នេះ​ជា​អ្វី​ដែល​នឹង​​កើតឡើង​ចំពោះ​អ្នក ពេល​អ្នក​​ក្លាយ​ជា​និស្សិត​រៀន​នៅ​ក្រៅ​ប្រទេស​



វា​នឹង​មាន​រឿង​ផ្លាស់​ប្ដូរ​កើត​ឡើង ពេល​អ្នក ចាកចេញ​ពី​ប្រទេស​របស់​អ្នក​ ហើយ​អ្នក​ត្រូវ​រៀប​ចំ​ខ្លួន​ព្រម​ទាំង​សម្រួល​ខ្លួន​ឯង​ឲ្យ​ស៊ាំ​នឹង​វប្បធម៌​នៅ​ទីកន្លែង​ថ្មី។ អ្នកណា​ៗ​ក៏​ជួប​ប្រទះ​នឹង​រឿង​ទាំង​នេះ​ដែរ ហើយ​ពេល​ខ្លះ​វា​ក៏​ពិបាក​នឹង​សម្រប​ខ្លួន​តាម​ដែរ តែ​ក៏​មិន​បាន​ន័យ​ថា​អ្នកធ្វើ​មិន​បាន​ដែរ។ នេះ​គឺ​ជា​អ្វី​ដែល​នឹង​ជួប​ប្រទះ នៅ​ពេល​អ្នក​​ទៅ​សិក្សា​នៅ​ឯ​ប្រទេស​ក្រៅ​៖

១) មាន​មិត្ត​ថ្មី​៖ ការ​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស​ គឺ​ជា​​ផ្លូវ​​ដ៏​ល្អ​មួយ​នាំ​មនុស្ស​ថ្មីៗ​ជា​ច្រើន​​ឲ្យ​អ្នក​បាន​ស្គាល់​​។ ​ ​ដើម្បី​ឲ្យ​សិស្ស​កាន់​តែ​ឆាប់​ស៊ី​ចង្វាក់​គ្នា និង​ស្គាល់​គ្នា​ច្រើន​ជាង​មុន សាលា​នីមួយៗ​ភាគ​ច្រើន​ តែង​តែ​បង្កើត​កម្មវិធី​​នៅ​ដើម​ឆមាស ដើម្បី​ឲ្យ​សិស្ស​អន្តរជាតិ​ទាំង​អស់​​ឆាប់​បាន​ស្គាល់​គ្នា​​ជាង​នេះ​។​

២) ពិសា​អាហារ​ថ្មីៗ​៖ ជា​ការ​ពិត​ណាស់ ប្រទេស​​មួយៗ​មាន​មុខ​ម្ហូប​ខុស​ៗ​គ្នា​។ បើ​អ្នក​​ទម្លាប់​តែ​ពិសា​អាហារ​ប្រទេស​របស់​អ្នក វា​ហាក់​ដូច​​ជា​ពិបាក​បន្តិច​ហើយ​។ តែ​ពេល​ខ្លះ​នៅ​បរទេស​ក៏​មាន​ហាង​អាហារ​ខ្លះ​ ដែល​អាច​ធ្វើ​ម្ហូប​របស់​ប្រទេស​អ្នក​​បាន​ដែរ តែ​វា​កម្រ​មាន ហើយ​បើ​មាន​ក៏​តិច​តួច​ដែរ។

៣) រស់​នៅ​ក្រោម​ច្បាប់​ថ្មី​៖ ច្បាប់​ ប្រទេស​នីមួយៗ គឺ​មិន ដូច​គ្នា​ឡើយ។ ដូចនេះ​បើ​អ្នក​ទៅ​រស់​នៅ​ប្រទេស​គេ អ្នក​ត្រូវ​​រៀន​ ព្រម​ទាំង​គោរព​ច្បាប់​ប្រទេស​គេ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​។

៤) វប្បធម៌​នៅ​សាលារៀន​ថ្មី​៖ តើ​អ្នក​អាច​​ទៅ​រៀន​យឺត​បាន​ទេ​? តើ​អ្នក​ទាក់ទង​លោក​គ្រូ​សាស្ត្រាចារ្យ​ដោយ​របៀប​ណា​? តើ​សិស្ស​នៅ​ទី​នោះ​គោរព​គ្នា​យ៉ាង​​ណា​? តើ​វិន័យ​សាលា​គឺ​ដូចម្ដេច​ខ្លះ​? នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​​ដឹង​ពី​សាលា​​ថ្មី​របស់​អ្នក​។

៥) ​ភាសា​បរទេស​៖ ភាសា​ក៏​អាច​ជា​របាំង​មួយ សម្រាប់​អ្នក​ ពេល​ទៅ​សិក្សា​នៅ​បរទេស​ដែរ។ តែ​ភាគ​ច្រើន​គេ​តែង​តែ​ជ្រើសរើស​ភាសា​អង់គ្លេស​ជា​ភាសា​ទី​២​សម្រាប់​ទំនាក់ទំនង។ បើ​អ្នក​ចេះ​អង់គ្លេស​ស្ទាត់ជំនាញ​ហើយ អ្នក ប្រហែល​ជា​មិនសូវ​ពិបាក​ខ្លាំង​នោះ​ទេ។

៦) ​មាន​អារម្មណ៍​នឹក​ផ្ទះ​៖ នរណា​ដែល​មិន​នឹក​ផ្ទះ​ ពេល​ចាកចេញ​ពី​ផ្ទះ​ និង​ស្រុក​កំណើត​រាប់​ឆ្នាំ​បែប​នេះ​។ វា​ជា​រឿង​ធម្មតា​ទេ​ដែល​សុខ​ៗ​ ​អ្នក​ស្រាប់​តែ​នឹកឃើញ​អនុស្សាវរីយ ពី​មុន​ៗ ពេល​ដែល​អ្នក ជួបជុំ​គ្រួសារ នៅ​ពិធី​បុណ្យ​អ្វី​មួយ​។ នេះ​គឺ​ជា​អារម្មណ៍​ដែល​អ្នក​នៅ​ក្រៅ​ប្រទេស តែង​តែ​កើត​មាន​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ studyinsweden

X
5s