បើអ្នកមានថ្នាក់លើ ដែលមានអត្តចរិតយ៉ាប់ ទាំង៣ប្រភេទនេះ គួរដោះស្រាយបែបណា ?
ការផ្លាស់ប្ដូរនរណាម្នាក់ មិនមែនជារឿងងាយស្រួលនោះទេ ព្រោះអ្នកត្រូវដឹងថាសូម្បីតែអ្នកខ្លួនឯងមិនអាចផ្លាស់ប្ដូរទម្លាប់អាក្រក់របស់ខ្លួនឲ្យរលាយសាបសូន្យផង ចុះទម្រាំផ្លាស់ប្ដូរអ្នកដទៃទៀតតើវានឹងពិបាកប៉ុណ្ណាទៅវិញ ? តួយ៉ាងការមិនពេញចិត្តរបស់បុគ្គលិកចំពោះអត្តចរិតរបស់ថ្នាក់លើតែងតែកើតមានស្ទើរតែគ្រប់ស្ថាប័នការងារទាំងអស់ ព្រោះគ្មាននរណាម្នាក់ធ្វើត្រូវបានល្អឥតខ្ចោះនោះទេ។
រាល់បញ្ហាតែងមានដំណោះស្រាយជានិច្ច បើអ្នកយល់ថាផ្លូវដែលអ្នកកំពុងដើរងងឹតរកច្រកចេញមកឃើញ នោះក៏ព្រោះតែអ្នកមិនទាន់រកឃើញដំណោះស្រាយនោះឯង មិនមែនគ្មានដំណោះស្រាយនោះទេ។ អ្នកគួរប្រឈមមុខដោះស្រាយជាមួយថ្នាក់លើរបស់អ្នក ដោយផ្ដោតទៅលើឥទ្ធិពលខាងក្នុងរបស់អ្នក គឺផ្លាស់ប្ដូរខ្លួនអ្នកមុន នោះអ្នកដទៃដែលជាថ្នាក់លើរបស់អ្នក នឹងផ្លាស់ប្ដូរតាមក្រោយជាមិនខាន។ បើអ្នកមានថ្នាក់លើដែលស្ថិតក្នុងចំណោមថ្នាក់លើ៣ប្រភេទខាងក្រោម ទាំងនេះគឺជាដំណោះស្រាយ៖
១) ប្រភេទមានអំនួតមោទនភាពលើខ្លួនឯង៖ ថ្នាក់លើប្រភេទនេះតែងមិនសូវខ្វាយខ្វល់ពីអ្នកក្រោមបង្គាប់របស់ខ្លួននោះទេ អ្វីដែលពួកគេខ្វាយខ្វល់គឺជាការឡើងដំណែងរបស់ខ្លួនតែប៉ុណ្ណោះ ហើយក៏មិនសូវចាប់អារម្មណ៍នឹងសួរនាំពីមតិរិះគន់អ្វីពីអ្នកក្រោមបង្គាប់ទៅលើខ្លួនគេវិញដែរ ក៏ព្រោះតែយល់ថាពួកគេមិនធ្លាប់ធ្វើអ្វីខុសនោះឯង។ ជាទូទៅថ្នាក់លើប្រភេទនេះកេងចំណេញទៅលើការខិតខំប្រឹងប្រែងរបស់បុគ្គលិក ហើយយកមុខមាត់ឲ្យខ្លួនឯងទាំងដែលមិនសូវបញ្ចេញកម្លាំងកាយនិងចិត្តអ្វីខ្លះផង ថែមទាំងចាំតែបន្ទោសនៅពេលបុគ្គលិកធ្វើខុស។ ដោះស្រាយជាមួយថ្នាក់លើបែបនេះ គឺប្រឹងប្រែងធ្វើការដោយខ្លួនឯង និងសហការជាមួយសមាជិកក្រុមការងាររបស់អ្នក កុំយកចិត្តទុកដាក់លើចំណុចខ្វះខាតរបស់ពួកគេ ហើយងាកមកអរគុណចំពោះរាល់ការជួយជ្រោមជ្រែងតិចតួចរបស់គេវិញ រួមទាំងដំបូន្មានផងដែរ។ បើគោលដៅរបស់អ្នកចំពោះការងារ គឺដើម្បីអភិវឌ្ឍសមត្ថភាពជំនាញខ្លួនឯង នោះចំណុចខ្វះខាតរបស់ថ្នាក់លើឬសូម្បីអ្នករួមការងារនឹងគ្មានអ្វីសំខាន់មកអាចទាស់ចិត្តអ្នកបានឡើយ។
