មានតំណែងជាអ្នកដឹកនាំហើយ តើអ្នកមានលក្ខណៈទាំង ៣យ៉ាងនេះ ដើម្បីឲ្យបុគ្គលិកទុកចិត្តអ្នកទេ ?​



ភាព​ជា​អ្នកដឹកនាំ​នា​សម័យកាល​ឧស្សាហូបនីយកម្ម​បច្ចុប្បន្ន​ខុស​គ្នា​ដាច់​ស្រឡះ​ពី​ភាព​ជា​អ្នកដឹកនាំ​កាល​ពី​សម័យកាល​មុន។ សម័យ​នេះ​មនុស្ស​ភាគច្រើន​ទទួល​បាន​ការ​អប់រំ​ខ្ពង់ខ្ពស់ មានន័យ​ថា​ទំពាំង​ជំនាន់​ក្រោយ​នេះ​គឺ​ជា​ធនធាន​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​ចំណេះដឹង ជំនាញ​និង​សមត្ថភាព​ប្រាកដប្រជា​ប្រចាំ​ខ្លួន។ ដូច្នេះ​ហើយ​ពួកគេ​មាន​ជម្រើស ថា​គួរ​ប្រើប្រាស់​ចំណេះដឹង​របស់​ពួកគេ​ជា​ប្រយោជន៍​សម្រាប់​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ការងារ​ណាមួយ។

ថ្វីត្បិតតែ​ប្រាក់​នៅ​តែ​ស្ថិត​ជា​តម្រូវការ​ចាំបាច់​ដ៏​សំខាន់​ដែល​បុគ្គលិក​ម្នាក់ៗ​សម្លឹង​មើល​មុន​នឹង​ដាក់​ខ្លួន​បម្រើការ​នៅ​ក្រុមហ៊ុន​ណាមួយ យ៉ាងណាមិញ​ឥឡូវ​នេះ​អ្វី​ដែល​ពួកគេ​សម្លឹង​ផង​ដែរ​នោះ​គឺ​ថា តើ​អ្នកដឹកនាំ​របស់​ក្រុមហ៊ុន​មួយ​នោះ​មាន​លក្ខណៈ​នៃ​ភាព​ជា​អ្នកដឹកនាំ​បែប​ណា ? ហេតុនេះ បើ​អ្នក​មាន​តំណែង​ជា​អ្នកដឹកនាំ​ហើយ តែ​មិន​មាន​លក្ខណៈ​ជា​អ្នកដឹកនាំ​ពិត​ប្រាកដ​ដូច​ប៉ុន្មាន​ចំណុច​ខាងក្រោម​ទេ​នោះ មិន​យូរ​មិន​ឆាប់​ផល​ប៉ះពាល់​អវិជ្ជមាន​នឹង​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ឃើញ​ជា​មិន​ខាន​ឡើយ។

១) កសាង​ទំនុក​ចិត្ត​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​អ្នក

សមិទ្ធផល​អស្ចារ្យ​ណា​ក៏​ដោយ​ក៏​មិន​អាច​ចៀស​បាន​ពី​ការ​ដាក់​ចិត្ត​ដាក់​កាយ​រួម​សហការ​គ្នា​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​រួម​មួយ​នោះ​ដែរ។ ការ​សហការ​គ្នា​ដែល​អាច​ផុស​ចេញ​ពី​ក្រអៅ​បេះដូង​បាន លុះត្រាណាតែ​សមាជិក​នីមួយៗ​នៅ​ក្នុង​ក្រុម ជាពិសេស​គឺ​អ្នកដឹកនាំ​គេ​នេះ​ហើយ អាច​ឲ្យ​អ្នក​ឯ​ទៀត​មាន​ជំនឿ​ទំនុក​ចិត្ត​មក​លើ​ខ្លួន​ជាមុន។ ប៉ុន្តែ​អ្នក​យក​អ្វី​មក​បញ្ជាក់​ពួកគេ​ថា​អ្នក​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ស័ក្ដិសម​ឲ្យ​ពួកគេ​ជឿ​ទុកចិត្ត​បាន​ហើយ​នោះ ? នោះ​គឺជា​ការ​ផ្ដល់​ការ​ជឿ​ទុកចិត្ត​ចំពោះ​ពួកគេ​ជាមុន​សិន និង​បើក​ចំហ​ចិត្ត​របស់​អ្នក​ឲ្យ​ទូលាយ​នេះ​ឯង។

