តម្រុយជីវិត៣យ៉ាង ពី លោក Mark Cuban មហាសេដ្ឋីអាមេរិក សម្រាប់សិស្សមហាវិទ្យាល័យ
លោក Mark Cuban ជាមហាសេដ្ឋីរបស់អាមេរិកដែលធ្លាប់ឆ្លងកាត់ការលំបាក ជាច្រើនទម្រាំមានថ្ងៃនេះ។ លោកបានចែករំលែកចំណេះដឹងជាច្រើនទៅកាន់យុវជនជំនាន់ក្រោយ ដើម្បីឲ្យពួកគេអាចទទួលបានតម្រុយក្នុងការបន្តនាវាជីវិត។ ខាងក្រោមនេះ ជាមេរៀនជីវិតសំខាន់៣យ៉ាង ដែលដកស្រង់ដោយសារព័ត៌មានCNBC ដើម្បីជាតម្រុយសម្រាប់សិស្សមហាវិទ្យាល័យ៖
១) កុំបញ្ឈប់ការរៀនសូត្រឲ្យសោះ៖ ការរៀនសូត្រមិនមែនមានន័យថា រៀនមេរៀននៅក្នុងសាលា ហើយពេលបញ្ចប់ការសិក្សា និង ទទួលសញ្ញាប័ត្រ ក៏ឈប់រៀនទៀតនោះទេ។ ការរៀនសូត្រ គឺគ្មានដែនកំណត់ឡើយ មិនថានៅសាលា ឬ កន្លែងធ្វើការ ឬ ទីណានោះទេ អ្នកត្រូវតែធ្វើជាមនុស្សដែលស្រែកឃ្លានចំណេះដឹង ហើយប្រើប្រាស់វាឲ្យមានប្រយោជន៍ និង ដើរទាន់សម័យកាល។
២) មិនត្រូវបញ្ឈប់ការខិតខំ៖ Mark Cuban កើតមកក្នុងគ្រួសារដែលមានជីវភាពមិនសូវល្អ ដូច្នេះហើយគ្មាននរណាម្នាក់ដែលជឿថា វាសនារបស់លោកនឹងខ្ពង់ខ្ពស់ឡើយ។ ប៉ុន្តែលោកខ្លួនឯងមិនបានគិត ឬ ទោរទន់តាមការយល់ឃើញរបស់អ្នកដទៃឡើយ ពោលគឺ Mark Cuban បានខិតខំធ្វើការយ៉ាងខ្លាំង និង រិះរកវិធីផ្សេងៗដើម្បីរំដោះខ្លួនចេញពីស្ថានភាពដ៏អាក្រក់។ រហូតបានបើកក្រុមហ៊ុនមួយឈ្មោះថា AudioNet បន្ទាប់មកក៏លក់ឲ្យក្រុមហ៊ុនYahoo ក្នុងតម្លៃ៥,៧ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ លោកមានទ្រព្យសម្បត្តិសរុបប្រមាណ៣ពាន់លានដុល្លារអាមេរិក។
៣) មិនត្រូវបញ្ឈប់ការស្រលាញ់ជីវិតរបស់ខ្លួនសូម្បីតែមួយនាទី៖ ជីវិតរបស់អ្នកគឺពិតជាមានតម្លៃខ្លាំងណាស់ ហើយបើចង់ឲ្យគេស្រលាញ់អ្នក ដំបូងត្រូវចេះស្រលាញ់ និង មើលថែខ្លួនឯងឲ្យបានល្អជាមុនសិន។ ទោះបីជាអ្នកបង្កើតស្នាដៃជាច្រើនដ៏ដោយ តែបើអ្នកមិនស្រលាញ់ ឬ រីករាយជាមួយជីវិតរបស់ខ្លួនឯងទេ មានន័យថា អ្នកកំពុងតែរស់នៅដោយរសាត់អណ្ដែតនៅលើផ្ទៃមហាសាគរ ដោយមិនដឹងថា រសាត់ដល់ទីណាឲ្យប្រាកដ។ ជីវិតខ្លីណាស់ ដូច្នេះហើយត្រូវចេះរីករាយជាមួយជីវិតរបស់អ្នក ការងាររបស់អ្នក និង មនុស្សជុំវិញខ្លួន។
ដោយ៖ រតនា វិចិត្រ