តើនរណាគឺជាអ្នកនៅពីក្រោយគំនិតនៃការបង្កើតម៉ូទ័រអគ្គិសនី ?
តើនរណាគឺជាអ្នកនៅពីក្រោយគំនិតនៃការបង្កើតម៉ូទ័រអគ្គិសនី ដែលជាម៉ាស៊ីនភ្លើងសម្រាប់បម្លែងថាមពលដែលមាននៅក្នុងទឹកដែលមានចលនា ឲ្យទៅជាថាមពលអគ្គិសនីប្រើប្រាស់នៅទូទាំងពិភពលោកយើងនេះ ?
នៅក្នុងឆ្នាំ១៧៩១ ក្មេងប្រុស Michael Faraday បានចាប់កំណើតឡើងនៅក្នុងត្រកូលគ្រួសារដែលមានជីវភាពក្រីក្រមួយនៃប្រទេសអង់គ្លេស។ ថ្វីត្បិតតែកត្តាជីវភាពខ្វះខាតបានរារាំងដំណើរជីវិតសិក្សារៀនសូត្រក្នុងសាលាឲ្យបានខ្ពង់ខ្ពស់ក៏ដោយ រយៈពេលក្រោយមកនៃការបោះជំហានថ្មីនៅក្នុងជីវិតជាយុវវ័យរបស់ខ្លួន លោកបានចូលបម្រើការជាអ្នកហាត់ការនៅកន្លែងកិបសៀវភៅមួយ ដែលជាទីចាប់ផ្ដើមនៃការផ្លាស់ប្ដូរជីវិតលោកចូលទៅក្នុងការសិក្សាស្រាវជ្រាវរករបកគំហើញវិទ្យាសាស្ត្រនាពេលក្រោយមក។
ការបម្រើការនៅកន្លែងកិបសៀវភៅ បានផ្ដល់ឱកាសដល់លោកក្នុងការចិញ្ចឹមចិត្តស្រឡាញ់ចំពោះចំណេះដឹងពាក់ព័ន្ធនឹងអគ្គិសនីតាមរយៈសៀវភៅល្បីៗជាច្រើនដែលយកមកកិប។ រហូតដល់មានថ្ងៃមួយមកដល់ លោកត្រូវបានគេឲ្យសំបុត្រចូលរួមការបង្រៀនមេរៀនវិទ្យាសាស្ត្ររបស់លោក Humphry Davy នៅក្នុង The Royal Institution ហើយដោយការយកចិត្តទុកដាក់នៅក្នុងការសិក្សារបស់លោកនៅក្នុងការបង្រៀន វាបាននាំមកនូវការងារជាជំនួយការផ្នែកគីមីរបស់លោក Davy នៅឆ្នាំ១៨១៣។
នៅពេលសមត្ថភាពនិងចំណេះដឹងរបស់លោកចេះតែវិវត្តរីកចម្រើនឡើងទៅ នៅក្នុងឆ្នាំ១៨២៥លោកក៏ទទួលបានការតែងតាំងជាប្រធានដឹកនាំការពិសោធន៍របស់ The Royal Institution និងជាបុគ្គលដំបូងដែលទទួលបានតំណែងដ៏មានកិត្តិយសជា The Fullerian Professor of Chemistry នៅឆ្នាំ១៨៣៣។ រយៈកាលទសវត្សរ៍ឆ្នាំ១៨២០នេះគឺជាដំណាក់កាលដែលលោកចាប់ផ្ដើមមានសកម្មភាពច្រើនជាអ្នកវិភាគនិងអនុវត្តគីមីវិទ្យាមួយរូប ជាពិសេសគឺជាការពិសោធន៍បម្លែងឧស្ម័នឲ្យទៅជាទឹកដូចជា ក្លរ និងកាបូនឌីអុកស៊ីតជាដើម ហើយក៏បានក្លាយជាមនុស្សដំបូងដែលបានរកឃើញឧស្ម័នបង់ហ្សែននិងអ៊ីដ្រូកាបួដទៃទៀតនៅឆ្នាំ១៨២៥ រួមនឹងការពិសោធន៍ទាក់ទងនឹងកែវយឹតផងដែរ។
សមិទ្ធផលដ៏សំខាន់បំផុតរបស់លោកនៅក្នុងផ្នែកអគ្គិសនីនិងអគ្គិសនីគីមី ដែលលោកបានបម្លែងកម្លាំងម៉ាញេទិចទៅជាកម្លាំងអគ្គិសនី ដែលរបកគំហើញនេះហើយនាំលោកទៅបង្កើតបានជាម៉ូទ័រអគ្គិសនីដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិក្នុងឆ្នាំ១៨៣១។ មិនយូរប៉ុន្មានបន្ទាប់ពីការបង្កើតនេះពីរឆ្នាំ គីមីវិទូរូបនេះបានរួមដៃគ្នាជាមួយលោក William Whewell ធ្វើការទៅលើការបង្កើតពាក្យសម្រាប់ប្រើប្រាស់បកស្រាយបាតុភូតអគ្គិសនីគីមីដោយយកមូលដ្ឋានទៅលើពាក្យក្រិក ដូចដែលយើងបានសិក្សាជួបប្រទះជាញឹកញាប់ដូចជា អ៊ីយ៉ុង អេឡិចត្រូតជាដើម។ អ្វីដែលជាស្នាដៃសំខាន់លើសពីនេះទៅទៀត ដែលបានបន្សល់ទុកជាមូលដ្ឋានសម្រាប់អ្នកវិទ្យាសាស្ត្រសម័យក្រោយយកទៅសិក្សាស្រាវជ្រាវបន្តនោះគឺជាច្បាប់ពីរនៃអគ្គិសនីវិភាគ។
ចំណែកឯអំឡុងទសវត្សឆ្នាំ១៨៤០វិញ លោកបានប្ដូរការចាប់អារម្មណ៍របស់ខ្លួនទៅសិក្សាស្រាវជ្រាវស៊ីជម្រៅទៅលើទំនាក់ទំនងរវាងពន្លឺនិងម៉ាញេទិច រហូតបង្កើតបានជាទ្រឹស្ដីអេឡិចត្រូម៉ាញេទិចដ៏សំខាន់មួយដែលជាមូលដ្ឋានសម្រាប់អ្នកគណិតសាស្ត្រ លោក James Clerk Maxwell យកទៅបង្កើតជាសមីការអេឡិចត្រូម៉ាញេទិចក្នុងទសវត្សឆ្នាំ១៨៥០និង៦០៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ rigb & chemheritage