ស្វែងយល់​អំពី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និងការដោះស្រាយ​វិវាទ​ការងារ​រួម​​



 ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល គឺជា​ស្ថាប័ន​ឯករាជ្យ​មួយ​ដែលមាន​មុខងារ​ដោះស្រាយ​វិវាទ​ការងារ​រួម ដែល​ផ្សះផ្សា​​មិន​សះជា​។ តើ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ​មាន​ដំណើរការ​យ៉ាង​ណា​ខ្លះ ​ហើយ​ដោះស្រាយ​លើ​វិវាទ​​អ្វី​ខ្លះ?​

១. តើ​​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ត្រូវ​បាន​បង្កើត​ឡើង​នា​ពេល​ណា​? ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៣ យោងតាម​បទបញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ការងារ​ឆ្នាំ​១៩៩៧​។​

២. តើ​អ្នកណាខ្លះ​ជា​សមាសភាព​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​? ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​មាន​រចនាសម្ព័ន្ធ​ជា​ត្រីភាគី​។ មានន័យថា ក្រុមប្រឹក្សា​នេះ​មាន​សមាសភាព​ស្នើឡើង​ដោយ​ភាគី​បី​គឺ (១)-​សហជីព​កម្មករនិយោជិត (២)-​សមាគម​និយោជក និង (៣)-​ក្រសួង​ការងារ​។ បច្ចុប្បន្ន ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល មាន​អាជ្ញាកណ្ដាល​ចំនួន ៣០​រូប​ដែល​ត្រូវបានតែងតាំង​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ សម្រាប់​អាណត្តិ ១​ឆ្នាំ​។​

៣. តើ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដោះស្រាយ​វិវាទ​ប្រភេទ​ណាខ្លះ​? ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដោះស្រាយ​វិវាទ​ការងារ​រួម​។ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​អាច​ដោះស្រាយ​វិវាទ​សិទ្ធិ និង​វិវាទ​ផលប្រយោជន៍​។ វិវាទ​សិទ្ធិ​គឺជា​វិវាទ​ទាក់ទង​នឹង​សិទ្ធិ​របស់​ភាគី​ណាមួយ​ដូច​មានចែង​ក្នុង​ច្បាប់​ជា​ធរមាន​។ ចំណែកឯ​វិវាទ​ផលប្រយោជន៍​គឺជា​វិវាទ​ទាក់ទង​នឹង​ផលប្រយោជន៍​នៅពេល​អនាគត ហើយ​វា​មិន​ទាក់ទង​នឹង​សិទ្ធិ​ស្របច្បាប់​ក្នុងពេល​បច្ចុប្បន្ន​ឡើយ​។​

៤. តើ​រឿងក្ដី (​វិវាទ​)​ត្រូវបាន​បញ្ជូន​ទៅកាន់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដោយ​របៀប​ណា​? ​ប្រសិនបើ​ភាគី​វិវាទ​ការងារ​រួម​ទាំងពីរ​មិនអាច​ឈានដល់​ការព្រមព្រៀង​គ្នា តាមរយៈ​ការចរចា ឬ​ការផ្សះផ្សា​បានទេ មន្ត្រី​ផ្សះផ្សា​វិវាទ​នឹង​បញ្ជូន​វិវាទ​នោះ​ទៅកាន់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​តាមរយៈ​រដ្ឋ​មន្ត្រី​ក្រសួង​ទទួលបន្ទុក​ការងារ​។​

៥. តើ​អ្នកណា​ជា​អ្នកសម្រេច​រឿងក្ដី​? អាជ្ញាកណ្ដាល ៣ រូប​នឹងត្រូវ​ជ្រើសតាំង​ដើម្បី​សម្រេច​រឿងក្ដី​នីមួយៗ​។ អាជ្ញាកណ្ដាល​ទាំង ៣​រូប​ត្រូវបាន​ហៅថា “​ក្រុម​អាជ្ញាកណ្ដាល​”​។ ក្រុម​អាជ្ញាកណ្ដាល​នេះ​តំណាង​ឲ្យ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ហើយ​ទទួលខុស ត្រូវធ្វើ​សេចក្ដីសម្រេច និង​ចេញ​សេចក្ដី​បង្គាប់​ដើម្បី​ដោះស្រាយ​វិវាទ​រវាង​ភាគី​ទាំងពីរ​។​

