តើ​បុគ្គល​អស្ចារ្យ​ធ្វើការ​សម្រេច​ចិត្ត​រឿងរ៉ាវ​សំខាន់ៗ​ក្នុង​ជីវិត​ដោយ​ឆ្លាត​វៃ​យ៉ាង​ដូចម្ដេច ?​



នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ មនុស្ស​យើង​ម្នាក់ៗ​ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​រឿងរ៉ាវ​ច្រើន​យ៉ាង​រាប់​មិន​អស់ មិន​ថា​តូចតាច​ឬ​ធំ​ដុំ​នោះ​ទេ។ មិន​មាន​សោះ​ឡើយ​ថា​មាន​ការ​សម្រេច​ចិត្ត​ណា​មួយ ដែល​មិន​តម្រូវ​ឲ្យ​អ្នក​ខាតបង់​ឬ​លះបង់​អ្វី​ម្យ៉ាង ហើយ​នេះ​គឺជា​ចំណុច​ដូច​គ្នា​មួយ​នូវ​រាល់​ផល​ទទួល​បាន​ពី​ការ​សម្រេច​ចិត្ត។ ប៉ុន្តែ​អ្វី​ដែល​ជា​ភាព​ខុស​គ្នា​នូវ​រាល់​ការ​សម្រេច​ចិត្ត​ទាំងអស់ ស្ថិត​នៅ​ត្រង់​កម្រិត​មាន​តិច​ឬ​ច្រើន​ទៅលើ​ការ​ខាតបង់​រវាង​វិធី​នីមួយៗ​ដែល​អ្នក​ជ្រើសរើស​ដោះស្រាយ​បញ្ហា។ គឺ​កម្រិត​នៃ​ការ​ខាតបង់​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នេះ​ហើយ ដែល​ជា​លក្ខណៈ​មួយ​សម្គាល់​ឲ្យ​ការ​សម្រេច​ចិត្ត​ដ៏​ឆ្លាត​វៃ​របស់​បុគ្គល​អស្ចារ្យ។

ដូច្នេះ តើ​បុគ្គល​អស្ចារ្យ​ធ្វើការ​សម្រេច​ចិត្ត​រឿងរ៉ាវ​សំខាន់ៗ​ក្នុង​ជីវិត​ដោយ​ឆ្លាត​វៃ​យ៉ាង​ដូចម្ដេច ? ការ​សម្រេច​ចិត្ត​ដ៏​ឆ្លាត​វៃ​គឺជា​ផល​ដែល​កើតឡើង​មក​ពី​ការ​ដុសខាត់​សំលៀង​នូវ​លក្ខណៈ​ចំនួន៣​ជា​គោល​ដូច​ខាងក្រោម​នេះ៖

