វិធីសាស្ត្រ៣យ៉ាងដើម្បីទប់ស្កាត់អារម្មណ៍ស្រ្ដេស កុំឲ្យកើតមាននៅកន្លែងធ្វើការ!
ការងារពេលខ្លះវាពិតជាធ្វើឲ្យធន់ ទ្រាន់ខ្លាំងមែន ហេតុនេះហើយទើប បុគ្គលិកមួយចំនួនទាមទារថ្ងៃឈប់សម្រាក ឲ្យបានច្រើនសម្រាប់ខ្លួនឯង។ ទោះបីជាការងាររបស់អ្នក វាផ្ដល់សម្ពាធខ្លាំងយ៉ាងណាក្ដី តែវានេះហើយ ដែលជាឆ្នាំងបាយសម្រាប់ជីវភាពរស់នៅរបស់អ្នក។ ដូចនេះដើម្បី ប្រឆាំងនឹងអារម្មណ៍តានតឹងនៅកន្លែងធ្វើការទៀត អ្នកគួរសាកល្បងអនុវត្តយុទ្ធសាស្ត្រទាំង៣នេះសិន៖
១) មានពេលខ្លះសម្រាប់សម្រាក៖ មានតិចនិកជាច្រើនដែលអ្នកអាចអនុវត្ត ហើយអាចធ្វើឲ្យអារម្មណ៍ខ្លួន ឯងធូរស្រាលបានតាមរយៈ ការតាំងសមាធិ ការដកដង្ហើមវែងៗ និងមួយៗ ជាដើម។ អ្នកអាចមិនជឿថា វា មានប្រសិទ្ធភាពសម្រាប់អ្នក លុះត្រាតែអ្នកសាកទើបដឹង។ ចាប់ផ្ដើមសាកល្បងវា រាល់ពេលអ្នកមានអារម្មណ៍ថាតានតឹង ហើយការធ្វើវារាល់ថ្ងៃ វាអាចនាំអារម្មណ៍អ្នកឲ្យកាន់តែធូរស្បើយពីការងារជាងមុន។
២) ពេលនៅផ្ទះត្រូវសម្រាកឲ្យគ្រប់គ្រាន់៖ កាលដែលអ្នកបានសម្រាកពេលយប់បានគ្រប់គ្រាន់ និងពេញភ្នែកហើយនោះ វានាំឲ្យអ្នកមានកម្លាំង ព្រមទាំងពោរពេញដោយថាមពលធ្វើការទៀត។ ពេលខ្លះការសម្រាកមិនគ្រប់គ្រាន់ នាំឲ្យអារម្មណ៍អ្នកមួម៉ៅខុសធម្មតា ហើយទោះការងារនោះមិនសូវស្មុគស្មាញក៏អ្នកនៅតែមានអារម្មណ៍រងសម្ពាធពីការងារដដែល។
៣) រៀបចំការងារណាដែលអ្នកត្រូវធ្វើមុនគេ៖ ពេលការងារហាក់ដូចជាស្មុគស្មាញខ្លាំងសម្រាប់អ្នក អ្នក ត្រូវចេះរៀបចំពេលវេលាឲ្យបាន ល្អ និងមានរបៀប។ អ្នកត្រូវសួរខ្លួនឯងថា តើការងារណាមួយដែលសំខាន់ ហើយប្រញាប់? តើការងារណាដែលអ្នកអាចធ្វើបានតាមក្រោយ? ពេលរៀបចំពេលវេលាច្បាស់លាស់សម្រាប់ធ្វើការហើយ នោះ អ្នកនឹងអាចសម្រេចវាបានតាមសម្រួល ហើយមិនសូវមានសម្ពាធទៀត៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack