គន្លឹះសម្រាប់អ្នក ដែល​ចង់​ក្លាយ​ជា​មេធាវី​ដ៏​ពូកែ​មួយ​រូប​



តួ​នាទី​របស់​មេធាវី​គឺ​ជួយ​ណែនាំ​​បង្ហាញ​ផ្លូវ​អំពី​ច្បាប់​​ឬ​តវ៉ា​ក្តី​ឲ្យ​កូនក្តីដោយ​មាន​ជំនាញ​និង​ភាព​ប៉ិនប្រសប់។ ដូច្នេះហើយ ចង់ក្លាយទៅជាមេធាវីពូកែម្នាក់មិនមែនជារឿងងាយនោះឡើយ ពោលគឺត្រូវឆ្លងកាត់ការរៀនសូត្រ និង ស្រាវជ្រាវយូរឆ្នាំ។  ខាងក្រោមនេះ ជាគន្លឹះដែល​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​មេធាវី​ដ៏​ឆ្នើម​ម្នាក់៖

១) ដឹង​ច្បាស់​អំពី​ច្បាប់៖ អ្នក​ត្រូវ​តាម​ឲ្យ​ទាន់​អំពី​ច្បាប់​ពី​ព្រោះ​ថា​មាន​ច្បាប់​ថ្មី​ៗ​បាន​បង្កើត​ឡើង​ឬ​ត្រូវ​បាន​​ផ្លាស់​ប្តូរ។ ​ប្រសិន​ជា​អ្នក​តាម​មិន​ទាន់​ទេ វា​អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​តវ៉ា​រឿង​ក្តី​របស់​អ្នក។

២) ធ្វើ​ការ​ស្រាវជ្រាវ​ជាប្រចាំ៖ ប្រសិន​ជា​អ្នក​ទទួល​បាន​រឿង​ក្តី​ដែល​អ្នក​ពុំ​ធ្លាប់​ធ្វើ​ពី​មុន​មក អ្នក​គួរ​តែ​ចំណាយ​ពេល​ខ្លះ​ក្នុង​ការ​ស្រាវជ្រាវ​និង​សិក្សា​ពី​ច្បាប់​ឬ​រឿង​ក្តី​នោះ។ កុំ​គិត​ថា​អ្នក​ដឹង​អ្វី​រឿង​យ៉ាង​ទោះ​បី​ជា​អ្នក​ធ្វើ​ជា​មេធាវី​រាប់​ឆ្នាំ​​ក៏​ដោយ។ ​​​

៣) បង្កើន​សមត្ថភាព​ការ​គិតត្រឹះរិះ​របស់​អ្នក៖ ដើម្បី​ក្លាយ​ជា​មេធាវី​ដ៏​ពូកែ​ម្នាក់​ អ្នក​ត្រូវ​មាន​សមត្ថភាព​មើល​រឿង​ក្តី​បាន​គ្រប់​ជ្រុង​ដើម្បី​រក​ដំណោះ​ស្រាយ​បាន​ល្អ។ ការ​វិភាគ​បាន​ជ្រៅ​​ក៏​ជួយ​អ្នក​ដឹង​ពី​បញ្ហា​​ ដែល​ជា​លទ្ធផល​ អ្នក​អាច​រក​ដំណោះស្រាយ​ឬ​រក​ហេតុផល​មក​គ្រាំ​ទ្រ​​ក្នុង​ការ​ជជែក​វែកញែក​ក្នុងរឿង​ក្តី​របស់​អ្នក។

៤) បង្កើន​សមត្ថភាព​និយាយ៖ មេធាវី​ដែល​ជោគជ័យ​សុទ្ធតែ​​ពូកែ​ខាង​ការ​សន្ទនា។ ពួក​គាត់​ត្រូវ​មាន​សមត្ថភាព​ក្នុង​ការ​​​ពិពណ៌នា​រឿង​ក្តី​របស់​កូន​ក្តី​របស់ពួក​គាត់​ឲ្យ​បាន​​ក្បោះក្បាយ​ទៅ​កាន់​តុលាការ សួរ​សំណួរ​ទៅ​កាន់​សាក្សី តវ៉ា​ជា​មួយ​គណៈវិនិច្ឆ័យ។ល។

៥) រក​មេធាវី​ដែល​មាន​បទ​ពិសោធន៍​ជាង​អ្នកដើម្បីពិគ្រោះយោបល់៖ មិន​ថា​អ្នក​មាន​បទ​ពិសោធន៍​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ អ្នក​គួរ​តែ​រក​មេធាវី​ណា​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ច្រើន​ជាង​អ្នក​ដើម្បី​ពិភាក្សា​ឬ​​ដោះ​ដូរ​គំនិត។ នេះ​ជា​ឱកាស​ដែល​អ្នក​អាច​ពង្រឹង​សមត្ថភាព​ក្នុង​ការ​តវ៉ា​ក្តី​របស់​អ្នក៕

ប្រែ​សម្រួល៖ អុឹង មុយយូ

X
5s