តើមកពីអ្វីទៅ បានជាអ្នកមិនអាចសប្បាយចិត្តដូចគេឯងបាន?
អ្នកណាក៏ដូចអ្នកណាដែរ គ្មានបុគ្គលណាប្រាថ្នាចង់បានភាពសោកសៅជាជាង ការសប្បាយចិត្តនោះទេ។ តែតាមពិតទៅវាក៏មិនមែនជារឿងងាយស្រួលអ្វីដែរ ដែលចង់ឲ្យខ្លួនឯងសប្បាយបាននោះទេ ខណៈដែលជីវិតខ្លួនមិនទាន់បានជោគជ័យអ្វីបន្តិចសោះ។ ខាងក្រោមនេះជាអ្វីដែលអ្នក គួរដឹង៖
១) មិនទាន់ស្កប់ស្កល់នឹងអ្វីដែលខ្លួនមាន៖ នេះបង្ហាញថាតម្រូវការអ្នកមានច្រើនខ្លាំងពេក ដែលជាហេតុនាំឲ្យអ្វីក៏ដោយក៏មិនទាន់ស្កប់ស្កល់ចិត្តរបស់អ្នកបានដែរ។ បើអ្នករំពឹងលទ្ធផលច្រើនពេក អ្នកនឹងមិនងាយឈានដល់ចំណុចដែលអ្នកចង់បានឡើយ ហើយភាពសប្បាយរីករាយក៏មិនទាន់កើតឡើងមកលើអ្នកបានដែរ។
២) រំពឹងអ្នកដទៃ មកធ្វើឲ្យអ្នកសប្បាយវិញ៖ បើចាំតែរំពឹងអ្នកដទៃ មក បង្កើតសេចក្ដី សុខសម្រាប់ខ្លួននោះ អ្នកមិនងាយនឹងទទួលបានដូចបំណងឡើយ។ មនុស្សដែលសប្បាយចិត្ត ពួកគេជាអ្នកបង្កើតស្នាមញញឹមឲ្យមានឡើងដោយខ្លួនឯងទាំងអស់ ។ ចុះហេតុអ្វីអ្នក គ្រាន់តែបង្កើតស្នាមញញឹម ក៏ចាំតែពឹងអ្នកដទៃដែរនោះ?
៣) ចេះតែគិតពីរឿងអាក្រក់ជាបន្តបន្ទាប់៖ នេះមកពីអ្នកគិតតែរឿងអវិជ្ជមានជ្រុលពេក។ ពេលខ្លះអ្នកធ្វើអ្វីមួយបានជោគជ័យហើយ តែអ្នកមិនបានអបអរនឹងវាទេ តែបែរជាភ័យ ព្រួយនឹងរឿងបន្តបន្ទាប់ទៀតទៅវិញ។ រឿងអនាគតគឺមិនទាន់កើតឡើងទេ តែបើបច្ចុប្បន្នអ្នកជោគជ័យ អ្នកត្រូវតែសប្បាយនឹងភាពជោគជ័យនោះទើបត្រឹមត្រូវ។
៤) មិនចង់ឲ្យខ្លួនសប្បាយតែម្ដង៖ នេះមកពីអ្នកមិនស្រឡាញ់ខ្លួន មិនចង់ឲ្យខ្លួនទទួលបានភាពសប្បាយរីករាយនឹងអ្វីជុំវិញខ្លួន។ ដូចនេះទោះជោគជ័យធំប៉ុណ្ណាទៀតកើតឡើងលើអ្នក ក៏អ្នកនៅតែមានអារម្មណ៍សោកសៅ សង្រេងដដែលដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព ៖ entrepreneur