៦. តើ​ក្រុម​អាជ្ញាកណ្ដាល​ត្រូវបាន​ជ្រើសរើស​តាម​វិធី​ណា​? ​ភាគី​នៃ​វិវាទ​ត្រូវ​ជ្រើសរើស​អាជ្ញាកណ្ដាល ១ រូប​ចេញពី​បញ្ជី​អាជ្ញាកណ្ដាល​របស់ខ្លួន​ដើម្បី​ជំនុំជម្រះ រឿងក្ដី​។ បន្ទាប់មក​អាជ្ញាកណ្ដាល​ទាំងពីរ​ដែល​ជ្រើសរើស​ដោយ​ភាគី​វិវាទ​ត្រូវ​ជ្រើសរើស​អាជ្ញាកណ្ដាល​ទី​បី​មួយរូប​ទៀត ដើម្បីឱ្យ​ដឹកនាំ​អង្គ​សវនាការ​។ ក្រុម​អាជ្ញាកណ្ដាល​មាន​អាជ្ញាកណ្ដាល​ចំនួន​បី​រូប​។ ក្រុម​អាជ្ញាកណ្ដាល​ត្រូវតែ​បង្កើតឡើង​ក្នុង​រយៈពេល​បី​ថ្ងៃ ហើយ​ក្រុម​អាជ្ញាកណ្ដាល​ត្រូវ​ចេញ​សេចក្ដី​បង្គាប់​ក្នុង​រយៈពេល ១៥​ថ្ងៃ​ធ្វើការ​លើកលែងតែ​ភាគី​ទាំងពីរ​យល់ព្រម​ពន្យារពេល។​

៧. តើ​ក្រុម​អាជ្ញាកណ្ដាល​សម្រេចសេចក្ដី​យ៉ាងដូចម្ដេច​? ក្នុងករណី​វិវាទ​ទាក់ទង​នឹង​សិទ្ធិ ក្រុម​អាជ្ញាកណ្ដាល​នឹង​សម្រេចសេចក្ដី​ដោយយោង​ទៅតាម​ច្បាប់​។ ក្នុង ករណី​វិវាទ​ទាក់ទង​នឹង​ផលប្រយោជន៍ ក្រុម​អាជ្ញាកណ្ដាល​នឹង​សម្រេចសេចក្ដី​ដោយយោង​ទៅតាម​គោលការណ៍​សមធម៌​។​

៨. តើ​កម្មករ​អាចធ្វើ​កូដកម្ម ឬ​និយោជក​អាច​ផ្អាក​សកម្មភាព​ការងារ (​ឡុ​ក​អៅ​)​បាន​ឬទេ ក្នុងពេល​រឿងក្ដី កំពុង​ត្រូវ បាន​ដោះស្រាយ​? មិនអាច​បានទេ​។ ការធ្វើ​កូដកម្ម ឬ​ការផ្អាក​សកម្មភាព​ការងារ (​ឡុ​ក​អៅ​) គឺជា​អំពើ​មិន​ស្របច្បាប់​នៅ ពេលដែល​រឿងក្ដី​កំពុង​ត្រូវបាន​ដោះស្រាយ​។ ការធ្វើ​កូដកម្ម ឬ​ការផ្អាក​សកម្មភាព​ការងារ (​ឡុ​ក​អៅ​) អាចធ្វើ​ឡើង​បាន លុះត្រាតែ​ភាគី​ណាមួយ​បដិសេធ​នឹង​សេចក្ដី​បង្គាប់​របស់​ក្រុម​អាជ្ញាកណ្ដាល ឬ​នៅពេលដែល​ក្រុម​អាជ្ញា កណ្ដាល​ខន​ខានមិនបាន​បំពេញការងារ​របស់ខ្លួន​តាម​រយៈពេល​កំណត់​នៅក្នុង​ច្បាប់​។​

