វិធីសាស្ត្រ៣យ៉ាង បកស្រាយទៅលើមូលហេតុនៃធម្មជាតិអំពីការសុបិនរបស់មនុស្ស​



ហេតុអ្វី​បាន​ជា​មនុស្ស​សុបិន ? ដោយសារ​តែ​យល់​ថា​នេះ​គឺជា​ដំណើរការណ៍​ធម្មជាតិ​របស់​មនុស្ស ដូច្នេះ​ហើយ​ចម្ងល់​នេះ​ហាក់​ដូចជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​យើង។ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​មិន​បញ្ឈប់​ត្រឹម​នេះ​នោះ​ទេ ក៏​ព្រោះ​តែ​អ្វី​ដែល​បង្ហាញ​ឲ្យ​ឃើញ​ជា​ផល វា​តែងតែ​បង្កប់​នូវ​ហេតុ​ដែល​បង្ក​វា​ឡើង​មក​មក​ជាមួយ​គ្នា​ដែរ។ យ៉ាងណាមិញ រឿងរ៉ាវ​ដែល​កើតឡើង​បន្ត​បន្ទាប់​គ្នា​ប្រៀប​ដូចជា​រឿង​និទាន​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក អំឡុង​ពេល​អ្នក​បាន​គេង​លង់លក់​ទៅ​ហើយ​នេះ ក៏​មិន​ខុស​គ្នា​ដែរ​ដែល​មាន​ហេតុ​ភ្ជាប់​មក​ជាមួយ​ថា​តើ​អ្វី​ទៅ​ធ្វើឲ្យ​មនុស្ស​អាច​សុបិន។

អ្វី​ដែល​ជា​ឧបសគ្គ​នៃ​ការ​សិក្សា​រក​ដើម​ហេតុ​នៃ​ការ​សុបិន ប្រៀប​ដូចជា​ការ​សិក្សា​នៅ​ក្នុង​ពិភព​ងងឹត​មួយ ដែល​មិន​អាច​ដឹង​បាន​នៅ​ក្នុង​កម្រិត​សតិ​សម្បជញ្ញៈ​របស់​មនុស្ស។ អាថ៌កំបាំង​មួយ​នេះ​នៅ​ក្នុង​ធម្មជាតិ​របស់​មនុស្ស បាន​ឆក់​យក​ចំណាប់​អារម្មណ៍​អ្នក​ចិត្តសាស្ត្រ​និង​អ្នក​វិទ្យាសាស្ត្រ​ជាច្រើន​ឆ្នាំ​កន្លង​មក រហូត​មាន​លេច​ឡើង​នូវ​វិធីសាស្ត្រ​ផ្សេងៗ​គ្នា​ជាច្រើន ដែល​មាន​ទិសដៅ​ដូច​គ្នា​តម្រង់​ទៅ​រក​ការ​បកស្រាយ​ចម្លើយ​ទៅ​នឹង​អ្វី​ដែល​ធ្វើឲ្យ​មនុស្ស​សុបិន ហើយ​ក្នុង​នោះ​ក៏​មាន​វិធីសាស្ត្រ​៣​ដ៏​គួរ​យក​មក​ពិចារណា​ដូច​ខាងក្រោម​នេះ​ផង​ដែរ។

១) Psychodynamic Approach៖ វិធីសាស្ត្រ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​ចិត្តសាស្ត្រ​ជនជាតិ​អូទ្រីស​មួយ​រូប​ក្នុង​ចំណោម​អ្នក​ចិត្តសាស្ត្រ​ដំបូងៗ​ជាច្រើន​ទៀត​ដែល​ធ្វើការ​សិក្សា​ទៅលើ​សុបិន ដែល​ត្រូវ​បាន​គេ​ស្គាល់​ក្នុង​ប្រវត្តិសាស្ត្រ​ជា​បិតា​នៃ​អ្នក​រក​ឃើញ​វិធី​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​របស់​មនុស្ស​ដោយ​ការ​អង្កេត​លើ​ចិត្ត​ឥត​ដឹង​ខ្លួន (unconscious mind) គឺ​លោក Sigmund Freud (១៨៥៦​ដល់​១៩៣៩)

 

ការ​បកស្រាយ​របស់​លោក​គឺ​ផ្ដោត​សំខាន់​ទៅលើ​ផ្នែក​ខាង​ក្នុង​នៃ​ចិត្ត​របស់​មនុស្ស​ក្នុង​ទំនាក់ទំនង​ជាមួយ​សុបិន។ អ្នក​ដែល​គាំទ្រ​វិធីសាស្ត្រPsychodynamic​នេះ​បាន​យល់​ឃើញ​ថា ក្ដី​ប្រាថ្នា​របស់​មនុស្ស​ដែល​បង្កប់​នៅ​ក្នុង​ជម្រៅ​ចិត្ត​ឥត​ដឹង​ខ្លួន ដែល​មនុស្ស​មិន​ទាន់​សម្រេច​បាន​នៅ​ក្នុង​បទពិសោធន៍​ជាក់ស្ដែង​ដោយ​ដឹង​ខ្លួន​របស់​ពួកគេ គឺជា​មូលហេតុ​បណ្ដាល​ឲ្យ​ការ​ចង់​បាន​នេះ​បង្ហាញ​ខ្លួន​ឡើង​ក្នុង​ទម្រង់​ជា​សុបិន​វិញ។

