ដើមទុននៃគំនិត៣ចំណុច ដែលជាគ្រោងឆ្អឹងនៃការចាប់ផ្ដើមអាជីវកម្មមួយដោយជោគជ័យ​



មុន​នឹង​ចាប់ផ្ដើម​បង្កើត​អាជីវកម្ម​មួយ​ឡើង តើ​ចំណុច​សំខាន់​ជា​មូលដ្ឋាន​អ្វីខ្លះ​ដែល​អ្នក​តែង​តម្រង់​ត្របាញ់​ឆ្ពោះ​ការ​គិត​របស់​អ្នក​ទៅលើ ? អ្នក​នឹង​តែងតែ​កត់​សម្គាល់​ឃើញ​ចំពោះ​រាល់​បុគ្គល​ដែល​មាន​បំណង​ក្លាយ​ខ្លួន​ជា​សហគ្រិន​នា​ពេល​អនាគត​ទាំងឡាយ ព្យាយាម​ប្រមូល​ទិន្នន័យ ព័ត៌មាន​និង​ចំណេះដឹង​ឲ្យ​បាន​ទូលំទូលាយ ទាក់ទិន​នឹង​ការ​ចាប់ផ្ដើម​ជំនួញ​មួយ​ឲ្យ​បាន​ជោគជ័យ​ពី​បណ្ដា​អ្នក​ជើង​ចាស់​មាន​បទពិសោធន៍​ក្រាស់ក្រែល ប្រឡូក​នៅ​ក្នុង​វិស័យ​នេះ​អស់​ជា​ច្រើន​ឆ្នាំ ក៏​ដើម្បី​ព្យាយាម​បញ្ចៀស​ពី​កំហុស​ឆ្គង​ដែល​នាំ​ទៅ​រក​ការ​ខូចខាត​ធនធាន ពេលវេលា ព្រម​ទាំង​សម្ពន្ធភាព​ជាមួយ​ដៃគូ​សហការ​ជំនួញ និង​កាន់តែ​ធ្ងន់ធ្ងរ​គឺ​ក្ស័យធន​នេះ​ឯង។

ចុះ​ប្រសិន​ជា​មាន​អ្នក​ជំនាញ​ធ្វើការ​សិក្សា​ដក​ពិសោធន៍​ស៊ីជម្រៅ​ទៅលើ​ការ​ចាប់ផ្ដើម​អាជីវកម្ម​នេះ​ឲ្យ​ទទួល​បាន​ភាព​ជោគជ័យ​គឺ លោក Paul Graham ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Y Combinator ជា​ក្រុមហ៊ុន​ដែល​ជួយ​អាជីវកម្ម​ថ្មោងថ្មី​ពន្លឿន​ភាព​រីកចម្រើន​របស់​ខ្លួន បាន​ផ្ដល់​ជា​គ្រោង​ឆ្អឹង​៣​សំខាន់ៗ​ដែល​អាច​ផ្ដល់​លំនឹង​ដ៏​រឹងមាំ​មួយ​សម្រាប់​អាជីវកម្ម​របស់​អ្នក តើ​ដើម​ទុន​នៃ​គំនិត​អាជីវកម្ម​នេះ នឹង​មាន​ឥទ្ធិពល​ដល់​ជោគវាសនា​អាជីវកម្ម​របស់​អ្នក​នា​ពេល​អនាគត​យ៉ាង​ដូចម្ដេច​ទៅវិញ ? ជា​ដំបូង​ទាល់តែ​អ្នក​សាក​ពិចារណា​និង​វិភាគ​ទៅលើ​គ្រឹះ​សំខាន់ៗ​ទាំង​៣​ចំណុច​ខាងក្រោម​នេះ​សិន៖

