ឯង​នោះ​ទេ​ ជា​ពិសេស​នៅ​ពេល​សម្រេច​ការងារ​​ល្អ​ណា​មួយ​។ ​​​ការ​ផ្ដល់​រង្វាន់​​នេះ អាច​ជា​ ពាក្យ​សរសើរ​ចំពោះ​ខ្លួន​ឯង​ ​ការ​ចំណាយ​ពេល​ដើរ​កម្សាន្ត​ ឬ ​​ទទួលទាន​អាហារ​ឆ្ងាញ់​ៗ​ជា​ដើម​ ដើម្បីជាការតបស្នងចំពោះការខិតខំបំពេញការងារកន្លងមក។ ​ដោយសារតែ​​មិន​ដែល​​ផ្ដល់​រង្វាន់​ដល់​ខ្លួន​ឯង​​បែប​នេះ​ហើយ បាន​ជា​​ ​​ខ្លួន​​គ្មាន​កម្លាំង​ចិត្ត ​ឬ ​​អាច​បំពេញការងារ​​​មាន​ប្រសិទ្ធភាព​ជាង​មុន​បាន​​។

៤) ​គិត​ថា ខ្លួន​ឯង​​​​​អាច​មិន​ធ្វើ​បាន​៖ ​​​គ្មាន​នរណា​ម្នាក់​កើត​​មក​ អាច​និមិត​​ទ្រព្យសម្បត្តិ​​ ​ មាសប្រាក់​ ​តួនាទី និង ​សមិទ្ធផល​ការងារ​​ធំៗ​បាន​ឡើយ​ បើ​គ្មាន​ការ​ដុសខាត់​​ ​លត់ដំ​ និង ​ខិតខំ​ប្រឹងប្រែង។ ​​មនុស្ស​ជាច្រើន​តែង​គិត​ថា ខ្លួន​ឯង​​​កើត​មក​ក្នុង​ត្រកូល​អ្នក​ក្រ​ ​ដូច្នេះ​ហើយ​ ​គ្មាន​ឡើយ​ឱកាស​ក្នុង​ការ​ជោគជ័យ​ធំដុំ​​ឲ្យ​ដូច​កូន​អ្នក​មាន​។ បើ​អ្នក​គិត​ថា​នេះ​ វា​ប្រាកដ​ជា​​ក្លាយ​ជា​ការ​ពិត​ ​ព្រោះ​អ្នក​បាន​​នឹង​កំពុង​បិទ​ផ្លូវ​របស់​ខ្លួន​ឯង​បាត់ទៅ​ហើយ​។ តែ​បើ​អ្នក​គិត​ថា ​អ្វីៗ​​ក៏​អាច​ទៅ​រួច​ដែរ​ ដរាប​ណា​អ្នក​មិន​បោះបង់​ ​ហើយ​ខិតខំ​​ឲ្យ​អស់​លទ្ធភាព​ដើម្បី​សម្រេច​វា​​ឲ្យ​បាន​។ ​​​បើ​អ្នក​គិត​ថា ខ្លួន​ឯង​មិន​អាច​ធ្វើ​បាន​បែប​នេះ វា​មាន​ន័យ​ស្មើ​នឹង​​អ្នក​កំពុង​តែ​ប្រមាថ​ជីវិត​របស់​ខ្លួន​ឯង​។

