តើអត្តចរិតរបស់អ្នកកើតចេញពីណា ហើយអាចផ្លាស់ប្ដូរបានដែរឬទេ?
តើអ្វីទៅដែលបង្កើតអត្តចរិតរបស់អ្នក ? លោកសាស្ត្រាចារ្យ Thomas Bouchard មកពី Michigan State University បានលើកឡើងថាអត្តចរិតរបស់យើងជាច្រើន រួមមានទាំងអៀន និងរួសរាយចូលចិត្តរាប់អានមនុស្ស សុទ្ធតែទទួលបានពីហ្សែន។ មានអ្នកចិត្តសាស្ត្រជាច្រើនបានអះអាងថា នៅចន្លោះអាយុពី០ដល់៧ឆ្នាំ គឺជាដំណាក់កាលដែលអត្តចរិតរបស់យើងបង្កើតយើងមកជានរណា។
យ៉ាងណាមិញ ការបង្កើតឡើងនូវអត្តចរិតរបស់មនុស្ស កើតមានឡើងតាំងពីនៅក្នុងពោះម្ដាយម្ល៉េះ។ អត្តចរិតរបស់អ្នកទទួលបានមកពីការរួមបញ្ចូលគ្នានៃហ្សែនរវាងឪពុកនិងម្ដាយរបស់អ្នក ដែលកំណត់ថាអ្នកជានរណារហូតដល់វ័យជំទង់របស់អ្នក ព្រមទាំងអ្វីដែលជាជំនឿរបស់អ្នក។ នៅពេលយើងសង្កេតទៅលើការឆ្លើយតបរបស់ក្មេងតូចៗនៅពេលដែលម្នាក់ដណ្ដើមយករបស់ម្នាក់ទៀតចេញពីដៃ ជាទូទៅការឆ្លើយតបរបស់ក្មេងតូចៗម្នាក់ៗមិនដូចគ្នានោះទេ ហើយក្មេងតូចៗបែបនេះនៅមិនទាន់ចេះគិតហេតុផល និងអាចបែងចែកអ្វីខុសអ្វីត្រូវបាននៅឡើយទេ ដែលនេះបញ្ជាក់ថារាល់ការឆ្លើយតបរបស់ពួកគេគឺប្រព្រឹត្តទៅដោយសភាវគតិដែលជាដំណាក់កាលដំបូងនិងទាបបំផុតរបស់មនុស្ស។
ក្មេងៗទាំងនោះឆ្លើយតបចំពោះអ្វីៗនៅជុំវិញខ្លួនដោយការឆ្លើយតបដោយស្វ័យប្រវត្តិ។ ចុះហេតុអ្វីបានជាក្មេងទាំងអស់ឆ្លើយតបមិនដូចគ្នា បើពួកគេសុទ្ធតែមិនទាន់មានសមត្ថភាពប្រើប្រាស់សម្បជញ្ញៈបានផងនោះ ? នេះក៏ដោយសារតែអត្តចរិតរបស់ពួកគេដែលបញ្ជាទៅលើការឆ្លើយតបរបស់ពួកគេនោះ ត្រូវបានកំណត់មកតាំងពីមុនកំណើតនោះឯង។ យ៉ាងណាមិញ មិនមែនកត្តាហ្សែនតែម្យ៉ាងដែលកំណត់លើអត្តចរិតរបស់មនុស្សនោះទេ ព្រោះថាបទពិសោធន៍ផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗក៏រួមចំណែកយ៉ាងមានឥទ្ធិពលផងដែរ។
ថ្វីត្បិតតែអត្តចរិតត្រូវបានកំណត់មកដោយហ្សែនក៏ពិតមែន ក៏មិនមែនបានន័យថាអ្នកមិនអាចផ្លាស់ប្ដូរអត្តចរិតរបស់ខ្លួនបាននោះដែរ។ ពិតណាស់ថាអត្តចរិតអាចផ្លាស់ប្ដូរបាន តែទាល់តែអ្នកខ្លួនឯងស្គាល់ច្បាស់ពីអត្តចរិតកំណើតរបស់ខ្លួនជាមុនសិន ទើបបន្ទាប់មកអ្នកអាចដឹងថាតាមរបៀបណាទើបអាចកែប្រែអត្តចរិតរបស់ខ្លួនចេញបាន ព្រោះវិធីក្នុងការកែប្រែអត្តចរិតរបស់មនុស្សម្នាក់ៗប្រព្រឹត្តទៅមិនដូចគ្នាទេ គឺវាអាស្រ័យនឹងអត្តចរិតដើមរបស់ពួកគេ៕
អត្ថបទល្អៗផ្សេងទៀត៖ តើអ្វីជា «ចិត្តក្នុងខ្លួន»? បែបបទនៃការគិតដ៏ឆោតល្ងង់ទាំង ៣យ៉ាងរបស់ធម្មជាតិនៃមនុស្ស តើអ្វីជាចន្លោះប្រហោងនៃចំណុចល្អរបស់ប្រព័ន្ធអប់រំក្នុងលោក?
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ mindset-habits