២) Humanistic Approach៖ ដោយឡែក​វិធីសាស្ត្រ​ដែល​មាន​ដើម​កំណើត​ចេញ​មក​ពី​ទ្រឹស្ដី​តាម​ឋានានុក្រម​នៃ​កម្លាំង​ជំរុញ​ចិត្ត​របស់​មនុស្ស (Hierarchical theory of human motivation) ក្នុង​ឆ្នាំ​១៩៤៣​របស់​លោក Abraham Maslow មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​វិធីសាស្ត្រ​របស់​លោក Sigmund Freud ត្រង់​ទំនាក់ទំនង​រវាង​ដំណើរការណ៍​នៃ​ចិត្ត​ខាងក្នុង​របស់​បុគ្គល​ម្នាក់ៗ​និង​សុបិន​របស់​ពួកគេ។

 

 

ប៉ុន្តែ​វិធីសាស្ត្រ​មួយ​នេះ​បាន​លើក​តម្កើង​ពី​តម្លៃ​របស់​មនុស្ស ដែល​សំដៅ​ទៅលើ​បទពិសោធន៍​ផ្ទាល់ខ្លួន​ផ្សេងៗ​គ្នា​របស់​បុគ្គល​ម្នាក់ៗ ដែល​មាន​ឥទ្ធិពល​ទៅលើ​សុបិន ហើយ​បាន​បដិសេធ​ចោល​នូវ​ការ​ពិសោធន៍​តាម​បែប​វិទ្យាសាស្ត្រ​ក្នុង​ការ​បកស្រាយ​ពី​សុបិន​ដែល​ទាញ​ទៅ​រក​ការ​សន្និដ្ឋាន​ជា​លក្ខណៈ​ទូទៅ។ ចំពោះ​សុបិន អ្នក​ដើរ​តាម​វិធីសាស្ត្រHumanistic បកស្រាយ​ថា​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​មនុស្ស​ក្នុង​ការ​លើក​តម្កើង​តម្លៃ​របស់​ខ្លួន​ដោយ​ការ​បង្កើត​រូបភាព​ក្នុង​ទម្រង់​ជា​ការ​ស្រមៃ។

៣) Neuroscience Approach៖ អ្វី​ដែល​ជា​ចំណុច​សំខាន់​នៃ​គំនិត​របស់​អ្នក​ដើរ​តាម​វិធីសាស្ត្រNeuroscience គឺជា​ដំណើរការណ៍​របស់​ជីវសាស្ត្រ ដែល​ជា​ហេតុ​នៃ​សុបិន​របស់​មនុស្ស។ គំនិត​ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​គ្រូពេទ្យ​ឯកទេស​ព្យាបាល​ជំងឺ​ផ្លូវចិត្ត J. Allan Hobson​មួយ​នេះ បាន​ពន្យល់​ថា នៅ​ពេល​ដំណេក​របស់​មនុស្ស​បាន​ឈាន​ចូល​ទៅ​ដល់​ដំណាក់កាល​ខ្ពស់​បំផុត​មួយ​នៅ​ក្នុង​វដ្ដ​នៃ​ដំណេក ដែល​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ហៅថា REM (Rapid Eye Movement) ជា​ដំណាក់កាល​មួយ​ដែល​មនុស្ស​គេង​លង់លក់​ស្កប់ស្កល់​ហើយ និង​ជា​ដំណាក់កាល​មួយ​ដែល​សុបិន​លេចឡើង​ក្នុង​រូបភាព​ច្បាស់ៗ នោះ​REM​នេះ​នឹង​ទៅ​បើក​កកាយ​ឡើង​វិញ​នូវ​ការ​ចងចាំ​ពី​អតីត​ទាំងឡាយ​ណា​ដែល​បាន​កប់​ទុក​ចោល​ជា​យូរ​មក។ ដោយសារ​តែ​ខួរក្បាល​របស់​មនុស្ស​មាន​ហេតុផល​របស់​វា នោះ​វា​ត្រូវ​យក​ការ​ចងចាំ​ទាំងនោះ​មក​បង្កើត​ជា​រឿង​តៗ​គ្នា​ដូច​ដែល​យើង​ទទួល​បទពិសោធន៍​នៅ​ក្នុង​សុបិន​ដូច្នោះ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ owlcation & simplypsychology អត្ថបទទាក់ទង៖ Sigmund Freud បុគ្គល​ដំបូង​គេដែលត្រួសត្រាយ​ផ្លូវ​​​ឆ្ពោះ​ទៅ​កាន់​ការ​ព្យាបាល​អ្នកជំងឺ​ផ្លូវចិត្ត

X
5s