៩. តើ​សេចក្ដី​បង្គាប់​អាជ្ញាកណ្ដាល​គឺជា​អ្វី​? សេចក្ដី​បង្គាប់​អាជ្ញាកណ្ដាល គឺជា​ការ​សេចក្ដីសម្រេច​របស់​ក្រុម​អាជ្ញាកណ្ដាល​។ ក្រុម​អាជ្ញាកណ្ដាល នឹង​ព្យាយាម​សំរេច​ជា​ឯក​ឆន្ទ​ប៉ុន្តែ​ក្រុម​អាជ្ញាកណ្ដាល​នឹង​សំរេច​តាម​មតិ​ភាគច្រើន ប្រសិនបើ​ការសម្រេច​ជា​ឯក​ឆន្ទ​មិនអាច​ធ្វើទៅបាន​។ ទោះ​ក្នុងករណី​ណាក៏ដោយ អាជ្ញាកណ្ដាល​ទាំងបី​រូប​ត្រូវតែ​ចុះហត្ថលេខា​លើ​សេចក្ដី​បង្គាប់ របស់ខ្លួន​។ ច្បាប់​ចំលង​នៃ​សេចក្ដី​បង្គាប់​ដែល​ត្រឹមត្រូវ​មួយ​ត្រូវតែ​ផ្ញើជូន រដ្ឋមន្ត្រីក្រសួង​ការងារ និង​ភាគី​វិវាទ​ទាំងពីរ​។​

១០. តើក​ម្មករ ឬ​និយោជក​អាច​ជំទាស់​នឹង​សេចក្ដី​បង្គាប់​របស់​ក្រុម​អាជ្ញាកណ្ដាល​បាន​ឬទេ​? មុននឹង​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ចេញ​សេចក្ដី​បង្គាប់ ភាគី​ទាំងពីរ​ត្រូវ​ជ្រើសរើស​ប្រភេទ​នៃ​សេចក្ដី​បង្គាប់​ជា​សេចក្ដី​បង្គាប់​ជាប់​កាតព្វកិច្ច ឬ​ជា​សេចក្ដី​បង្គាប់​មិន​ជាប់​កាតព្វកិច្ច​។ ប្រសិនបើ​ភាគី​ទាំងពីរ​ជ្រើសរើស​សេចក្ដី​បង្គាប់​ជាប់​កាតព្វកិច្ច ភាគី​ទាំងពីរ​គ្មាន​សិទ្ធិ​ប្ដឹង​ជំទាស់​នឹង​សេចក្ដី​បង្គាប់​នេះឡើយ​ហើយ សេចក្ដី​បង្គាប់​នេះ​នឹង​ចង​កាតព្វកិច្ច ហើយ​អនុវត្ដ​លើ​ភាគី​ទាំងពីរ​ភ្លាម​។ ប្រសិនបើ​ភាគី​ណាមួយ ឬ​ភាគី​ទាំងពីរ​មិន​ឯកភាព​លើ​សេចក្ដី​បង្គាប់​ជាប់​កាតព្វកិច្ច​ទេ ពេលនោះ​សេចក្ដី​បង្គាប់​អាជ្ញាកណ្ដាល​នឹង​ក្លាយជា​សេចក្ដី​បង្គាប់​មិន​ជាប់​កាតព្វកិច្ច​។ ចំណុច​នេះ​មានន័យថា ភាគី​ណាមួយ​នៃ​វិវាទ​មាន​សិទ្ធិ​ប្ដឹង​ជំទាស់​ទៅនឹង​សេចក្ដី​បង្គាប់​នោះបាន (​ក្នុង​រយៈពេល ៨​ថ្ងៃ​)​។ ប្រសិនបើ​ភាគី​ណាមួយ​ដាក់ពាក្យ​ប្ដឹង​ជំទាស់​ទៅនឹង​សេចក្ដី​បង្គាប់ នោះ​វា​នឹងត្រូវ​ទុកជា​មោ​ឃៈ និង​មិនអាច​អនុវត្ដ​បានទេ​។ ប៉ុន្តែ​ប្រសិនបើ​មិនមាន​ភាគី​ណាមួយ​ដាក់ពាក្យ​ប្ដឹង​ជំទាស់​ទៅនឹង​សេចក្ដី​បង្គាប់​នោះទេ សេចក្ដី​បង្គាប់​នឹង​អាច​អនុវត្ដ​បាន ហើយ​ភាគី​ទាំងពីរ​ជាប់​កាតព្វកិច្ច​អនុវត្ដ​សេចក្ដី​បង្គាប់​នេះ​បន្ទាប់ពី ផុត​រយៈ ពេល​ប្ដឹង​ជំទាស់​ចំនួន ៨​ថ្ងៃ​ប្រក្រតិទិន​។​

