តើអ្វីទៅជាប្រកាសនីយបត្រតក្កកម្ម (Patent)?
ប្រកាសនីយបត្រតក្កកម្ម គឺជាវិញ្ញាបនបត្រដែលបានផ្តល់ដើម្បីការពារតក្កកម្ម (ការបង្កើតថ្មី)។ ពាក្យថា “តក្កកម្ម” គឺសំដៅដល់គំនិតបង្កើតថ្មីរបស់តក្កករ (អ្នកបង្កើតថ្មី) ដែលអាចយកទៅអនុវត្តបាន នៅក្នុងដំណោះស្រាយបញ្ហាជាក់លាក់ណាមួយក្នុងវិស័យបច្ចេកវិទ្យា។ តក្កកម្ម អាចជាការរកឃើញផលិតផល ឬ ដំណើរការផលិតកម្ម ឬ អាចជាការរកឃើញអ្វីមួយដែលទាក់ទងទៅនឹងផលិតផល ឬដំណើរការផលិតកម្ម។ តក្កកម្មខាងក្រោមនេះ មិនត្រូវបានការពារដោយប្រកាសនីយបត្រតក្កកម្មឡើយៈ
១. ការរកឃើញទ្រឹស្តីវិទ្យាសាស្ត្រ និង វិធីសាស្ត្រគណិតវិទ្យា ២. គម្រោងការ ក្បួន ឬ វិធីសាស្ត្រសម្រាប់ធ្វើជំនួញ សម្រាប់ធ្វើសកម្មភាពហ្វឹកហ្វឺនខាងប្រាជ្ញាសុទ្ធសាធ ឬ សម្រាប់លេងល្បែងកំសាន្ត ៣. វិធីសាស្ត្រសម្រាប់ព្យាបាលមនុស្ស ឬសត្វ ដោយការវះកាត់ ឬដោយការព្យាបាល ក៏ដូចជាវិធីសាស្ត្រ វិនិច្ឆ័យរោគដែលបានអនុវត្តលើរាងកាយមនុស្ស ឬ សត្វ។ បទប្បញ្ញតិ្តនេះមិនយកមកអនុវត្តចំពោះ ផលិតផលទាំងឡាយដែលយកមកប្រើប្រាស់ក្នុងវិធីសាស្ត្រខាងលើនេះទេ ៤. ផលិតផលឱសថដូចមានចែងក្នុងមាត្រា ១៣៦ នៃច្បាប់ ៥. រុក្ខជាតិ ឬ សត្វដែលមិនមែនជាមីក្រូសរីរាង្គ និងដំណើរការកកើត តាមលក្ខណៈជីវសាស្ត្រសំខាន់ៗ សម្រាប់ផលិតកម្មរុក្ខជាតិ ឬសត្វ ៦. ប្រភេទផ្សេងៗនៃពូជរក្ខជាតិណាមួយ។ តក្កកម្មទាំងឡាយណាដែលការធ្វើអាជីវកម្មពាណិជ្ជកម្មនៅក្នុង ព្រះរាជាណាចក្រកម្ពុជា៖ • ផ្ទុយនឹងសណ្តាប់ធ្នាប់សធារណៈ ឬ សីលធម៌ ឬ • មិនការពារជីវិត ឬសុខភាពរបស់មនុស្ស សត្វ ឬរុក្ខជាតិ ឬ • ធ្វើឱ្យខូចបរិស្ថានធ្ងន់ធ្ងរ ឬ • ត្រូវបានហាមឃាត់ច្បាប់ក្នុងការផ្តល់ប្រកាសនីយបត្រតក្កកម្ម។
ខាងក្រោមនេះ គឺជាល័ក្ខខ័ណ្ឌដែលតក្កកម្មអាចទទួលបាននូវប្រកាសនីយបត្រតក្កកម្ម៖
១. ថ្មី ២. មានជំហានរកឃើញថ្មី និង ៣. អាចយកទៅអនុវត្តបាននៅក្នុងវិស័យឧស្សាហកម្ម។ ថ្មី តក្កកម្មដែលអាចចាត់ទុកថាថ្មីបាន លុះត្រាតែតក្កកម្មនោះពុំទាន់មានអ្នកណាបានរកឃើញពីមុន ។ ការរក ឃើញពីមុន គឺសំដៅទៅលើតក្កកម្មដែលសាធារណជននៅកន្លែងណាមួយនៅលើពិភពលោកបានដឹងមុនកាល បរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំ ឬ កាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំនោះ តាមរយៈការផ្សព្វផ្សាយ ដោយប្រើរូបភាពជាក់ស្តែង ឬ ដោយផ្ទាល់មាត់ តាមរយៈការប្រើប្រាស់តក្កកម្មនោះ ឬ តាមរយៈមធ្យោបាយ ផ្សព្វផ្សាយផ្សេងៗទៀត ។
