សុភាសិតជប៉ុន៖ «កុំបណ្ដោយឲ្យនរណាម្នាក់ ស៊ីពីលើក្បាលអ្នកឲ្យសោះ»
«កុំបណ្ដោយឲ្យនរណាម្នាក់ ស៊ីពីលើក្បាលអ្នកឲ្យសោះ» ។ នេះជាពាក្យចាស់បុរាណរបស់ជប៉ុន ដែលចង់ទូន្មានដល់កូនចៅរបស់គេ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះមនុស្សដែលចូលចិត្តកេងចំណេញ ឬ កេងប្រវ័ញ្ចយកប្រយោជន៍ពីអ្នកដោយងាយៗឲ្យសោះ។
ការរស់នៅក្នុងសង្គម វាត្រូវតែមានការប្រាស្រ័យទាក់ទងជាមួយគ្នា ព្រោះគ្មាននរណាម្នាក់អាចរស់នៅតែម្នាក់ឯងបានឡើយ។ ប៉ុន្តែក្នុងពេលប្រាស្រ័យទាក់ទងក្នុងសង្គមនេះ ត្រូវប្រាកដថា អ្នកមិនរាប់អានមនុស្សដែលចូលចិត្តកេងប្រវ័ញ្ចពីអ្នក ឬ និយាយពាក្យសាមញ្ញថា «ស៊ីលើក្បាល»។
បើអ្នកមិនគិតដល់ចំណុចនេះទេ អ្នកនឹងក្លាយទៅជាជនរងគ្រោះមិនខាន។ ក្នុងន័យនេះ មិនមែនមានន័យថា យើងត្រូវតែកេងប្រវ័ញ្ចគេនោះទេ តែមានន័យថា មិនត្រូវកេងប្រវ័ញ្ចគេ ហើយក៏មិនឲ្យនរណាម្នាក់មកស៊ីពីលើយើងងាយៗនោះដែរ។
ក្នុងទំនាក់ទំនង ឬ ធ្វើការជាមួយគ្នា បើឲ្យដឹងឲ្យ (បើឃើញគេពិបាកមែន ជួយគេក៏ជូយទៅ) មិនមែនជួយគេទាំងអ្នកទាំងនោះអាចធ្វើខ្លួនឯងបាន ហើយមកអង្គុយសើចពីក្រោយខ្នងថា អ្នកជាមនុស្សល្ងង់នោះទេ៕