មេរៀនដ៏មានតម្លៃ ៤យ៉ាង ពីលោក Phil Knight ស្ថាបនិកក្រុមហ៊ុន Nike ដែលអ្នកគួររៀនសូត្រ
ជាក្រុមហ៊ុនសាជីវកម្មចម្រុះជាតិសាសន៍លក់សម្ភារៈកីឡារបស់អាមេរិកដ៏ធំមួយ តើ Nike អាចឆក់យកការជឿទុកចិត្តពីអតិថិជនជុំវិញសកលលោករហូតក្លាយជាក្រុមហ៊ុនយក្សមួយដែលមានតម្លៃ១០០ពាន់លានដុល្លារយ៉ាងដូចម្ដេចបាន ? ប្រៀបទៅនឹងអាគារដ៏រឹងមាំមួយខ្នងដែលអាចទប់លំនឹងប្រយុទ្ធជាមួយព្យុះភ្លៀងផ្គររន្ទះអ្វីទាំងឡាយបាន វាទាល់តែបុគ្គលដែលជាអ្នកសាងសង់អាគារនោះមានភាពប៉ិនប្រសប់ក្នុងការសាងសង់ដែរ។
លោក Phil Knight ដែលជាសហស្ថាបនិករបស់ Nike ក៏មិនខុសពីសហគ្រិនជោគជ័យដទៃទៀតប៉ុន្មានដែរ បានចាប់ផ្ដើមដើរនៅលើផ្លូវជាសហគ្រិននេះពោរពេញទៅដោយដានជើងនៃឧបសគ្គរាប់ជំពូក យ៉ាងណាមិញ Nike មានអ្នកកាច់ចង្កូតប្រកបដោយភាពជាអ្នកដឹកនាំដ៏លេចធ្លោនិងជាគំរូ ដែលជាធាតុផ្សំដ៏សំខាន់ជំរុញឲ្យមានភាពជោគជ័យក្នុងអាជីវកម្មរបស់សហគ្រិនវ័យ៧៩ឆ្នាំនេះមកបានសព្វថ្ងៃ។
ខាងក្រោមនេះ គឺជាមេរៀនសំខាន់ៗពីលោក Phil Knight៖
១) រកឲ្យឃើញនូវអ្វីជាជំនក់ចិត្តរបស់អ្នក
ជាអតីតអ្នករត់ប្រណាំងមួយរូបដែលពោរពេញដោយមនោសញ្ចេតនាទឹកចិត្តស្រឡាញ់ជ្រាលជ្រៅ ដែលដិតដាមជាប់ចិត្តជាមួយនឹងកីឡា លោក Phil Knight រួមជាមួយនឹងដៃគូអាជីវកម្មដ៏ចំណានរបស់លោកម្នាក់ទៀត ហើយក៏ធ្លាប់ជាគ្រូបង្វឹករត់ប្រណាំងរបស់លោកផងដែរនោះគឺលោក Bill Bowerman បានចាប់ដៃរួមចិត្តគំនិតគ្នាកសាងក្រុមហ៊ុនដំបូងបំផុតរបស់លោកក្នុងឆ្នាំ១៩៦៤ មានឈ្មោះ Blue Ribbon Sports ដែលនាំចូលផ្ដាច់មុខស្បែកជើងកីឡា Tigers sneaker ដ៏ល្បីឈ្មោះពីជប៉ុន។
២) ជួលមនុស្សដែលឈ្លាសវៃ
មនុស្សដែលឈ្លាសវៃសម្រាប់លោក Phil Knight គឺសំដៅចំពោះមនុស្សដែលស័ក្ដិសមនឹងវប្បធម៌ក្រុមហ៊ុនរបស់លោក ជាមនុស្សដែលមើលឃើញនូវទស្សនវិស័យដូចដែលលោកមើលឃើញ និងមានឆន្ទៈពុះពោរចង់ធ្វើឲ្យវាក្លាយជាការពិត និយាយឲ្យខ្លីគឺជាមនុស្សដែលមានចិត្តគំនិតដូចគ្នានឹងលោក អាចជិះទូកតែមួយរួមគ្នាទៅសម្រេចគោលដៅបាន។ដូច្នេះហើយទើបបានជាលោកមានបុគ្គលិកមួយរូបគឺលោក Jeff Johnson ដែលបានផ្ដល់គំនិតទៅលើឈ្មោះយីហោក្រុមហ៊ុនជា "Nike" ដូចដែលមនុស្សរាប់លាននាក់នៅទូទាំងសកលលោកស្គាល់និងជឿទុកចិត្តរហូតមកនោះ។
៣) ការគ្រប់គ្រងដោយផ្ទាល់មិនមានប្រសិទ្ធភាពនោះឡើយ
អ្វីដែលបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតលំដាប់ទី២៤របស់សហរដ្ឋអាមេរិករូបនេះ បដិសេធយ៉ាងខ្លាំងក្លានោះគឺ ការគ្រប់គ្រងទៅលើបុគ្គលិកដោយផ្ទាល់។ ផ្ទុយទៅវិញ លោកចែករំលែកពីទស្សនវិស័យរបស់លោកចំពោះក្រុមហ៊ុន ពន្យល់ប្រាប់អ្នករួមការងារទាំងអស់ពីអ្វីដែលលោកចង់បាន រួចប្រាប់ដំបូន្មានទូទៅមួយចំនួនប៉ុណ្ណោះ ប៉ុន្តែលោកមិនដែលប្រាប់ពួកគេថាត្រូវធ្វើការងាររបស់ពួកគេបែបណានោះទេ។គាត់ដឹងច្បាស់ថាគួរលូកដៃចូលពាក់ព័ន្ធក្នុងកិច្ចការបុគ្គលិកប៉ុណ្ណា លោកផ្ដល់ស្វយ័ត ឬជាសិទ្ធិសេរីភាពនិងឯករាជ្យគ្រប់គ្រាន់ចំពោះបុគ្គលិក និងផ្ដល់ការជឿទុកចិត្តរបស់គាត់ចំពោះសមត្ថភាពអ្នកទាំងនោះ។
៤) មិនត្រូវភ័យខ្លាចក្នុងការប្រយុទ្ធនោះទេ
បញ្ហាទំនាស់ទៅលើកិច្ចព្រមព្រៀងទទួលសិទ្ធិផ្ដាច់មុខទៅលើស្បែកជើងកីឡារបស់ជប៉ុន ដែលធ្វើឲ្យក្រុមហ៊ុនលោកត្រូវផ្ដាច់ចេញមកបង្កើតរោងចក្រផលិតដោយខ្លួនឯង បញ្ហាហិរញ្ញវត្ថុដែលធនាគារបដិសេធមិនផ្ដល់ប្រាក់កម្ចីឲ្យ និងជាប់ខ្លួននៅជិតមាត់ជ្រោះនៃការក្ស័យធនអស់រយៈពេលជិត២ទសវត្ស ពិតមិនបានពន្យុះកម្លាំងចិត្តលោកឲ្យបោះបង់ចំពោះដំណើរជីវិតសហគ្រិនភាពនេះឡើយ។ ដោយសារសេចក្ដីព្យាយាមទាំងនេះហើយ ទើបក្រោយមកមានឈ្មោះ Nike ចេញបង្ហាញមុខជាផ្លូវការនៅខែធ្នូឆ្នាំ១៩៨០៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ cnbc & blog.tpd