ផ្នែកខាងចុងម្ខាងនៃគុណសម្បត្តិនៃការគិតរវើរវាយ​



អ្វី​ដែល​យើង​ធ្លាប់​បាន​ដឹង​កន្លង​មក​អំពី​ផ្នែក​ខាង​ចុង​ម្ខាង​ដែល​ជា​ភាព​ងងឹត​នៃ​ការ​គិត​រវើរវាយ ដែល​សំដៅ​ទៅលើ​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​មាន​ចំពោះ​ការ​បណ្ដោយ​ឲ្យ​ការ​គិត​រវើរវាយ​ធ្វើ​ដំណើរ​ដោយ​ឥត​សណ្ដាប់ធ្នាប់ មិន​អាច​គ្រប់គ្រង​ការ​គិត​ឲ្យ​ឋិត​ក្នុង​ខណៈ​បច្ចុប្បន្ន ហើយ​ផ្ដោត​ទៅលើ​ការងារ​ចំពោះ​មុខ ដែល​សម្រេច​ទៅលើ​លទ្ធផល​ការងារ​ទាំងឡាយ​របស់​អ្នក។

យ៉ាងណាមិញ អ្នក​និពន្ធ​ពីរ​រូប Benjamin W. Mooneyham និង Jonathan W. Schooler មក​ពី University of California បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ក្នុង Canadian Journal of Experimental Psychology ទៅលើ​ផ្នែក​ខាង​ចុង​ម្ខាង​ទៀត​ដែល​ជា​គុណសម្បត្តិ​នៃ​ការ​គិត​រវើរវាយ ដែល​មាន​សកម្មភាព​ប្រមាណ​៥០​ភាគរយ​នៅ​ក្នុង​ពេល​អ្នក​ដឹង​ខ្លួន។ ដើម្បី​យល់​ដឹង​ពី​គុណ​ប្រយោជន៍​របស់​វា អ្នក​ក៏​ត្រូវ​ស្គាល់​ឲ្យ​ច្បាស់​អំពី​តួនាទី​ផ្សេងៗ​ពី​គ្នា​របស់​ការ​គិត​រវើរវាយ​នេះ​ដែរ។

១) ការ​គិត​រវើរវាយ​ទៅលើ​អនាគត៖ ការណ៍​ដែល​អ្នក​ឋិត​ក្នុង​សភាព​គិត​រវើរវាយ វា​មានន័យ​ថា​អ្នក​មិនមែន​កំពុង​តែ​រស់នៅ​ក្នុង​បច្ចុប្បន្នកាល​ទៅ​ហើយ បើ​មិន​បក​ត្រឡប់​ទៅ​គិត​ពី​អតីតកាល​ទេ ក៏​ជា​អនាគតកាល​ដែល​មិន​ទាន់​កើតឡើង​នោះ​ឯង។ ប៉ុន្តែ​ភាគច្រើន​គឺ​មនុស្ស​យើង​តែង​រវើរវាយ​គិត​ទៅលើ​រឿង​មិន​ទាន់​កើត។ ក្នុង​កាលៈទេសៈ​បែប​នេះ វា​អាច​នាំ​មក​នូវ​ផល​ល្អ​សម្រាប់​អ្នក ដែល​អាច​ឲ្យ​អ្នក​មាន​ផែនការ​រៀបចំ​ទុក​ជាមុន​សម្រាប់​ទប់ទល់​ដោះស្រាយ​ជាមួយ​បញ្ហា​នានា​នៅ​ខាង​មុខ។

២) ការ​គិត​រវើរវាយ​បែប​ច្នៃប្រឌិត៖ នៅ​ពេល​គេ​និយាយ​ពី​ភាព​ច្នៃប្រឌិត គេ​តែង​សំដៅ​ដូច​គ្នា​ទៅលើ​ការ​គិត​ក្រៅ​ប្រអប់។ បើ​គិត​ក្រៅ​ប្រអប់ នោះ​មិនមែន​ការ​ជាប់​ផុង​មួយ​កន្លែង ក្នុង​សភាព​ផ្ចង់​អារម្មណ៍​ផ្ដោត​ទៅលើ​កិច្ចការ​ចំពោះ​មុខ​តែ​ម្យ៉ាង អាច​នាំ​មក​នូវ​គំនិត​ប្លែក​ថ្មី​ដល់​អ្នក​បាន​ឡើយ។ ការ​គិត​រវើរវាយ​ជា​សភាព​នៃ​ការ​គិត​ដែល​មិន​ផ្ដល់​សម្ពាធ​ដល់​អ្នក បន្ធូរ​អារម្មណ៍​អ្នក​ឲ្យ​ស្រាល ដូច្នេះ​វា​អាច​ជា​ប្រភព​នៃ​លំហូរ​គំនិត​ដ៏​ច្រើន​និង​ភាព​ច្នៃប្រឌិត​ហូរ​ចូល​មក​ក្នុង​ខួរក្បាល​អ្នក។

៣) ដក​ខ្លួន​ចេញ​ពី​សភាព​សុាំ​នឹង​សកម្មភាព​អ្វីមួយ៖ នៅ​ពេល​អ្នក​កំពុង​ផ្ដោត​អារម្មណ៍​ធ្វើ​អ្វីមួយ នោះ​អ្នក​នឹង​ឋិត​ក្នុង​សភាព​សាំុ​នឹង​វា​ហើយ។ ប៉ុន្តែ​ការណ៍​ដែល​អ្នក​ត្រូវ​ប្រមូល​អារម្មណ៍​មក​ផ្ដោត​ទៅលើ​កិច្ចការ​ណាមួយ​អស់​រយៈពេល​វែង អ្នក​នឹង​មាន​អារម្មណ៍​ហត់នឿយ។ ដូច្នេះ​ក្នុង​កាលៈទេសៈ​នេះ បណ្ដោយ​ឲ្យ​មាន​ការ​គិត​រវើរវាយ​បន្តិច អាច​ចូល​មក​បំពេញ​ថាមពល​ដែល​បាត់បង់​នោះ​ឲ្យ​ត្រឡប់​មក​វិញ​បាន។ ទោះជាយ៉ាងណា ការ​គិត​រវើរវាយ​នេះ​តបស្នង​នូវ​ប្រយោជន៍​សម្រាប់​អ្នក​អាស្រ័យ​ទៅលើ​កាលៈទេសៈ​ត្រឹមត្រូវ​តែ​ប៉ុណ្ណោះ។ ម្យ៉ាងទៀត បើ​អ្នក​បណ្ដោយ​ឲ្យ​ការ​គិត​ឋិត​ក្នុង​សភាព​រវើរវាយ​ច្រើន​ពេក នោះ​វា​នឹង​ផ្ដល់​លទ្ធផល​បញ្ច្រាស​ទិស​មក​វិញ ដែល​រំខាន​ទៅ​ដល់​ការ​ផ្ចង់​ស្មារតី​បំពេញ​កិច្ច​ការងារ​អ្នក​មិន​ខាន៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ psychologytoday

X
5s