កូនសោសម្ងាត់៤យ៉ាង ដើម្បីបើកយកកំណប់មហាសាលនៃជំនួញ ពី សេដ្ឋីអាមេរិកលោក Adam Cheyer
លោក Adam Cheyer គឺជាស្ថាបនិកSiri និង Viv Labs ដែលជាកម្មវិធីទូរស័ព្ទដ៏ល្បី ហើយត្រូវបានក្រុមហ៊ុនយក្សធំៗទិញយកក្នុងតម្លៃរាប់លានដុល្លារ ក្នុងនោះមានទាំងក្រុមហ៊ុនApple និង Samsung។ តាមរយៈការលក់ក្រុមហ៊ុន និង គម្រោងជាច្រើនដែលខ្លួនបានបង្កើតនោះ បានធ្វើឲ្យលោក មានលុយរាប់លានដុល្លារក្នុងដៃ។ ខាងក្រោមនេះ គឺជា កូនសោសម្ងាត់៤យ៉ាងរបស់ Adam Cheyer ក្នុងការបើកសោកំណប់នៃជំនួញ៖
១) គំនិតដ៏មហិមា៖ បើចង់រកស៊ីជោគជ័យ យើងមិនត្រូវគិតអ្វីដែលតូចៗនោះ ពោលគឺត្រូវគិតឲ្យធំ សម្លឹងឲ្យឆ្ងាយ ហើយត្រូវដាក់មហិច្ឆតាឲ្យសម្បើម។ មហិច្ឆតាពាសមេឃនេះហើយ ដែលធ្វើឲ្យខិតខំ ដើម្បីសម្រេចវាឲ្យបាន ហើយបើទោះបីជាមិនដល់អ្វីដែលចង់បាន វាក៏ធំសមល្មមដែលធ្វើឲ្យយើងនេះ ជោគជ័យជាងអ្នកដទៃដែរ។
២) ជ្រើសរើសក្រុមត្រូវ៖ ដើម្បីធ្វើជំនួញមួយឲ្យជោគជ័យ យើងមិនអាចទៅធ្វើវាតែម្នាក់ឯងនោះទេ ទោះបីជាអ្នកពូកែយ៉ាងណាក៏ដោយ។ ក្នុងដំណាក់កាលនេះ វាជៀសមិនផុតដែលត្រូវការកម្លាំងមនុស្សមកជួយ ហើយត្រូវចាំដែរថា មនុស្សខ្លះមកដើម្បីផ្តល់ការចម្រុងចម្រើនដល់អ្នក តែអ្នកខ្លះវិញ គឺមកដើម្បីបំផ្លាញ់អ្នក (ទាំងក្នុងន័យចេតនា និង អចេតនា)។ អ៊ីចឹងហើយ ត្រូវប្រាកដថា អ្នកមានក្រុមការងារមួយដែលល្អ ទើបរុញច្រានឲ្យគម្រោងរបស់អ្នកជោគជ័យ។
៣) មានការវិនិយោគពីអ្នកដទៃ៖ ត្រូវចាំថាផែនការ និង គម្រោងអាជីវកម្មដ៏អស្ចារ្យមួយ ក៏ទាមទារឲ្យមានការចំណាយច្រើនផងដែរ ដូច្នេះហើយហិរញ្ញវត្ថុរបស់អ្នកពិតជាមិនអាចគ្រប់គ្រាន់នោះឡើយ អ៊ីចឹងហើយត្រូវធ្វើយ៉ាងណាអូសទាញអ្នកវិនិយោគ ឲ្យចូលរួមឲ្យបាន។ ហិរញ្ញវត្ថុគឺជាដង្ហើមខ្វះមិនបាន សម្រាប់អាជីវកម្មរបស់អ្នក។
៤) ការគ្រប់គ្រងដ៏ល្អបំផុត៖ ការគ្រប់គ្រងអាជីវកម្មមួយ គឺមិនមែនជារឿងងាយនោះឡើយ ព្រោះមានរឿងជាច្រើននឹងកើតឡើង ហើយវាទាមទារឲ្យមានការសម្រេចចិត្តយ៉ាងត្រឹមត្រូវ និង ច្បាស់លាស់បំផុត។ អ៊ីចឹងហើយ អ្នកត្រូវប្រាកដខ្លួនឯងចំពោះអ្វីដែលបានកើតឡើង ហើយមានព័ត៌មានគ្រប់ជ្រុងជ្រោយមុនពេលសម្រេចចិត្តអ្វីមួយ ហើយបើអ្នកយល់ថា វាពិតជារឿងត្រឹមត្រូវហើយ គឺត្រូវតែធ្វើវា (សូមកុំធ្វើជាមនុស្សត្រចៀកសឲ្យសោះ) ៕
ដោយ៖ រតនា វិចិត្រ