ក្នុងមួយឆាកជីវិតនេះ អ្នកនឹងជួបប្រទះមិត្តភ័ក្ដិទាំងអស់នេះ
ក្នុងមួយឆាកជីវិតយើងនេះ យើងមានមិត្តភ័ក្ដិរាប់មិនអស់។ អ្នកខ្លះយើងស្គាល់កាលពីយើងនៅតូច អ្នកខ្លះយើងស្គាល់នៅសាលារៀន ឯអ្នកខ្លះទៀតយើងស្គាល់នៅកន្លែងធ្វើការ។ល។ ខាងក្រោមនេះសុទ្ធតែជាប្រភេទមិត្តភ័ក្ដិដែលយើងរាល់គ្នាអាចនឹងជួបក្នុងឆាកជីវិតយើងនេះ៖
១) មិត្តភ័ក្ដិកាលពីតូច(Childhood friends) ៖ អ្នកប្រហែលជាស្គាល់គ្នាតាំងពីអ្នកទើបតែចាប់ផ្ដើមធំពេញវ័យ អ្នកលេងលោតកៅស៊ូ បាញ់ឃ្លី លេងបិតពួនជាមួយនឹងគ្នា។ល។ ប្រសិនជាអ្នកនៅទាក់ទងជាមួយមិត្តភ័ក្ដិកាលពីតូចរបស់អ្នក នោះអ្នកច្បាស់ជាមានអនុស្សាវរីយជាមួយគ្នាជាច្រើន។
២) មិត្តភ័ក្ដិនៅសាលា៖ ពិតប្រាកដណាស់ យើងរាល់គ្នាសុទ្ធតែស្គាល់មនុស្សជាច្រើនឬបង្កើតមិត្តភាពនៅសាលា។ ប្រសិនជាអ្នកមានសំណាងល្អ អ្នកអាចនឹងមានមិត្តភ័ក្ដិជិតស្និទ្ធមួយដែលអ្នកអាចចែករំលែកនូវរឿងរ៉ាវរបស់អ្នកបាន។ បើទោះបីជាមិត្តភ័ក្ដិនៅសាលាល្អឬមិនល្អ មិត្តភាពដែលអ្នកមាននៅសាលាគឺជាផ្នែកមួយនៃជីវិតវ័យជំទង់របស់អ្នក ហើយវាមានតម្លៃខ្លាំងណាស់ក្នុងជីវិត។
៣) មិត្តភាពក្រោយបែកបាក់ស្នេហា៖ សម្រាប់អ្នកខ្លះ ក្រោយពីចែកផ្លូវគ្នាក្នុងនាមជាដៃគូស្នេហាឬសង្សារហើយ ពួកគាត់សុំគ្នាបន្តធ្វើជាមិត្តភ័ក្ដិ។ ជាការពិតណាស់ វាក៏មិនមែនជារឿងអាក្រក់អ្វីមួយដោយគ្រាន់តែធ្វើជាមិត្តភ័ក្ដិនោះ។ គូសង្សារដែលចែកផ្លូវគ្នាហើយបន្តធ្វើជាមិត្តភ័ក្ដិបញ្ជាក់ថាពួកគេពិតជាធំដឹងក្តីគ្រប់គ្រាន់ហើយចេះគិត។
៤) មិត្តភ័ក្ដិដែលមិនបោះបង់អ្នក៖ មិត្តភាពដែលសំខាន់ជាងគេនិងមនុស្សរាល់គ្នាគួរតែមានគឺមិត្តភ័ក្ដិដែលតែងតែជួយអ្នកឬលើកទឹកចិត្តដល់អ្នកនៅពេលដែលអ្នកជួបបញ្ហា។ វាជារឿងដែលជៀសមិនផុតសោះឡើយដែលមនុស្សម្នាក់ៗតែងតែជួបនូវឧបសគ្គខ្លះក្នុងជីវិត។ មានរឿងខ្លះយើងមិនចង់ចែករំលែកទៅកាន់ក្រុមគ្រួសាររបស់យើងឡើយ ដូច្នេះហើយប្រសិនអ្នកបានជួបនូវមិត្តភ័ក្ដិប្រភេទនេះហើយ ចូរអរគុណគេហើយកុំបោះបង់គេចោលអស់សោះ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ thetalkto.com