គោលដៅសំខាន់ៗ ត្រូវសម្រេចឲ្យបានមុនវ័យ៣០ ដើម្បីធានាថាជីវិតដើរលើផ្លូវត្រូវ!
ដើម្បីឲ្យជីវិតជោគជ័យបាន ទាល់តែចេះរៀបចំផែនការឲ្យបានច្បាស់លាស់ ទើបផ្លូវដែលដើរទៅនោះអាចសម្រេចបានមួយដំណាក់កាលម្តងៗយ៉ាងមានប្រសិទ្ធភាព។ សម្រាប់អ្នកដែលមិនទាន់ឈានដល់អាយុ៣០ គឺគួរតែរៀបចំផែនការសំខាន់ៗមួយចំនួន ដើម្បីសម្រេចឲ្យបាន ទើបជាការប្រសើរ ដើម្បីប្រាកដថា នៅវ័យ៣០ប្លាយរបស់អ្នក គឺស្ថិតក្នុងស្ថានភាពល្អ។ ខាងក្រោមនេះ គឺជាគោលដៅសំខាន់ៗដែលអ្នកគួរសម្រេចមុនពេល ឈានដល់វ័យ៣០៖
- មានការងារ ឬ ជំនួញច្បាស់លាស់៖ មុនពេលអ្នកឈានដល់អាយុ៣០ឆ្នាំ អ្នកត្រូវតែខិតខំគ្រប់បែបយ៉ាងដើម្បីមានការងារមួយដ៏ច្បាស់លាស់ ឬ មានជំនួញមួយដែលអាចធានាបាន អំពីសន្តិសុខហិរញ្ញវត្ថុរបស់អ្នក។ បើដល់អាយុប៉ុណ្ណឹងហើយ នៅតែគ្មានការងារច្បាស់លាស់ទៀត នោះអ្នកនឹងត្រូវប្រឈមនឹងបញ្ហាជាច្រើន ដែលពិបាកដោះស្រាយ ។
- ធ្វើការងារស្ម័គ្រចិត្តដើម្បីសង្គមឲ្យបានច្រើន៖ ជាទូទៅ មនុស្សដែលឈានដល់វ័យ៣០ គឺជាវ័យមួយដែលភាគច្រើនមានគ្រួសារ ដូច្នេះហើយពួកគេត្រូវគិតច្រើនលើជីវភាពរបស់គ្រួសារ។ ដូច្នេះហើយ មុនពេលឈានដល់វ័យ៣០ អ្នកគួរតែប្រឡូកក្នុងការងារស្ម័គ្រចិត្តសង្គមឲ្យបានច្រើន ព្រោះមិនត្រឹមតែអាចជួយមនុស្សបានទេ ប៉ុន្តែអ្នកក៏ទទួលបានបទពិសោធន៍ និង ចំណេះដឹងយ៉ាងច្រើន ដែលពិតជាមានប្រយោជន៍សម្រាប់អនាគត។
- ធ្វើដំណើរទៅបរទេសយ៉ាងហោចណាស់ឲ្យបានម្តង៖ តាមពិតទៅ ការដើរកម្សាន្តពិតជាមានប្រយោជន៍ខ្លាំងណាស់ ព្រោះវាមិនត្រឹមតែផ្តល់នូវភាពរីករាយប៉ុណ្ណោះទេ តែវាក៏ជួយឲ្យអ្នកទទួលបានគំនិតថ្មីៗផងដែរ។ ដូច្នេះហើយ បើអ្នកមានឱកាសអាចទៅកាន់បរទេសនោះ គឺកាន់តែប្រសើរដើម្បីដឹងច្បាស់ថា ស្រុកគេរីកចម្រើនដល់ណា ហើយអាចនាំយកគំនិតអាជីវកម្ម ឬ ដំណោះស្រាយល្អៗមកកាន់ប្រទេសរបស់យើងវិញ។
- ធ្វើរឿងដែលអ្នកពេញចិត្តឲ្យបានច្រើន៖ ដូចដែលបានរៀបរាប់ខាងលើហើយថា នៅពេលឈានដល់វ័យ៣០ឆ្នាំ មនុស្សភាគច្រើនគឺមានគ្រួសារ ដែលមិនសូវមានពេលធ្វើអ្វីៗផ្សេងៗដើម្បីខ្លួន ឬ អ្វីដែលខ្លួនពេញចិត្តនោះឡើយ ព្រោះវាជាពេលដែលត្រូវបូជាដើម្បីគ្រួសារ។ ដូច្នេះហើយ មុនពេលឈានដល់ដំណាក់កាលនេះ អ្នកមិនត្រូវខ្ជះខ្ជាយ ធ្វើអ្វីដើម្បីបំពេញតាមការពេញចិត្តរបស់អ្នកដទៃឡើយ ពោលគឺត្រូវព្យាយាមធ្វើអ្វីដែលអ្នកពេញចិត្ត និង រកឲ្យឃើញថា អ្នកជាមនុស្សប្រភេទណា មានចំណុចខ្លាំងអ្វី និង ត្រូវដើរទៅផ្លូវណាដើម្បីជោគជ័យនៅអនាគត៕
ដោយ៖ អ៊ុន ភក្តី ប្រភព៖ www.lifehack.org & www.entrepreneur.com