សញ្ញា​បញ្ជាក់​ថា «បុគ្គលិក​​ស្នូល​របស់​អ្នក​មាន​បំណង​ចង់​ចាក​ចេញ​ពី​អ្នក​ហើយ​»!​



ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​ អ្នក​ប្រាកដ​ជា​​ដឹង​ច្បាស់​ថា​បុគ្គលិក​ណា​ខ្លះ​ជា​បុគ្គលិក​ស្នូល​ ហើយ​ពួក​គេ​មាន​តួនាទី និង​បំពេញ​ការងារ​ដូចម្ដេច​ខ្លះ​ហើយ​​។ តែ​បើ​អ្នក ចាប់​ផ្ដើម​ឃើញ​លទ្ធផល​ការងារ​របស់​ពួក​គេ មិន​សកម្ម ដូច​មុន​ ពួក​គេ​ប្រហែល​ជា​លែង​ចង់​ធ្វើ​ការ​ជាមួយ​អ្នក​ត​ទៅ​ទៀត​ក៏​ថា​បាន។

១) ពួក​គេ​លែង​ចង់​ទទួល​បាន​ឱកាស​ការងារ​ថ្មីៗ​ហើយ​​៖ បើ​បុគ្គលិក​នៅ​មាន​អារម្មណ៍​ចង់​ធ្វើ​​ការងារ​ ពួក​គេ​តែង​តែ​ធ្វើ​ការ​យ៉ាង​សកម្ម ហើយ​ចង់​ទទួល​បាន​ឱកាស​ការងារ​ថ្មីៗ ដែល​ថៅកែ​បាន​ដាក់​ឲ្យ​។ តែ​បើ​ថៅកែ​បាន​ផ្ដល់​ការងារ​ថ្មីៗ​ជា​ច្រើន​​ហើយ​គ្មាន​អ្នក​ណា​ចាប់​អារម្មណ៍​សួរ​នាំ​នោះ វា​ជា​សញ្ញា​មួយ​បង្ហាញ​ថា គេ​អស់​ចិត្ត​ចង់​ធ្វើ​ការ​ជាមួយ​​អ្នក​ត​ទៅ​ទៀត​ហើយ។ ​

២) ពួក​គេ​ធ្វើ​ការ​គឺ​​សម្រាប់​តែ​មួយ​ថ្ងៃ​ៗ​ប៉ុណ្ណោះ៖ បុគ្គលិក​នីមួយៗ តែង​តែ​ធ្វើ​ការ​ដោយ​គិតវែង​ឆ្ងាយ​ ត​ទៅ​មុខ​ទៀត។ ពួក​​គេ​ខំ​ធ្វើ​ការ​ឲ្យ​អស់​ពី​ចិត្ត​ ដើម្បី​ឲ្យ​ថៅកែ​បាន​ឃើញ​ហើយ​​ឡើង​តំណែង​ឲ្យ​នៅ​ថ្ងៃ​មុខ​ទៀត។ តែ​បើ​បុគ្គលិក​មួយ​ធ្វើ​ការ​ ​មួយ​ថ្ងៃ​គិត​តែ​មួយ​ថ្ងៃ​វិញ ពួក​គេ​ប្រហែល​ជា​លែង​មាន​បំណង​ចង់​រួមរស់​ជាមួយ​ក្រុមហ៊ុន​នោះ​យូរ​ទៀត​​ហើយ ព្រោះ​អី​គេ​ធ្វើ​ការ​ដោយ​មិន​បាន​គិត​ពី​ថ្ងៃ​អនាគត​ផង​ហ្នឹង​។

៣) ពួក​គេ​លែង​ចង់​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​​អ្វី​ទាំង​អស់៖ បុគ្គលិក​ដែល​មាន​ទឹក​ចិត្ត​ចង់​ធ្វើ​ការ គឺ​តែង​តែ​ក្លាហាន​ ហ៊ាន​អះអាង​​និង​គាំទ្រ​គំនិត​របស់​ខ្លួន​ឯង​គ្រប់​ពេល។ តែ​បើ​ដល់​ពេល​​មួយ​ដែល​គេ​លែង​និយាយ​អ្វី​ទាំង​​អស់ គេ​លែង​ចង់​នៅ​ក្រុមហ៊ុន​នោះ​ទៀត​ហើយ។

៤) ពួក​គេ​បាន​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​៖ អាកប្បកិរិយា​មនុស្ស​គឺ​ងាយ​សម្គាល់​ណាស់។ បើ​បុគ្គលិក​ម្នាក់​បាន​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​ហើយ​នោះ គេ​ប្រាកដ​ជា​មាន​រឿង​អ្វី​លាក់​ក្នុង​ចិត្ត​​ហើយ។ គេ​អាច​មិន​ពេញ​ចិត្ត​នឹង​ការងារ អាច​បាក់ទឹកចិត្ត អាច​ជួប​បញ្ហា​ច្រើន​ពេក អាច​មក​បី​សម្ពាធ​ការងារ​ក៏​ថា​បាន​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ forbes

X
5s