មិនត្រូវចាត់ទុកថាជាការដឹងដល់សាធារណជន ចំពោះករណីដូចខាងក្រោម ៖ ក. ការដឹងដល់សាធារណជននូវតក្កកម្ម ដែលបានកើតឡើងក្នុងអំឡុងពេលដប់ពីរ(១២)ខែ មុនកាល បរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំ ឬ កាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំនោះ ។ ខ. ការធ្វើឱ្យលេចឮខ្ទរខ្ទារនូវពត៌មានស្តីអំពីតក្កកម្ម តាមរយៈអ្នកដាក់ពាក្យសុំ តាមរយៈអ្នកស្នងរបស់បុព្វ ជន ឬ តាមរយៈការរំលោភរបស់ភាគីទីបីទៅលើអ្នកដាក់ពាក្យសុំ ឬ អ្នកស្នងរបស់បុព្វជនដែលបណ្តាល ឱ្យលេចឮខ្ទរខ្ទារពត៌មាននេះ ។
ជំហានរកឃើញថ្មី តក្កកម្មត្រូវចាត់ទុកថាមានជំហានរកឃើញថ្មី ប្រសិនបើតក្កកម្មនោះមិនអាចឱ្យបុគ្គលណាដែលមានកម្រិត ធម្មតាក្នុងជំនាញយល់ដឹងបាន ។
អាចអនុវត្តបាននៅក្នុងវិស័យឧស្សាហកម្ម តក្កកម្មមួយត្រូវចាត់ទុកថាអាចអនុវត្តបាននៅក្នុងវិស័យឧស្សាហកម្ម ប្រសិនបើតក្កកម្មនោះអាចត្រូវបាន ផលិត ឬត្រូវបានប្រើប្រាស់នៅក្នុងប្រភេទណាមួយនៃឧស្សាហកម្មបាន ។
សិទ្ធិដែលទទួលបានតាមរយៈប្រកាសនីយបត្រតក្កកម្ម ការធ្វើអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា នូវតក្កកម្មដែលបានទទួលប្រកាសនីយបត្រតក្កកម្មរួច ហើយដោយបុគ្គលដទៃទៀត ចាំបាច់ត្រូវតែមានការយល់ព្រមពីម្ចាស់ប្រកាសនីយបត្រតក្កកម្មនោះ។
ការធ្វើអាជីវកម្មនៃតក្កកម្មដែលបានទទួលប្រកាសនីយបត្រតក្កកម្មរួចហើយ គឺមានន័យថាជាសកម្មភាព ណាមួយនៃសកម្មភាពទាំងឡាយខាងក្រោមនេះ ៖ ១. ចំពោះផលិតផលមួយ ដែលបានផ្តល់ជូននូវប្រកាសនីយបត្រតក្កកម្មរួចហើយ ការធ្វើអាជីវកម្មគឺជា ៖ ក-ការផលិត ការនាំចូល ការផ្គត់ផ្គង់សម្រាប់ការលក់ និងការប្រើប្រាស់ផលិតផលនោះ ខ-ការស្តុកទុកផលិតផលនោះ ក្នុងគោលបំណងផ្គត់ផ្គង់ សម្រាប់លក់ ឬប្រើប្រាស់។ ២. ចំពោះដំណើរការផលិតកម្មមួយ ដែលបានផ្តល់ជូននូវប្រកាសនីយបត្រតក្កកម្មរួចហើយ ការធ្វើអាជីវ កម្មគឺជា ៖ ក-ការប្រើប្រាស់ដំណើរការផលិតកម្មនោះ ខ-ការធ្វើសកម្មភាពណាមួយនៃសកម្មភាពទាំងឡាយដូចមានចែងក្នុងចំណុច “ក” និង “ខ” នៃ ចំណុច ទី ១ លើផលិតផលដែលទទួលបានដោយផ្ទាល់ពីមធ្យោបាយនៃដំណើរការផលិតកម្មនោះ ។
រយៈពេលការពារ ប្រកាសនីយបត្រតក្កកម្ម មានសុពលភាពរយៈពេលម្ភៃ(២០)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជីនៃការ ស្នើសុំប្រកាសនីយបត្រតក្កកម្ម៕
ដោយ៖ ប៉ុម ទូច
ប្រភព៖ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម