​មូលហេតុ​ ៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​​



ក្រុមហ៊ុន​នីមួយៗ​អាច​ដំណើរការ​ទៅ​បាន​យ៉ាង​ល្អ ​គឺ​អាស្រ័យ​លើ​ការ​រៀបចំ​យុទ្ធសាស្ត្រ​របស់​អ្នក​គ្រប់គ្រង​ និង ​ការ​ខិតខំ​ប្រឹងប្រែង​របស់​បុគ្គលិក​ផង​ដែរ​​។ ប៉ុន្តែ​អ្វី​ដែល​ក្រុមហ៊ុន​នីមួយៗ​តែង​ជួប​ប្រទះ​នោះ​ គឺ​ចរន្ត​ចេញ​ចូល​របស់​បុគ្គលិក​មិន​ថេរ​។ ​មាន​ន័យ​ថា ​បុគ្គលិក​តែងតែ​លាឈប់​ពី​ការងារ​ដោយសារ​ ហេតុ​ផល​ផ្សេងៗ​ ដែល​ប្រការ​នេះ​​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ពិត​​មិន​ងាយ​ក្នុង​ការ​ដំណើរ​ការ​ដោយ​រលូន​នោះ​ទេ​​ ព្រោះ​ថា​ទម្រាំ​អាច​រក​បុគ្គលិក​ថ្មី​បាន​ ហើយ​ទម្រាំ​តែ​​​បុគ្គលិក​ថ្មី​យល់​ពី​ការងារ​ គឺ​ត្រូវ​ប្រើ​ពេល​យូរ​ទៅ​ទៀត​​។​​

មាន​ហេតុ​ផល​ជាច្រើន​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​សម្រេច​ចិត្ត​​លាឈប់​ពី​ក្រុមហ៊ុន​​មិន​ចេះ​ចប់​៖ ​

១) ​ប្រាក់ខែ​៖

ជា​ធម្មតា​ទេ​ ​មនុស្ស​គ្រប់រូប​​ដែល​សម្រេច​ចិត្ត​ចូល​ធ្វើ​ការ​នៅ​​កន្លែង​ណា​មួយ​នោះ គឺ​តែង​រំពឹង​ថា នឹង​ទទួល​បាន​ប្រាក់ខែ​សមរម្យ​ ឬ ខ្ពស់​​ដើម្បី​ទ្រទ្រង់​ការរស់នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ ក៏​ដូច​ជា​គ្រួសារ​។ ​​នៅ​ពេល​ពួកគេ​បាន​ខិតខំ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​​​ផ្តល់​ប្រាក់ខែ​សមស្រប​​ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ទេ​ ​នោះ​នឹង​ធ្វើ​ឲ្យ​បុគ្គលិក​ព្យាយាម​សម្លឹង​មើល​ការងារ​នៅ​ក្រុមហ៊ុន​ផ្សេង​ទៀត​​ ​ហើយ​ពួកគេ​នឹង​ចាក់ចេញ​នៅ​ពេល​មាន​ឱកាស​។ ​ដូច្នេះ​ហើយ​ ក្រុមហ៊ុន​គួរតែ​គិតគូរ​អំពី​ចំណុច​នេះ ជាពិសេស​ចំពោះ​បុគ្គលិក​ដែល​មាន​ការ​ខិតខំ​ខ្ពស់​ដើម្បី​ការងារ​។

២) ​​ប្រធាន​ពូកែ​​ត្រួតត្រា

​​ជា​ទូទៅ ​បើ​ទោះ​បី​ជា​មាន​ប្រាក់​ខែ​ខ្ពស់​ក្តី​ ប៉ុន្តែ​បើ​បុគ្គលិក​ធ្វើការ​ក្រោម​បង្គាប់​ ប្រធាន​ដែល​ពូកែ​ខាង​ត្រួត​ត្រា​នោះ​​វា​នឹង​បង្ក​ឲ្យ​មាន​ភាព​មិន​ចុះសម្រុង​គ្នា​នៅ​កន្លែង​ការងារ​។ ​ប្រធាន​មួយ​ចំនួន​ គ្មាន​ភាព​ជា​អ្នក​ដឹកនាំ​ទេ​ ប៉ុន្តែ​គឺ​ ខ្លាំង​តែ​ខាង​ត្រួតត្រា​ និង បញ្ជា​​​តែ​បុគ្គលិក​តែម្តង​ ​ពោល​គឺ​គ្មាន​សិល្បៈ​ក្នុង​ការ​ដឹកនាំ​នោះ​ទេ​។ ប្រការ​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ពួកគេ​ មាន​អារម្មណ៍​ថា​ មាន​សម្ពាធ​ខ្លាំង​ក្នុង​ការ​ធ្វើ​ការ​ ហើយ​មិន​យូរ​មិន​ឆាប់​ ​បុគ្គលិក​ដែល​មាន​សមត្ថភាព​នឹង​មិន​បន្តការងារ​​ទៀត​ឡើយ​។​ ​ដើម្បី​បញ្ចៀស​បញ្ហា​នេះ ប្រធាន​គ្រប់​រូប​មិន​គួរ​ប្រកាន់​យក​អាកប្បកិរិយា​អវិជ្ជមាន​បែបនេះ​ហើយ ពោល​គឺ​​គួរតែ​ចេះ​ធ្វើ​យ៉ាង​ណា​ឲ្យ​បុគ្គលិក​មាន​អារម្មណ៍​ថា ​​​ស្និទ្ធស្នាល​ និង ​ជា​ប្រធាន​ដែល​មាន​សមត្ថភាព​​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​។​​​​​

៣) ខ្វះ​ការ​លើក​ទឹក​ចិត្ត​ពី​ថ្នាក់​លើ​ និង ក្រុម​ហ៊ុន

​បុគ្គលិក​ខ្លះ​ គឺ​ពិតជា​មាន​សមត្ថភាព ​ហើយ​ពួកគេ​បាន​ខិតខំ​ និង យកចិត្តទុកដាក់​លើ​ការងារ​មែនទែន​ ប៉ុន្តែ​​នៅ​ពេល​ដែល​ពួកគេ​បាន​សម្រេច​ការងារ​ជាច្រើន តែ​ខ្វះ​ការ​​លើក​ទឹកចិត្ត​ពី​​ថ្នាក់លើ​ ក៏ដូចជា​ក្រុមហ៊ុន​នោះ​​ ​លុះដល់​ពេល​យូរៗ​ទៅ​អ្នក​ទាំង​នោះ​នឹង​មាន​អារម្មណ៍​ថា ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ គឺ​​គ្មាន​ប្រយោជន៍​អ្វី​​។ ការ​​ធ្វើ​ការ​ក្នុង​ស្ថានភាព​បែបនេះ​យូរៗ​ទៅ​ នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​​ថា នឿយហត់​ ហើយ​បែរ​គិត​ចង់​ផ្លាស់​ប្ដូរ​កន្លែង​ការងារ​វិញ​ម្តង​។ សូម​កុំ​កំណាញ់​ចំពោះ​ការ​លើក​ទឹក​ចិត្ត​លើ​បុគ្គលិក​ដែល​បាន​សាង​ស្នាដៃ​ ព្រោះ​វា​មិន​ខាតបង់​អ្វី​នោះ​ទេ​។​​

៤) ​ខ្វះ​ការ​ផ្តល់​តម្លៃ​ពី​ថ្នាក់​លើ៖ ​​​​​​​

បុគ្គលិក​មួយ​ចំនួន​​តែង​ព្យាយាម​ ស្វែងរក​គំនិត​ល្អៗ​ដើម្បី​​បង្ហាញ​ទៅ​ដល់​ក្រុម​ការងារ​ និង​ ​ថ្នាក់​លើ​ ប៉ុន្តែ​អ្វីៗ​ដែល​ពួកគេ​បាន​ខិតខំ​នោះ​ មិន​ត្រូវ​បាន​ថ្នាក់​លើ​​យក​ទៅ​ពិចារណា​ ឬ ស្តាប់​ហេតុ​ផល​ឲ្យ​បាន​ច្បាស់​សិន​នោះ​ទេ​។​ លើស​ពី​នេះ​ទៀត​ ​ប្រធាន​មួយ​ចំនួន​​ហាក់​ចាត់​ទុក​ខ្លួនឯង​ជា​ មនុស្ស​អស្ចារ្យ​​​​ហើយ​មិន​ផ្តល់​តម្លៃ​ច្រើន​លើ​បុគ្គលិក​របស់​ខ្លួន​ទេ​។ ​​ប្រការ​នេះ​ នឹង​ធ្វើ​ឲ្យ​​បុគ្គលិក​​ទាំង​នោះ​ មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ​នៅ​ក្នុង​ក្រុមហ៊ុន​ ហើយ​គិត​ចង់​​​ឈប់​ពី​ការងារ​ប្រសិនបើ​អាច​។​

៥) ខ្វះ​ការ​អធ្យាស្រ័យ​ពី​ក្រុមហ៊ុន​ ឬ ថ្នាក់លើ​

​​​គ្មាន​មនុស្ស​ណា​ដែល​​ល្អ​គ្រប់​ដប់​នោះ​ទេ​ ពោល​គឺ​ វា​ជា​រឿង​ដែល​ជៀស​មិន​ផុត​ ពី​ការ​សាង​កំហុស​។ ​ពេល​ខ្លះ​​បុគ្គលិក​បាន​ព្យាយាម​អស់​ពី​លទ្ធភាព​ហើយ ប៉ុន្តែ​នៅ​តែ​មាន​ចន្លោះប្រហោង​​កើត​ឡើង​ ដែល​ចំណុច​នេះ​​ ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ ឬ​ថ្នាក់​លើ​របស់​ពួកគេ​បើក​វេទិកា​ស្តី​បន្ទោស​តែម្តង។​ ​​​ជា​ការ​ពិត​ណាស់​ នៅ​ពេល​បុគ្គលិក​ណា​មួយ​សាង​កំហុស​ វា​ត្រូវ​តែ​មាន​ការ​ណែនាំ​ និង កែតម្រូវ​ ប៉ុន្តែ​​ត្រូវ​ធ្វើ​ឡើង​​ក្នុង​ន័យ​ស្ថាបនា​ ពោល​គឺ​មិន​មែន​ស្តី​បន្ទោស​គ្មាន​ដឹង​ក្បាល​កន្ទុយ​នោះ​ទេ។ ​ការ​ស្តី​បន្ទោស​បែប​​នេះ​​ គឺ​មិន​អាច​ជួយ​កែប្រែ​ស្ថាន​ភាព​បាន​​នោះ​ទេ​ ប៉ុន្តែ​វា​​​ធ្វើ​ឲ្យ​អ្វីៗ​​កាន់​តែ​អាក្រក់​ឡើងៗ​ថែម​ទៀត​ ​ហើយ​នៅ​ទី​បំផុត​ បុគ្គលិក​​ខ្លះ​អាច​នឹង​សម្រេច​ចិត្ត​ចាក់​ចេញ​៕ ​​​

ដោយ​៖ អ៊ុន ភក្តី​

X
5s