គោលការណ៍ចិត្តសាស្ត្រ៣យ៉ាងដើម្បីបំភ្លឺគំនិតច្នៃប្រឌិតឡើងមក
Napoleon Hill បានផ្ដល់ទស្សនគតិមួយឃ្លាថា "រាល់សមិទ្ធផលជោគជ័យទាំងអស់ រាល់អ្នកមានទ្រព្យហូរហៀរទាំងអស់ សុទ្ធតែមានការចាប់ផ្ដើមចេញពីគំនិតទាំងអស់"។
ពន្លឺភ្លើងនេះហើយដែលបានបំភ្លឺទីងងឹតឡើង អាចឲ្យយើងបន្តដំណើរឆ្ពោះទៅកាន់ទីដែលបានកំណត់ដៅនៅខាងមុខបានដោយជោគជ័យ។ គំនិតច្នៃប្រឌិតនេះហើយដែលជាដើមទុននៃគំនិត ដែលឆ្លាក់ច្នៃការបង្កើតថ្មីៗឲ្យលេចឡើងក្នុងពិភពលោកនេះ។ ចុះបើនៅសុខៗ អ្នកហាក់ដូចជាជាប់គាំងមួយកន្លែង រកមិនឃើញពន្លឺដែលអាចបំភ្លឺភាពច្នៃប្រឌិតចេញមកសោះ តើម្ដេចនឹងអាចទៅដល់គោលដៅបាន ?
បើអ្នកកំពុងជាប់គាំងក្នុងសភាពងងឹតបែបនេះ គោលការណ៍ចិត្តសាស្ត្រ៣យ៉ាងខាងក្រោមនេះគឺជាពន្លឺមកបំភ្លឺអ្នកហើយ៖
១) បញ្ឈប់ការស្វែងរកគំនិតច្នៃប្រឌិតតទៅទៀត
មិនមែនទាល់តែគំនិតថ្មីស្រឡាង មិនទាន់មានអ្នកណារកនឹកឃើញដល់នោះទេ ទើបជាគំនិតច្នៃប្រឌិត។ យ៉ាងណាមិញ គំនិតចាស់របស់អ្នក ដែលធ្លាប់អនុវត្តទទួលបានផលជោគជ័យ ក៏អាចយកមកប្រើប្រាស់ជាថ្មីម្ដងទៀត ដែលអាចជំរុញអ្នកឲ្យទទួលបានលទ្ធផលជោគជ័យបានដែរ ដោយធ្វើការបន្សុទ្ធ ចម្រាញ់ និងកែសម្រួលវាយ៉ាងណាឲ្យស៊ីចង្វាក់គ្នាជាមួយស្ថានភាពថ្មីរបស់អ្នក។
២) ចិត្តសាស្ត្រនៅពីចម្ងាយ
ភាពច្នៃប្រឌិតពុំមែនជាគុណសម្បត្តិដែលមានមកពីធម្មជាតិរបស់បុគ្គលម្នាក់ៗនោះទេ វាស្ថិតនៅលើដំណើរការណ៍ខួរក្បាលរបស់អ្នកនៅក្នុងឯណោះទៅវិញទេ។ ដើម្បីបំផុសគំនិតច្នៃប្រឌិតរបស់អ្នកចេញមក អ្នកអាចប្រើប្រាស់ចិត្តសាស្ត្រនៅពីចម្ងាយ ដោយបង្កើតរូបភាពពីអ្វីមួយក្នុងទម្រង់ជាការស្រមើស្រមៃ ជាជាងមើលឃើញអ្វីមួយជាក់ស្ដែងដែលអាចនាំអ្នកឲ្យគិតទៅលើវាដោយមានភាពលម្អៀង។ សូម្បីតែអ្នកចិត្តសាស្ត្រក៏បានយល់ស្របជាមួយចិត្តសាស្ត្រមួយនេះ ដោយលើកឡើងថាមនុស្សងាយនឹងបង្កើតនូវចំណងទាក់ទងគ្នាដែលឥតរំពឹងទុកពីគំនិតមួយទៅគំនិតមួយទៀតក្នុងទម្រង់ជាការស្រមើស្រមៃ គឺនៅពេលពន្លឺភ្លើងក៏ស្រាប់តែបំភ្លឺឡើងមកនោះហើយ ដែលបំផុសគំនិតច្នៃប្រឌិតឡើងមកនោះ។
៣) ការគិតវិជ្ជមាន
ស្ទើរតែមនុស្សគ្រប់គ្នាទៅហើយដែលណែនាំឲ្យគិតអ្វីក៏ដោយឲ្យក្នុងផ្លូវវិជ្ជមាន រហូតធ្វើឲ្យការគិតវិជ្ជមានក្លាយជារឿងធម្មតា។ ដោយឡែក សាស្ត្រាចារ្យផ្នែកចិត្តសាស្ត្រ Barbara Fredrickson បានលើកឡើងថា មនុស្សយើងជួបបទពិសោធន៍អារម្មណ៍ពីរប្រភេទផ្សេងគ្នា នោះគឺវិជ្ជមាន និងអវិជ្ជមាន។ នៅពេលមនុស្សមានអារម្មណ៍អវិជ្ជមានដូចជាការភ័យខ្លាចជាដើម ពួកគេនឹងផ្ដោតការគិតរបស់ខ្លួនទៅលើវិធីឆ្លើយតបតែមួយបែបទៅលើអ្វីដែលធ្វើឲ្យយើងភ័យខ្លាចនោះ ដែលជាការឆ្លើយតបបែបភ្លាមៗ និងចេញពីសភាវគតិ មិនបានគិតហ្មត់ចត់នោះឡើយ។ យ៉ាងណាមិញ នៅពេលមនុស្សស្ថិតក្នុងសភាពអារម្មណ៍វិជ្ជមាន ពួកគេនឹងគិតបានវែងឆ្ងាយនិងហ្មត់ចត់ជាងមុន ដែលធ្វើឲ្យអ្នកនឹកឃើញដល់គំនិតល្អៗបានកាន់តែងាយ៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ addicted2success
អត្ថបទទាក់ទង៖ តើធ្វើយ៉ាងណា ដើម្បីក្លាយជាមនុស្សមានគំនិតច្នៃប្រឌិតខ្ពស់?