៥) ​មិន​ព្យាយាម​អភិវឌ្ឍ​ខ្លួន​៖ ​ក្នុង​សង្គម​ដ៏​សែន​ប្រកួតប្រជែង​បច្ចុប្បន្ន​ ​ដើម្បី​អាច​ឈរ​នៅ​លើ​ទី​ខ្ពស់​​បាន​ ​វា​ទាមទារ​​ឲ្យ​អ្នក​ ​​ត្រូវ​តែ​ជា​មនុស្ស​ដែល​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​ និង ​មាន​ជំនាញ​ច្បាស់លាស់​ ​​​ដោយ​មិន​មែន​កំណត់​ត្រឹម​តែ​សញ្ញាប័ត្រ​នោះ​ទេ​ តែ​វា​មាន​លើស​ពី​​នេះ​។ ​មនុស្ស​មួយ​ចំនួន​មិន​ដែល​ខិតខំ​​អភិវឌ្ឍ​ខ្លួន​អ្វី​នោះ​ទេ​ ពោល​គឺ​​ ​​ចំណេះដឹង​ក៏​ខ្សោយ​ ការ​គិត​ក៏​អន់​ ​ការ​ទំនាក់ទំនង​ក៏​មិន​ដឹង​នៅ​ឯណា​​ ​ហើយ​ការ​តាំងចិត្ត​ក្នុង​ការ​បំពេញ​ការងារ​ក៏​រឹតតែ​ហៅ​​លែង​ឮ​។ ​អ្នក​ទាំង​នេះ​ ​មួយ​ថ្ងៃ​ៗ​គិត​តែ​ពី​រអ៊ូ​ថា ​​ខ្លួន​​មិន​ជោគជ័យ​អ្វី​ឡើយ​ ព្រោះ​តែ​អ្នកនេះ​អ្នក​នោះ​​ តែ​មិន​ដែល​បន្ទោស​ដល់​ខ្លួន​ឯង​សោះ។

៦) ​មិន​ដែល​​ថែទាំ​សុខភាព​៖ ​សុខភាព​ គឺ​ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត​​របស់​មនុស្ស​ម្នាក់ៗ​។ ប៉ុន្តែ​មនុស្ស​ភាគច្រើន​មិន​សូវ​ខ្វល់​នោះ​ទេ​ ​ជា​ពិសេស​ពេល​ខ្លួន​នៅ​ក្មេង​ ឬ​​ ​មាន​កម្លាំង​។ បើ​ធ្វើការ​វិញ ​គឺ​សឹង​តែ​ធ្វើ​ការ​រក​ពេល​សម្រាក​គ្មាន ​ហើយ​​បើ​ផឹកស៊ី​វិញ គឺ​សឹង​លិច​ថ្លើម​។ ​ទទួល​ទាន​សាច់​ច្រើន​ ​មិន​ដែល​ហាត់ប្រាណ​​ ​​​​​ហើយ​មិន​ចូលចិត្ត​បន្លែ​​ ​​ហើយ​ពេល​ខ្លះ​ធ្វើ​ការ​ហួស​កម្រិត​​។

ប្រការ​នេះ​ទាំង​នេះ នឹង​ធ្វើ​​ឲ្យ​មនុស្ស​ភាគច្រើន​មាន​ការ​ស្ដាយ​ក្រោយ​នៅ​ពេល​អនាគត​ ជា​ពិសេស​ពេល​ខ្លួន​ចាស់​បន្តិច​ ​​ព្រោះ​ជំងឺ​​រាប់​រយ​មុខ​ នឹង​​ចាំ​ស្វាគមន៍​ទាំង​យប់​ទាំង​ថ្ងៃ ​​ប្រឹង​គេច​ក៏​គេច​មិន​ផុត​ ​ប្រឹង​យក​​​លុយ​ទៅ​សូកប៉ាន់​​ក៏​ជួយ​មិន​បាន​​ ដូច​ឃ្លា​​សម្ដេច​សង្ឃ​ទីបេ​ធ្លាប់​បាន​​​លើក​ឡើង​ថា​ ​កាល​ពី​នៅ​ក្មេង​ ខំ​យក​សុខភាព​ដើម្បី​ទិញ​លុយ​ ​តែ​នៅ​ពេល​ចាស់​ទៅ​បែរ​ជា​យក​លុយ​ដែល​រក​​បាន​នោះ​ទៅ​ទិញ​សុខភាព​វិញ​។ ប៉ុន្តែ​ទិញ​មិន​ងាយ​បាន​​ឡើយ​៕

ដោយ​៖ រតនា​ ​វិចិត្រ

X
5s