២) ប្រភេទមិនសូវខ្វល់ពីភាពរីកចម្រើនរបស់បុគ្គលិក៖ ពួកគេតែងអះអាងថាខ្វាយខ្វល់ពីភាពរីកចម្រើនរបស់បុគ្គលិកខ្លួន តែទង្វើរបស់ពួកគេស្ដែងចេញយ៉ាងច្បាស់ផ្ទុយពីសម្ដី។ ពួកគេមិនសូវផ្ដល់មតិរិះគន់ចំពោះអ្វីដែលបុគ្គលិកត្រូវកែប្រែដើម្បីអភិវឌ្ឍខ្លួនបំពេញការងារឲ្យទទួលបានលទ្ធផលល្អជាងមុននោះទេ ហើយក៏មិនសូវឆ្លើយតបចំពោះសំណួរឬសាររបស់បុគ្គលិកនោះដែរ។ ដោះស្រាយជាមួយថ្នាក់លើបែបនេះ គឺគួរស្វែងរកជំនួយពីអ្នកដឹកនាំផ្សេងៗទៀត ហើយខិតខំបំពេញការងាររបស់អ្នកជាមួយសមាជិកក្រុមដទៃទៀត។ បើទោះជាខ្វះខាតនូវទិសដៅពីថ្នាក់លើពីផ្លូវដែលអ្នកគួរដើរជាការលំបាកបន្តិចមែន ប៉ុន្តែបន្តិចម្ដងៗអ្នកនឹងមានម្ចាស់ការលើការងារខ្លួនឯង ហើយបង្កើននូវសមត្ថភាពនៃភាពជាអ្នកដឹកនាំរបស់អ្នក ថែមទាំងមានទំនាក់ទំនងល្អជាមួយអ្នករួមការងារផងដែរ។
៣) ប្រភេទរវល់ជាប់ជានិច្ច៖ ពួកគេចង់បានព័ត៌មានថ្មីៗអំពីដំណើរការណ៍ការងាររបស់អ្នក ក៏ប៉ុន្តែពួកគេគ្រាន់តែចំណាយពេលតិចតួចដោយតក់ក្រហល់ប៉ុណ្ណោះដើម្បីមកស្ដាប់អ្នក។ ពេលខ្លះពួកគេរវល់ពេករហូតទាល់តែភ្លេចពីអ្វីដែលពួកគេដាក់ឲ្យអ្នកធ្វើ ដូច្នេះលទ្ធផលអាចនឹងបង្កជាភាពរញ៉េរញ៉ៃបានគ្រប់ពេល។ ដោះស្រាយជាមួយថ្នាក់លើបែបនេះ អ្នកត្រូវរំលឹកពួកគេដោយផ្ញើសារនូវព័ត៌មានថ្មីៗឬគម្រោងការដែលអ្នកកំពុងធ្វើឲ្យពួកគេអាចមួយសប្ដាហ៍ម្ដងក៏បាន។ ទោះជាយ៉ាងណា ទំនាក់ទំនងប្រភេទនេះអាចផ្ដល់ផលល្អត្រង់ថាអ្នកមានពេលច្រើនសម្រាប់បញ្ចប់កិច្ចការរបស់អ្នក ប៉ុន្តែបើមិនពេញចិត្តត្រង់ណាអ្នកក៏ត្រូវមានភាពក្លាហានចរចាជាមួយថ្នាក់លើដែរ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ weforum