១) ចាប់ផ្ដើម​ជាមួយ​មនុស្ស​ដ៏​ត្រឹមត្រូវ៖ តើ​មនុស្ស​បែប​ណា​ដែល​ចាត់​ទុក​ថា​ជា​មនុស្ស​ដ៏​ត្រឹមត្រូវ ស័ក្ដិសម​ក្នុង​ការ​រួម​ដំណើរ​ជាមួយ​អ្នក​ទៅ​កាន់​បេសកកម្ម​រួម​គ្នា​បាន ? មាន​អត្តចរិត​២​យ៉ាង​ដែល​ជួយ​បង្ហាញ​អ្នក​ឲ្យ​អាច​សម្គាល់​បាន​ថា​ម្នាក់​ណា​ជា​ដៃគូ​ដ៏​ត្រឹមត្រូវ ក្នុង​ការ​ចាប់ផ្ដើម​អាជីវកម្ម​ជាមួយ​អ្នក នោះ​គឺ​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​ដោះស្រាយ​បញ្ហា និង​សម្រេច​ចិត្ត​ក្នុង​កិច្ចការ​ផ្សេងៗ​បាន​ដោយ​ឯករាជ្យ និង​មួយ​ទៀត​គឺជា​ការ​ប្ដេជ្ញា​ចិត្ត​តស៊ូ​រើ​បម្រះ​ចេញ​ពី​គំនាប​សង្កត់​នៃ​ឧបសគ្គ។ ដូច្នេះ​តើ​អ្វី​ជា​ត្រីវិស័យ​សម្រាប់​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ពី​គុណ​តម្លៃ​នៃ​អត្តចរិត​ទាំងនេះ​នៅ​ក្នុង​មនុស្ស​ម្នាក់ៗ ? នោះ​គឺជា​បទពិសោធន៍​ពី​អតីតកាល​របស់​គេ​នេះ​ហើយ។ តាមដាន​និង​សង្កេត​មើល​ថា តើ​កន្លង​មក​ពួកគេ​មាន​គុណ​សម្បត្តិ​ទាំង​២​យ៉ាង​នេះ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជីវិត​របស់​ខ្លួន​ពួកគេ​ផ្ទាល់​ទេ ?

២) ធ្វើ​នូវ​អ្វី​ដែល​មនុស្ស​ចង់​បាន៖ សហគ្រិន​ថ្មោងថ្មី​ភាគច្រើន​តែង​តម្រង់​ត្របាញ់​ឆ្ពោះ​ការ​គិត​របស់​ពួកគេ​ទៅលើ "គំនិត​ផ្ដួចផ្ដើម​ដ៏​អស្ចារ្យ" ក្នុង​ការ​ចាប់ផ្ដើម​អាជីវកម្ម​របស់​ខ្លួន។ យ៉ាងណាមិញ គំនិត​ផ្ដួចផ្ដើម​របស់​ពួកគេ បើ​គោលដៅ​នៃ​គំនិត​នោះ​មិន​អាច​យក​មក​ប្រើប្រាស់​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​កំពុង​ជួប​ប្រទះ​បាន​ឲ្យ​មាន​ដំណើរការណ៍​ទៅ​មុខ​រួច​ទេ ទោះជា​វា​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ក៏​ដោយ គំនិត​នេះ​ពិត​ជា​មិន​សំខាន់ ហើយ​ក៏​មិន​អស្ចារ្យ​អ្វី​ដែរ។ ឃ្លា​មួយ​បាន​លើក​ឡើង​ថា៖ "អ្នក​លក់​គ្មាន​វិជ្ជាជីវៈ​លក់​ផលិតផល ចំណែក​អ្នក​លក់​អាជីព គេ​លក់​ដំណោះស្រាយ"។ ចាប់ផ្ដើម​អាជីវកម្ម​អ្នក​ដោយ​ស្វែងរក​ឲ្យ​ឃើញ​នូវ​បញ្ហា​ដែល​កើត​ឡើង​នៅ​ក្នុង​សង្គម​អ្នក រួច​ដាក់​ចិត្ត​ដាក់​កាយ​ដោះស្រាយ​បញ្ហា​នោះ។

៣) ចំណាយ​លុយ​ឲ្យ​បាន​កាន់តែ​តិច​តាម​តែ​អាច​ធ្វើ​ទៅ​បាន៖ ត្រង់​នេះ​គឺ​ចង់​សំដៅ​ឲ្យ​អ្នក​ត្រូវ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ជានិច្ច​ចំពោះ​រាល់​ការ​ចំណាយ ដើម្បី​ចៀសវាង​ពី​បញ្ហា​តាម​តែ​អាច​ទៅ​រួច​នេះ​ឯង។ បើ​អ្នក​ចំណាយ​ដោយ​មាន​សតិ​ប្រុង​ប្រយ័ត្ន គិតគូរ​និង​ថ្លឹងថ្លែង​ឲ្យ​បាន​ច្រើន​ជ្រុង នោះ​អ្នក​នឹង​សេសសល់​ធនធាន​ច្រើន​ល្មម​សម្រាប់​អាច​គាំពារ​អ្នក​ដោះស្រាយ​ជាមួយ​បញ្ហា​ផ្សេងៗ ដែល​នឹង​កើតឡើង​ដោយ​មិន​បាន​គ្រោង​ទុក និង​អាច​ឲ្យ​អ្នក​ប្រើប្រាស់​លុយ​ទាំងនោះ​ទៅ​ចំណាយ​លើ​អ្វី​ដែល​សំខាន់​ពិត​ប្រាកដ​សម្រាប់​ទ្រទ្រង់​អាជីវកម្ម​អ្នក​ឲ្យ​មាន​ជីវិត​រស់រាន​បាន៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ medium

X
5s