១) បញ្ញា​ផ្នែក​អារម្មណ៍៖ ការ​សម្រេច​ចិត្ត​ដ៏​ឆ្លាតវៃ​គឺ​នៅ​ពេល​អ្នក​បាន​ប្រើប្រាស់​ខួរក្បាល​ផ្នែក​ទាំង​សងខាង​របស់​អ្នក ដែល​ផ្នែក​ខាង​ស្ដាំ​ផ្ទុក​ដោយ​អារម្មណ៍ រីឯ​ផ្នែក​ខាង​ឆ្វេង​គឺជា​កន្លែង​គិត​ហេតុផល។ អារម្មណ៍​របស់​អ្នក​គួរ​តែ​ជា​អ្នក​មក​រុញច្រាន​អ្នក នាំ​ផ្លូវ​អ្នក ប៉ុន្តែ​វិចារណញ្ញាណ ដែល​ជា​ការ​ត្រិះរិះ​គិត​ថ្លឹងថ្លែង​ហេតុផល​ត្រូវ​តែ​ស្ថិត​នៅ​ពី​លើ​អារម្មណ៍​របស់​អ្នក ដើម្បី​ឲ្យ​អារម្មណ៍​របស់​អ្នក​មាន​ដែន​កំណត់​របស់​វា​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​វិចារណញ្ញាណ។ អ្វី​ដែល​ជា​គ្រឹះ​មូលដ្ឋាន​សាង​ផ្លូវ​ឲ្យ​អ្នក​ទៅ​ដល់​ការ​មាន​បញ្ញា​ផ្នែក​អារម្មណ៍​នេះ គឺជា​ការ​ត្រួតពិនិត្យ​លើ​ខ្លួនឯង។ ការ​ត្រួតពិនិត្យ​លើ​ខ្លួនឯង គឺជា​ការ​មាន​ស្មារតី​ភ្ញាក់​រលឹក​ដឹង​ខ្លួន​ជាប់​ជានិច្ច​នូវ​រាល់​អារម្មណ៍​ទាំងឡាយ​ដែល​ផុស​ឡើង​មក ពិនិត្យ​មើល​ថា​តើ​នេះ​ជា​អារម្មណ៍​អ្វី តើ​អ្វី​អាច​ជា​ផល​ប៉ះពាល់​ដែល​កើតឡើង​ចេញ​ពី​វា​ទៅ​កាន់​អ្នក​ជុំវិញ​ខ្លួន​អ្នក។ បើ​មក​ដល់​ដំណាក់កាល​នៃ​ការ​ត្រួតពិនិត្យ​នេះ អារម្មណ៍​អវិជ្ជមាន​របស់​អ្នក​ចុះ​ថាមពល​របស់​វា នោះ​មានន័យ​ថា​អ្នក​បាន​ឲ្យ​អារម្មណ៍​នេះ​ស្ថិត​ក្រោម​ដែន​កំណត់​របស់​វិចារណញ្ញាណ​ហើយ។

២) គ្រប់គ្រង​លើ​ភាព​មិន​ប្រាកដប្រជា៖ មាន​ការ​សម្រេច​ចិត្ត​ជាច្រើន​ដែល​អ្នក​ធ្វើ​វា​ជាប់​ជា​ប្រចាំ​ថ្ងៃ​រហូត​ក្លាយ​ជា​ទម្លាប់ ដូចជា​អ្វី​ដែល​ត្រូវ​ញាំុ សំលៀកបំពាក់​អ្វី​ដែល​គួរ​ស្លៀក​ជាដើម។ ការ​សម្រេច​ចិត្ត​តូចតាច​របៀប​នេះ​អាច​ឲ្យ​យើង​ឃើញ​ធ្លុះ​ដល់​ភាព​ប្រាកដប្រជា​នៃ​លទ្ធផល​ដែល​ចេញ​ពី​ការ​សម្រេច​ចិត្ត​បែប​នេះ។ យ៉ាងណាមិញ ការ​សម្រេច​ចិត្ត​មួយ​ចំនួន​នៅ​ក្រៅ​បទពិសោធន៍​ប្រចាំ​ថ្ងៃ​របស់​យើង ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​និង​ហាក់​មើល​មិន​ច្បាស់​ពី​កោះ​ត្រើយ។ នៅ​ពេល​ជួប​នឹង​ភាព​មិន​ប្រាកដប្រជា​ចូល​ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ការ​សម្រេច​ចិត្ត មនុស្ស​យើង​ច្រើន​មាន​ការ​ភ័យខ្លាច​ហានិភ័យ​ផ្សេងៗ ដែល​ធ្វើឲ្យ​មាន​ការ​ខាតបង់​ច្រើន ទើប​ជំហាន​បន្ទាប់​ដែល​ពួកគេ​ធ្វើ​គឺ​ព្យាយាម​វិភាគ​សម្លឹង​មើល​ឲ្យ​បាន​សព្វ​ជ្រុងជ្រោយ ដោយ​ការ​ប្រមូល​យក​ព័ត៌មាន​ទាក់ទង​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ ព័ត៌មាន​ច្រើន​នាំ​យើង​ទៅ​កាន់​ការ​មើល​ឃើញ​បញ្ហា​ក្នុង​រូបភាព​ធំ ជាហេតុ​នាំឲ្យ​មាន​ដំណោះស្រាយ​ច្រើន​ដែល​យើង​អាច​រក​ឃើញ​បាន។ ប៉ុន្តែ​តើ​អ្នក​មិន​គិត​ថា​ជម្រើស​ច្រើន​ពេក​ធ្វើឲ្យ​អ្នក​អល់អែក​មួយ​កន្លែង មិន​សម្រេច​ចិត្ត​អ្វី​សោះ​ទេ​ឬ ? ទុក​ពេល​ខ្លះ​សម្រាប់​ការ​វិភាគ​ថ្លឹងថ្លែង​ពី​ដំណោះស្រាយ​បែប​ណា​មាន​ប្រសិទ្ធភាព​ចំពោះ​បញ្ហា​មួយ​នោះ ប៉ុន្តែ​គួរ​តែ​កំណត់​ពេល​សម​ល្មម​សម្រាប់​ធ្វើ​វា។

