ដឹងអ្វីខ្លះពីប្រធានាធិបតីថ្មីបារាំងដែលមានវ័យក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្របារាំង?
លោក Emmanuel Macron គឺជាប្រធានាធិបតីវ័យក្មេងបំផុតរបស់ប្រទេសបារាំង ដែលទើបនឹងជាប់ឆ្នោតកាលពីពេលថ្មីៗនេះ។ លោក Macron ត្រូវបានគេទទួលស្គាល់ថា លោកហាក់មានទំនោរក្នុងការពង្រឹងសមាហរណកម្មនៅក្នុងសហភាពអឺរ៉ុបដែលផ្ទុយពីជំហរពីលោកស្រី Le Pen ដែលចង់ផ្ដាច់ខ្លួនពីសហភាពអឺរ៉ុប។
កម្រិតអប់រំរបស់លោក
-លោកបានជ្រើសរើសមុខជំនាញទស្សនវិជ្ជានៅសាកលវិទ្យាល័យ Nanterre ហើយបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកកិច្ចការសាធារណៈនៅ Sciences Po និងបានទទួលការបណ្ដុះផ្នែករដ្ឋបាលសាធារណៈពីសាលា École nationale d'administration (ENA) ដែលជាសាលាដ៏ល្បីល្បាញនៅប្រទេសបារាំង ហើយលោកបានបញ្ចប់ការសិក្សានៅឆ្នាំ២០០៤។
អាជីពក្នុងវិស័យរដ្ឋ និងឯកជន
លោក Macron បានធ្វើការជាអធិការរងនៃការិយាល័យអធិការកិច្ចហិរញ្ញវត្ថុនៅក្រសួងសេដ្ឋកិច្ចរបស់ប្រទេសបារាំងនៅឆ្នាំ២០០៤ ហើយនៅឆ្នាំ២០០៥ លោកបានក្លាយជាអធិការនៃការិយាល័យនេះ ហើយបានបំពេញការងាររហូតដល់ឆ្នាំ២០០៨។ ក្រោយមកទៀត មានឯកសារមួយចំនួនលើកឡើងថា លោក Macron បានបង់លុយប្រមាណជាង ៥០ ០០០ម៉ឺនអឺរ៉ូដើម្បីចាកចេញពីការងាររដ្ឋការ ហើយបានបំពេញការងារជាធានាគារិកផ្នែកវិនិយោគដោយទទួលបានប្រាក់បៀរវត្សរ៍ខ្ពស់នៅធនាគារ Rothschild & Cie ហើយមិនត្រឹមតែប៉ុណ្ណោះមានឯកសារមួយចំនួនលើកឡើងថា លោកបំពេញការងារបានល្អរហូតបានក្លាយជាម្ចាស់ភាគហ៊ុនមួយចំណែកនៃធនាគារនេះនៅឆ្នាំ២០១០។ លោកបានលាឈប់ពីការងារនេះវិញ នៅឆ្នាំ២០១២ គឺដើម្បីបំពេញការងារជាអគ្គលេខាធិការរងរបស់ប្រធានាធិបតីបារាំងនៅ Elysee។
ការចាប់ផ្ដើមអាជីពនយោបាយក្រោមការដឹកនាំរបស់លោក François Hollande
បន្ទាប់ពីបំពេញការងារជាអគ្គលេខាធិការរងរបស់ប្រធានាធិបតីបារាំងរួចមក នៅឆ្នាំ២០១៤ លោកបានក្លាយជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ឧស្សាហកម្ម និងឌីជីថលដាតា ក្រោមការដឹកនាំរបស់លោក François Hollande។ និយាយទៅ គឺលោកបានបំពេញការងារបាន ២ឆ្នាំប៉ុណ្ណោះ។ ក្នុងអាជីពផ្នែកនយោបាយ លោកមិនដែលកាន់តំណែងណាដែលឆ្លងកាត់ការបោះឆ្នោតនោះទេ កាលពីមុន។
