ចំណុចសំខាន់៦យ៉ាង ដែលយុវវ័យសម័យថ្មី ត្រូវរៀនឲ្យចេះ ដើម្បីសាងផ្លូវជីវិតដ៏អស្ចារ្យ
បច្ចុប្បន្ននេះ បើនិយាយពីការប្រកួតប្រជែងក្នុងទីផ្សារវិញ គឺកាន់តែក្ដៅគគុកខ្លាំងណាស់ ដូច្នេះហើយបើអ្នកខ្សោយជាងគេ នោះអ្នកនឹងមិនអាចសម្រេចការងារអស្ចារ្យណាមួយបានឡើយ។ អ៊ីចឹងហើយ ត្រូវព្យាយាមសាង និង បណ្ដុះខ្លួនឯងឲ្យក្លាយជាមនុស្សដែលពោរពេញទៅដោយចំណេះដឹង និង ជំនាញយ៉ាងពិតប្រាកដ។ ខាងក្រោមនេះ ជាចំណុចសំខាន់ៗ ដែលយុវវ័យសម័យថ្មីត្រូវតែប្រឹងរៀនឲ្យចេះ៖
១) ជំនាញទំនាក់ទំនង៖ គ្មាននរណាម្នាក់ដែលអាចធ្វើកិច្ចការដ៏អស្ចារ្យមួយតែម្នាក់ឯងនោះទេ ពោលគឺត្រូវតែមានការសហការជាមួយអ្នកដទៃ ឬ មនុស្សជុំវិញខ្លួន។ ដូច្នេះហើយ បើកាលណាអ្នកខ្សោយផ្នែកទំនាក់ទំនងនោះ ប្រាកដជាវាមានការលំបាកក្នុងការធ្វើកិច្ចការផ្សេងៗក្នុងសង្គមមិនខាន អ៊ីចឹងហើយ ក្នុងនាមជាយុវជនសម័យថ្មីគឺ ត្រូវតែរៀនឲ្យចេះផ្នែកទំនាក់ទំនង ពោលគឺនិយាយដឹងបែបដឹងបទ ហើយអ្នកជុំវិញខ្លួនពេញចិត្ត។
២) ជំនាញស្ដាប់ និង សង្កេត៖ មនុស្សដែលទទួលបានការគោរព ក៏ដូចជា ការពេញចិត្តពីអ្នកដទៃនោះ គឺជាមនុស្សដែលពូកែស្ដាប់ និង សង្កេត ព្រោះចំណុចទាំងនេះជួយឲ្យពួកគេអាចប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយ និង ច្បាស់លាស់ នាំឲ្យពាក្យសម្ដីដែលនិយាយចេញទៅម្តងៗ គឺមានទម្ងន់ ហើយទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកស្ដាប់។
៣) ជំនាញផ្នែកចរចា៖ ក្នុងការរស់នៅបច្ចុប្បន្ននេះ គឺត្រូវតែមានការចរចា ដើម្បីទទួលបានអ្វីមួយដែលយើងចង់បាន ហើយអ្នកផ្ដល់នោះក៏ផ្ដល់ដោយភាពរីករាយ។ មិនថា រកស៊ី ឬ ធ្វើការនោះទេ គឺ សុទ្ធតែមានការចរចាទាំងអស់ ដូច្នេះហើយបើខ្សោយផ្នែកនិយាយចរចា នោះប្រហែលជាអ្នកអាចនឹងខាតបង់ ឬ ទទួលបានអ្វីដែលមិនសមទៅនឹងសមត្ថភាពជាក់ស្ដែងរបស់អ្នក។
៤) ជំនាញផ្នែកកាត់បន្ថយស្រេ្តស៖ ជាធម្មតាទេ នរណាក៏មានបញ្ហាស្មុគស្មាញដែរក្នុងជីវិតនេះ វាខុសគ្នាត្រង់ថា អ្នកដែលមានតួនាទីតូច គឺបញ្ហាឬ ស្ត្រេសតូច ហើយអ្នកមានការងារ ឬ តួនាទី ធំគឺកាន់តែមានស្រ្តេសខ្លាំង។ ដូច្នេះហើយ បើអ្នកបណ្ដោយឲ្យស្រ្តេសនេះចូលមកគ្រប់គ្រងអ្នកកាន់តែច្រើន នោះអ្នកនឹងប្រឈមនឹងបញ្ហាកាន់តែខ្លាំង ហើយកាន់តែធ្វើឲ្យផលិតភាពរបស់អ្នកចុះខ្សោយកាន់តែខ្លាំងដែរ។ យល់ល្អអ្នកត្រូវទទួលស្គាល់ថា នរណាក៏ជៀសមិនផុតពីបញ្ហាសិន ហើយបន្ទាប់គឺត្រូវរកវិធីសាស្ត្រដើម្បីកាត់បន្ថយវាឲ្យដល់កម្រិតមួយ ដែលមិនបង្កគ្រោះថ្នាក់ដល់អ្នក។ ការធ្វើបែបនេះ នឹងជួយឲ្យអ្នកអាចធ្វើកិច្ចការ ឬ រៀនសូត្របានយ៉ាងមានប្រសិទ្ធភាព។
៥) ទទួលខុសត្រូវលើវាសនារបស់ខ្លួន៖ គ្មាននរណាម្នាក់អាចជួយអ្នកបានឡើយ ក្រៅពីអ្នក។ ដូច្នេះហើយ ទំនួលខុសត្រូវលើផ្លូវជីវិតរបស់ខ្លួន គឺជារឿងសំខាន់បំផុតដែលមិនអាចខ្វះបាន។ បើអ្នកមិនទទួលខុសត្រូវលើខ្លួនឯងទេ កុំសង្ឃឹមថាអាចធ្វើឲ្យជីវិតរបស់ខ្លួនស្គាល់ពន្លឺឲ្យសោះ។
៦) អធ្យាស្រ័យ៖ ការរស់នៅក្នុងសង្គម ឬ ការធ្វើការជាមួយគ្នា គឺប្រៀបដូចជាចានក្នុងរាវអ៊ីចឹងហើយ គឺការប៉ះទង្គិច ជារឿងដែលមិនអាចគេចផុត។ ប៉ុន្តែបើអ្នកមានចិត្តប្រកាន់ខ្លាំង នោះវានឹងនាំឲ្យបញ្ហាជាច្រើនកើតឡើង ហើយវាធ្វើឲ្យអ្នកខាតបង់ពេលវេលា និង ថវិកាជាច្រើនផងដែរ។ ដូច្នេះហើយ ត្រូវរៀនអធ្យាស្រ័យ ប្រសិនបើឃើញថា វាអាចអធ្យាស្រ័យឲ្យបាន ព្រោះគ្មាននរណាដែលមិនធ្លាប់ខុស៕
អត្ថបទល្អៗផ្សេងទៀត៖ គន្លឹះសំខាន់ៗជួយឲ្យអ្នកកាត់បន្ថយការរវល់ និង មានពេលវេលាគ្រប់គ្រាន់សម្រាប់ការងារចាំបាច់ មិនសូវទទួលបានការចាប់អារម្មណ៍ពីអ្នកដទៃមែនទេ? នេះជាអ្វីដែលអ្នកគួរធ្វើពេលជួបមនុស្សថ្មីលើកដំបូង
ដោយ៖ រតនា វិចិត្រ