១១. តើក​ម្មករ ឬ​និយោជក​ត្រូវដាក់​ពាក្យបណ្ដឹង​ជំទាស់​នឹង​សេចក្ដី​បង្គាប់​អាជ្ញាកណ្ដាល​ដោយ​របៀប​ណា​? ​ការជំទាស់​នឹង​សេចក្ដី​បង្គាប់​ត្រូវធ្វើឡើង​ក្នុង​រយៈពេល ៨​ថ្ងៃ​ប្រក្រតិទិន​បន្ទាប់ពី​ទទួលបាន​ច្បាប់​ចំលង​ត្រឹមត្រូវ​នៃ​សេចក្ដី​បង្គាប់​។ ការប្ដឹង​ជំទាស់​ក្រោយ​រយៈពេល ៨​ថ្ងៃ​នឹង​មិនមាន​ប្រសិទ្ធភាព​ឡើយ​។ ដើម្បី​ដាក់ពាក្យ​ប្ដឹង​ជំទាស់​នឹង​សេចក្ដី​បង្គាប់ ភាគី​វិវាទ​ត្រូវ​ជូនដំណឹង​ដល់​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ជា​លាយ លក្ខណ៍​អក្សរ ឬ​បំពេញបែបបទ​នៅ​ការិយាល័យ​របស់​លេខាធិការដ្ឋាន​នេះ​។ នៅពេលណា​ដែល​ការជំទាស់​ត្រូវបាន​ធ្វើឡើង​ហើយ សេចក្ដី​បង្គាប់​នឹង​ក្លាយជា​មោ​ឃៈ​ហើយ​ភាគី​ទាំងពីរ​មាន​សិទ្ធិ​ធ្វើ​កូដកម្ម ឬ​ផ្អាក​សកម្មភាព​ការងារ (​ឡុ​ក​អៅ​)​។ ក្នុងករណីនេះ ភាគី​វិវាទ​ទាក់ទង​នឹង​សិទ្ធិ​អាច​ជ្រើសរើស​វិធី​ដោះស្រាយ​វិវាទ​របស់​ពួកគេ​តាមរយៈ​តុលាការ​។​

១២. តើ​លេខាធិការដ្ឋាន​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​គឺជា​ស្ថាប័ន​អ្វី​? លេខាធិការដ្ឋាន​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល គឺជា​ស្ថាប័ន​ដែល​ត្រូវបង្កើត​ឡើង​ដោយ​ប្រកាស​របស់​ក្រសួង​ការងារ​។ លេខាធិការដ្ឋាន​មានមុខ​ងារ​ផ្ដល់​ការគាំទ្រ ឬ​ជួយ​សម្រួល​ការងាររដ្ឋបាល​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​។ ភាគី​វិវាទ​មិនអាច​ទាក់ទង​ទៅ​ក្រុម​អាជ្ញាកណ្ដាល​ដោយផ្ទាល់​បានទេ លើកលែងតែ​ក្នុង​ថ្ងៃ​សវនាការ​។ រាល់​ការទំនាក់ទំនង និង​ការសួរនាំ​ព័ត៌មាន​នានា​ត្រូវតែ​ទាក់ទង​ផ្ទាល់​ទៅ​លេខាធិការដ្ឋាន​៕

ដោយ​៖ ប៉ុ​ម ទូច​
ប្រភព៖ ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល

X
5s