៣) មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​យល់​ដឹង​ពី​អាទិភាព​ចំពោះ​កិច្ចការ​សំខាន់៖ តើ​អ្វី​ដែល​ពួក​យើង​អាច​រៀន​បាន​ពី​របៀប​ដែល​បុគ្គល​អស្ចារ្យ​ភាគច្រើន​ធ្វើការ​សម្រេច​ចិត្ត​រឿង​សំខាន់​ក្នុង​ការងារ​ពួកគេ ? ចំណុច​សំខាន់​ស្ថិត​នៅ​ត្រង់​ថា ពួកគេ​ស្គាល់​ច្បាស់​ពី​ដំណើរការណ៍​នៃ​ខួរក្បាល​របស់​ខ្លួនឯង សំដៅ​លើ​ពេល​ណា​វា​ធ្វើការ​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត​នេះ​ឯង។ កិច្ចការ​កាន់តែ​សំខាន់ អ្នក​ទាំងនោះ​កាន់តែ​ត្រូវ​ផ្ដល់​អាទិភាព​មុន​គេ​ទៅ​លើ​វា ក៏​ព្រោះ​តែ​ថាមពល​ខួរក្បាល​របស់​យើង​ដែល​ធ្វើការ​សម្រេច​ចិត្ត​រឿង​រាប់​រយ​ជំពូក​ក្នុង​មួយ​ថ្ងៃៗ នឹង​ចុះ​ថយ​បន្តិច​ម្ដងៗ។ ម្យ៉ាងទៀត​ចំពោះ​ការ​សម្រេច​ចិត្ត​ទៅលើ​កិច្ចការ​តូចតាច​គួរ​តែ​ប្ដូរ​វា​ឲ្យ​ក្លាយ​ជា​ទម្លាប់ ឬ​ក៏​ចាំ​គិត​ពី​វា​ពេល​រួច​រាល់​ពី​ការងារ​មុន​នឹង​ចូល​គេង។

ដូច​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា​ធ្លាប់​និយាយ​ថា៖ "អ្នក​នឹង​ឃើញ​ថា​ខ្ញុំ​ស្លៀកពាក់​តែ​ឈុត​សំលៀកបំពាក់​ពណ៌​ប្រផេះ ឬ​ពណ៌​ខៀវ​ប៉ុណ្ណោះ។ ខ្ញុំ​ព្យាយាម​កាត់​បន្ថយ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ។ ខ្ញុំ​មិន​ចង់​សម្រេច​ចិត្ត​ទៅលើ​អ្វី​ដែល​គួរ​ញាំុ ឬ​គួរ​ស្លៀកពាក់​នោះ​ទេ ព្រោះ​ខ្ញុំ​មាន​ការ​សម្រេច​ចិត្ត​ជាច្រើន​ផ្សេង​ទៀត​ដែល​ត្រូវ​ធ្វើ។"

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ gbr.pepperdine.edu & inc

អត្ថបទទាក់ទង៖ គន្លឹះ​សំខាន់ៗ ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ពូកែ​គិត ​​​ទោះ​បញ្ហា​អ្វី​ក៏​អាច​ដោះស្រាយ​ចេញ

X
5s