​វិធី​សាមញ្ញ​ៗ​ ៤​យ៉ាង​ដើម្បី​ធ្វើ​ខ្លួន​ឱ្យ​កាន់​តែ​ឆ្លាតវៃ​​​ក្នុង​ការ​បំពេញ​ការងារ​ និង​អាជីវកម្ម​​​​​



ភាព​ឆ្លាតវៃ​មិន​មែន​​មាន​តែ​កម្រិត​ឆ្លាត​វៃ​​ខាង​ក្នុង​ (​ហៅ​ថា​ IQ) នោះ​ទេ​ មែន​ទែន​ទៅ​ ​បរិយាកាស​ខាង​ក្រៅ​ក៏​ជា​កត្តា​ធ្វើ​ឱ្យ​មនុស្ស​កាន់​តែ​ឆ្លាត​វៃ​ជាង​មុន​ដែរ។ ​បរិយាកាស​ខាង​ក្រៅ​នេះ​ គឺ​ចង់​សំដៅ​ទៅ​​​លើ​មនុស្ស​ដែល​​លោក​អ្នក​សេពគប់​​ ​ការ​ប្រឈម​ទៅ​នឹង​បញ្ហា​ថ្មី​ៗ​ (new challenge) ភាព​យន្ត​ដែល​អ្នក​ទស្សនា​ កន្លែង​ដំណើរ​កម្សាន្ត​ដែល​​អ្នក​ជ្រើស​​រើស​​ ជា​ដើម​។ល។ គឺ​សុទ្ធ​តែ​ជា​​កត្តា​ធ្វើ​ឱ្យ​អ្នក​ឆ្លាត​ជាង​មុន​​ប្រសិន​បើ​អ្នក​ជ្រើស​រើស​វា​ត្រឹម​ត្រូវ។ ​ចំណុច​ដែល​រៀប​រាប់​នេះ​ គឺ​​ជា​ការ​ជ្រើស​រើស​បរិយាកាស​ដ៏​ត្រឹម​ត្រូវ។

១) ត្រូវ​ចេះ​ហ៊ាន​ប្រឈម​នឹង​បញ្ហា (Challenge)៖ លោក​ Lev Vygotsky ជា​អ្នក​​បង្កើត​ទ្រឹស្ដី​ Zone of Proximal Development ក្នុង​អំឡុង​ពេល​១០​​ឆ្នាំ​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក។ ​លោក​មាន​ជំនឿ​ថា​ កិច្ចការ​ដ៏​ប្រសើរ​​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ខាង​ក្នុង​គឺ​​​ចាប់​ផ្ដើម​ និង​ទទួល​យក​កិច្ចការ​ណា​ដែល​លំបាក។ ​បញ្ញា​ ​​ប្រៀប​បាន​ទៅ​នឹង​សាច់ដុំ​របស់​មនុស្ស​យើង​អីចឹង​ដែរ​​ពោល​គឺ​វា​នឹង​មិន​រឹងមាំ​ដាច់​ខាត​​ប្រសិន​បើ​វា​មិន​ទទួល​នឹង​ទម្ងន់​ការងារ​ថ្មី​ៗ​។ ​នោះ​ហើយ​គឺ​ជា​ជំហាន​ដែល​ធ្វើ​ឱ្យ​ខ្លួន​ឯង​ឆ្លាត​ជាង​មុន។

២) ​អាន​ដោយ​ឆ្លាត​វៃ​៖ ​​​ចូរ​ធ្វើ​​ខ្លួន​ជា​និស្សិត​រហូត​ ពោល​គឺ​មាន​ន័យ​ថា​ ត្រូវ​អាន​​​ ឬ​ស្រាវជ្រាវ​តាម​បណ្ដាញ​អ៊ីនធឺណិត​​ ឬ​ឯកសារ​ផ្សេងៗ​​ដើម្បី​បង្កើន​បញ្ញា​ជា​ប្រចាំ។ ​យោង​តាម​អត្ថបទ​មួយ​ដែល​សរសេរ​ដោយ​​លោក​ Glen Stansberry ​បាន​​សរសេរ​​ថា​ ៖«​អ្នក​ដែល​អាន​ច្រើន​ គឺ​មាន​​ពិន្ទុ​ GPA ​ខ្ពស់​ មាន​បញ្ញា​​ខ្ពស់​ ​និង​មាន​ចំណេះ​ដឹង​ទូលំទូលាយ​ជាង​អ្នក​ដែល​មិន​សូវ​​អាន»

៣) ដើរ​ជា​មួយ​មនុស្ស​ដែល​ឆ្លាត​ជាង​អ្នក​៖ ​ដូច​បាន​បញ្ជាក់​នៅ​​ក្នុង​អត្ថបទ​មុនៗ​អីចឹង។ ការ​សេពគប់​មិត្ត​គឺ​ពិត​ជា​រឿង​សំខាន់​ណាស់​​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​កាន់​តែ​ប្រសើរ។ ​​មិន​ថា​កម្រិត​​​ទំនាក់ទំនង​របស់​អ្នក​និង​មិត្តភក្ដិ​ខ្លាំង​ឬ​ខ្សោយ​កម្រិត​ណា​ ​វា​ពិត​ជា​មាន​​ឥទ្ធិពល​ទៅ​លើ​ឥរិយាបថ​ គំនិត​ និង​អារម្មណ៍​របស់​អ្នក។ ​ដូច្នេះ​ប្រសិន​បើ​អ្នក​បាន​ដើរ​​ជា​មួយ​មិត្តភ័ក្ដិ​ដែល​​ឆ្លាត​ជាង​ខ្លួន​​ ​ពួក​គេ​នឹង​បង្ហាញ​ការ​គោរព​​ និង​សមត្ថភាព​​របស់​គេ​ចំពោះ​អ្នក​ដែល​ទាំង​នោះ​គឺ​នឹង​ជួយ​ធ្វើ​​ឱ្យ​អ្នក​ឆ្លាត​ និង​មាន​ពុទ្ធិ​​ថ្មី​ៗដែល​អ្នក​បាន​រៀនសូត្រ​ពី​ទំនាក់ទំនង​នោះ។

៤) ​ធ្វើ​ខ្លួន​ជា​ម៉ាស៊ីន​​បង្កើត​​គំនិត​ (Ideal Machine)៖ ​លោក​ James Altucher ​អ្នក​និពន្ធ​សៀវភៅ​ The Choose Yourself Guide to Wealth ​ដែល​បាន​ចែក​រំលែក​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​លោក​ទៅ​ដល់​អ្នក​អាន​ថា​ ​ជា​រៀង​រាល់​ថ្ងៃ​ទោះ​ជា​មាន​បញ្ហា​អ្វី​ក៏​ដោយ​ ក៏​លោក​​កត់ត្រា​នូវ​គំនិត​ថ្មី​ៗ​របស់​លោក​ចំនួន​ ១០​ដែរ។ ​យើង​កាន់​តែ​ធ្វើ​ជា​​រៀង​រាល់​ថ្ងៃ​ យើង​កាន់​តែ​​មាន​ទម្លាប់​ និង​មាន​គំនិត​ថ្មី​ៗ​កាន់​តែ​ច្រើន

ដោយ៖ រតនៈ​វិភូ​​​​ ​​​

X
5s