អាជីពនយោបាយរបស់លោក គឺចាប់ផ្ដើមនៅឆ្នាំ២០១៤ នេះឯង ពោលគឺនៅពេលដែលលោកត្រូវបានអតីតប្រធានាធិបតីបារាំងលោក Francois Hollande ស្នើដាក់លោកជំនួសលោក Arnaud Montebourg ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ឧស្សាហកម្ម និងឌីជីថលដាតា។ លោក Montebourg មានគោលការណ៍ការពារនិយម ពោលគឺលោកជំរុញឱ្យប្រជាជនបារាំងទិញនិងប្រើប្រាស់ផលិតផលដែលផលិតនៅបារាំង។ ផ្ទុយពីលោក Montebourg លោក Macron គឺមានទំនោរក្នុងការគាំទ្រអាជីវកម្ម គាំទ្រសហភាពអឺរ៉ុប ហើយថែមទាំងបានទទួចដល់អ្នកវិទ្យាសាស្ត្រ អ្នកជំនាញផ្នែកអប់រំ និងអ្នករកស៊ីអាមេរិក ដែលមិនពេញចិត្តលោក Donald Trump មកពីបំពេញការងារនៅប្រទេសបារាំងថែមទៀតផង។
លទ្ធផលលេចធ្លោនៅពេលកាន់ការងារជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
កិច្ចការដ៏សំខាន់ដែលលោក Macron បានធ្វើអំឡុងពេលកាន់តំណែង គឺជំរុញឱ្យសេដ្ឋកិច្ចបារាំងមានកំណើនឡើងវិញ ព្រោះថា ៣ឆ្នាំមុនពេលលោកឡើងកាន់តំណែង គឺបារាំងទទួលបានកំណើនសេដ្ឋកិច្ចក្នុងកម្រិតកំណើនសូន្យ (Zero Growth)។ អ្វីដែលលោកសម្រេចបាននិងលេចធ្លោនៅបារាំងគឺ ច្បាប់គាំទ្រដល់អាជីវកម្មដែលគេហៅថាច្បាប់ម៉ាក្រុង ឬ Loi Macron។ លោកបានតាក់តែងវាឡើងជាមួយនឹងនាយករដ្ឋមន្ត្រីលោក Manuel Valls ដែលច្បាប់នេះ មានគោលដៅជំរុញឱ្យរដ្ឋាភិបាលសង្គមនិយមគាំទ្រគោលនយោបាយអំណោចផលដល់អាជីវកម្ម ពោលគឺបើកចំហសេដ្ឋកិច្ចឱ្យទូលាយជាងមុន។ មានមនុស្សមិនតិចទេ ដែលប្រឆាំងនឹងច្បាប់នេះ ដោយសារពួកគេជំទាស់ថា វាប្រឆាំងនឹងគុណតម្លៃក្នុងនាមជាប្រទេសសង្គមនិយមមួយ។
បើយោងតាមគេហទំព័រ focus-economics.com បារាំងទទួលបានកំណើនសេដ្ឋកិច្ចបាន 0,2%ឆ្នាំ2012 0,6%ឆ្នាំ2013 0,7%នៅឆ្នាំ2014 1.2%នៅឆ្នាំ២០១៥ និង 1.3%នៅឆ្នាំ2016។ តាមទិន្នន័យនេះ គេសង្កេតឃើញថា កំណើនសេដ្ឋកិច្ចបារាំងប្រសើរឡើងបន្តិចចាប់ពីឆ្នាំ២០១៤ ដែលជាឆ្នាំលោកឡើងធ្វើរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ឧស្សាហកម្ម និងឌីជីថលដាតាមក។
លោកចាប់ផ្ដើមលេចធ្លោខ្លាំង និងការឈរឈ្មោះជាប្រធានាធិបតី
"En Marche!" ដំណើរឆ្ពោះទៅមុខ ឬ "Forward" ជារបត់នយោបាយថ្មីមួយដែលលោកបានបង្កើតឡើងនៅឆ្នាំ២០១៦ ក្នុងគោលដៅឈរឈ្មោះជាប្រធានាធិបតី តែមិនទាន់ចេញមុខពេញទំហឹង។ ទោះបីជាលោកបម្រើការងារឱ្យរដ្ឋាភិបាលសង្គមនិយមក៏ដោយ តែលោកបានឈរឈ្មោះជាប្រធានាធិបតីឯករាជ្យ កណ្ដាលនិយម និងសង្គមនិយមជំរុញអាជីវកម្ម ដែលជារបត់នយោបាយថ្មីមួយធ្វើឱ្យមានការគាំទ្រច្រើនពីសំណាក់ប្រជាជនបារាំង។ លទ្ធផលបោះឆ្នោតជុំទីពីរ លោកបានទទួលសំឡេងរហូតដល់ទៅ 66,1% ខណៈគូប្រជែងរបស់លោកគឺលោកស្រី Le Pen បានត្រឹមតែ 33,9%ប៉ុណ្ណោះ។ នេះបើយោងតាមលទ្ធផលចេញពីក្រសួងមហាផ្ទៃរបស់បារាំង៕
ដោយ៖ យោធិន