២) ត្រូវ​យល់​ដឹង​ពី​របៀប​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​អ្នក​ទាំងនោះ

មនុស្ស​ដែល​អាច​ធ្វើ​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ដរាប​ណា​ម្នាក់​នោះ​យល់​ពី​គោលបំណង​ជា​អ្វី​ដែល​ដៃគូ​ពិភាក្សា​របស់​ខ្លួន​ចង់​បាន​ពិត​ប្រាកដ និង​យល់​ពី​ចិត្ត​គំនិត​របស់​ពួកគេ។ ដោយ​ការ​ព្យាយាម​ស្វែងយល់​ពី​អ្នកដទៃ នោះ​អ្នក​នឹង​អាច​ដឹង​ថា​តើ​គួរ​ប្រាស្រ័យ​ជាមួយ​ម្នាក់​នេះ​របៀប​ណា ហើយ​ម្នាក់​នោះ​វិញ​របៀប​ណា ? ម្យ៉ាងទៀត​វា​ក៏​ជា​សមត្ថភាព​ក្នុង​ការ​អាច​កត់​សម្គាល់​បាន​ពី​ចំណុច​ខ្លាំង​របស់​បុគ្គល​ម្នាក់ៗ ដើម្បី​អាច​ឲ្យ​ម្នាក់ៗ​ធ្វើការ​ទៅ​តាម​ចំណុច​ខ្លាំង​របស់​ខ្លួន នោះ​ការ​សហការ​នឹង​នាំ​មក​នូវ​ភាព​ជោគជ័យ​មិនខាន។

៣) ផ្ដល់​ការ​អភិវឌ្ឍន៍​ដល់​បុគ្គលិក​ជានិច្ច

អ្នកដឹកនាំ​ដ៏​ល្អ​មួយ​រូប មិនមែន​ធ្វើ​ខ្លួន​ដូចជា​ទឹក​ទន្លេ​ដែល​មិន​បង្ហូរ​ចេញ​ចែកចាយ​ទឹក​ទៅ​កាន់​ប្រភព​ទឹក​ផ្សេងៗ​ទៀត រហូត​ទាល់តែ​ប្រភព​ទឹក​ខ្លួនឯង​យូរៗ​ទៅ​ឡើង​ល្អក់​កករ​នោះ​ទេ។ ពួកគេ​ត្រូវ​តែ​ចេះ​ចែកចាយ​បង្ហូរ​ចេញ​ទៅ​ឲ្យ​ប្រភព​ទឹក​ផ្សេងៗ​ទៀត ដើម្បី​ប្រយោជន៍​ប្រភព​ទឹក​ផ្សេង​ហើយ​ក៏​ដើម្បី​ខ្លួនឯង​ដែរ។ ប៉ុន្តែ​ដើម្បី​បណ្ដុះបណ្ដាល​អ្នកដទៃ​បាន អ្នក​មិន​ត្រូវ​ភ្លេច​អភិវឌ្ឍ​ខ្លួនឯង​ជានិច្ចកាល​នោះ​ទេ ព្រោះ​គឺ​អ្នក​នេះ​ហើយ​ដែល​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​បុគ្គលិក​ទាំងអស់​ឲ្យ​មាន​ឱកាស​ពង្រីក​សមត្ថភាព​ខ្លួន​កាន់តែ​ខ្ពស់​ឡើង​បាន៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ lifehack

X
5s