ឥរិយាបថ ៨យ៉ាង របស់បុគ្គលជោគជ័យ ដើម្បីលើកទឹកចិត្តដល់បុគ្គលិក
ពាក្យថា បុគ្គលជោគជ័យ មិនមែនជោគជ័យដោយការខិតខំប្រឹងប្រែងតែម្នាក់ឯងនោះទេ។ ការជោគជ័យនោះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកក្រោមបង្គាប់ជាច្រើននាក់។ ដូច្នេះ បុគ្គលជោគជ័យមានរបៀបនៅក្នុងលើកទឹកចិត្តបុគ្គលិករបស់គេ។ ខាងក្រោមនេះគឺជាឥរិយាបថ ៨យ៉ាង របស់គាត៖
១) បង្កើតបរិយាកាសបើកចំហ៖ អ្នកដឹកនាំដែលឆ្លាតមិនមែនបុគ្គលិកថ្នាក់ក្រោមមិនអាចនិយាយអ្វីបានជាមួយនោះទេ។ ពួកគេជាមនុស្សបើកចំហ ពោលគឺបុគ្គលិកគ្រប់ជាន់ថ្នាក់អាចនិយាយពីការមិនពេញចិត្ត ឬទស្សនរិះគន់ដើម្បីស្ថាបនាទៅលើគោលការណ៍ ឬចំណុចផ្សេងៗ។ ការបើកចំហនឹងធ្វើឱ្យការធ្វើការងារជាក្រុមរឹតតែរឹងមាំ និងស្និទ្ធស្នាលជាងមុន ហើយការងារក៏កាន់តែមានប្រសិទ្ធភាពជាងមុនដែរ។
២) បង្កើតទំនុកចិត្តនៅពេលស្ថានការណ៍កាន់តែតានតឹង៖ នៅពេលដែលក្រុមហ៊ុនជួបវិបត្តិ ឬមានបញ្ហាផ្សេងៗ អ្នកដឹងត្រូវតែដំឡើងសាច់ដុំ និងបង្កើតទំនុកចិត្តដើម្បីសាកល្បង និងបង្ហាញថាខ្លួនជាអ្នកដឹងនាំដែលគួរឱ្យគោរព។ នៅពេលដែលអ្នកជួបបញ្ហាអ្វីដែលធំ គឺត្រូវពង្រឹងទំនុកចិត្តរបស់ខ្លួន ដើម្បីប្រឈម និងស្វែងរកដំណោះស្រាយតាមវិធីផ្សេងៗ ពោលគឺមិនត្រូវរត់គេចពីបញ្ហានោះទេ។
៣) បង្កើតវប្បធម៌នៃការគោរព និងឱ្យតម្លៃដល់បុគ្គលិក៖ បុគ្គលជោគជ័យត្រូវតែដឹងច្បាស់ខ្លួនឯងថាបុគ្គលិកណាខ្លះដែលខិតខំប្រឹងប្រែងសម្រេចផែនការការងារតាមការចង់បានរបស់ក្រុមហ៊ុន ឬលើសពីពីគោលដៅកំណត់។ មេដឹកនាំដែលឆ្លាតគឺជាមនុស្សដំបូងគេដែលនិយាយលើកទឹកចិត្ត និងសរសើរដល់ការបំពេញការងាររបស់បុគ្គលិករូបនោះ។
៤) ផ្ដល់អំណាចដល់បុគ្គលិក៖ ជារឿងជាក់ស្ដែង មិនមែនកិច្ចការអ្វីក៏ដោយ ក៏បុគ្គលិកមិនអាចសម្រេចចិត្តខ្លួនឯងបាននោះទេ។ បុគ្គលជោគជ័យគឺតែងតែផ្ដល់អំណាចទៅដល់បុគ្គលិកក្នុងការបញ្ចេញសមត្ថភាព ជំនាញ និងគំនិតច្នៃប្រឌិតជាដើម។ ការផ្ដល់អំណាចដល់បុគ្គលិកជាការលើកទឹកចិត្ត និងការឱ្យតម្លៃដ៏ធំធេងដល់បុគ្គលិក។
៥) ចេះសួរ និងចេះស្ដាប់៖ បុគ្គលជោគជ័យគឺត្រូវចេះសួរ រកហេតុផល និងចេះស្ដាប់ហេតុផលរបស់បុគ្គលិក។ ចេះសួរ និងចេះស្ដាប់ នាំឱ្យការវិនិច្ឆ័យលើបញ្ហាគឺធ្វើបានត្រឹមត្រូវដែលចំណុចនេះ ធ្វើឱ្យបុគ្គលិកយក់ថា មេដឹកនាំជាមនុស្សដឹងខុសត្រូវអាចឱ្យខ្លួនទុកចិត្តបាន មិនបារម្ភពីរឿងលម្អៀងទៅលើនរណាម្នាក់។
៦) ហ៊ានទទួលហានិភ័យ៖ មេដឹកនាំក៏ត្រូវចេះហ៊ានទទួលហានិភ័យដែរ។ ដូចជាត្រង់ចំណុចមួយគួរពិចារណាថា លោកអ្នកគួរជួលបុគ្គលិកល្អមកពីខាងក្រៅ ឬក៏តំឡើងតំណែងបុគ្គលិកខាងក្នុងដែលខ្វះចន្លោះតិចតួច។ ការហ៊ានទទួលហានិភ័យបែបនេះ គឺធ្វើឱ្យបុគ្គលិកយល់ថា ការខិតខំ និងការលះបង់របស់ពួកគេពិតជាមិនអត់ប្រយោជន៍ទេ។
៧) ត្រូវចេះរៀនសូត្រពីកូនចៅ ឬបុគ្គលិកថ្នាក់ក្រោមវិញដែរ៖ ជាការពិត បុគ្គលជោគជ័យមិនមែននៅតែក្នុងការិយាល័យមិនចេះស្ដាប់ មិនចេះរៀនសូត្រពីកូនចៅនោះទេ។ លោកអ្នកមានចំណេះដឹងច្រើន ប៉ុន្តែមិនប្រាកដថាលោកអ្នកចេះទាំងអស់ដែរ។ ដូច្នេះបើកចិត្តរៀនសូត្រពីបុគ្គលិកវិញ គឺធ្វើឱ្យអ្នកបង្កើនពុទ្ធិផង និងធ្វើឱ្យបុគ្គលិកយល់ថាខ្លួនគេក៏មានតម្លៃសម្រាប់បុគ្គលជោគជ័យរូបនោះផង។
៨) មានគំនិតវិជ្ជមានចំពោះការផ្លាស់ប្ដូរ៖ បើមានការផ្លាស់ប្ដូរផ្សេងៗ ពិតណាស់ថា បុគ្គលជោគជ័យគឺតែងមានទស្សនៈ និងគំនិតវិជ្ជមានជានិច្ចចំពោះការផ្លាស់ប្ដូរផ្សេងៗ។ ចំណុចនេះនឹងលើកទឹកចិត្តឱ្យខិតខំបំពេញការងារស្របតាមការផ្លាស់ប្ដូរនោះ៕
ដោយ៖ រតនៈវិភូ