តើអ្នកយល់ថាការពិត១០០ភាគរយពិតជាមានអត្ថិភាពនៅលើលោកនេះទេ ?​



តើ​នៅ​លើ​លោក​នេះ​មាន​ការ​ពិត​១០០​ភាគរយ​ទេ ឬ​ការ​ពិត​គ្រាន់តែ​ជា​ការ​សន្មត​របស់​បុគ្គល​ម្នាក់ៗ​ដែល​យល់​ថា​អ្វី​មួយ​ត្រូវ​ឬ​ខុស​ទៅ​តាម​ការ​យល់​ឃើញ​របស់​ខ្លួន ? ទស្សនវិទូ​និង​អ្នក​វិទ្យាសាស្ត្រ​សុទ្ធតែ​ជឿជាក់​ថា​នៅ​លើ​លោក​នេះ​មាន​ការ​ពិត​១០០​ភាគរយ ហើយ​ទិសដៅ​របស់​មនុស្ស​២​ក្រុម​នេះ​តាំង​ពី​ដើម​មក​ក៏​កំពុង​ដើរ​នៅ​លើ​ផ្លូវ​មួយ​ឆ្ពោះ​ទៅ​រក​ការ​ស្វែងរក​ឃើញ​នូវ​សេចក្ដី​ពិត​នៃ​អ្វីៗ​ដែល​កើត​ឡើង​នៅ​ជុំវិញ​ខ្លួន​មនុស្ស​នេះ​ឯង។ តើ​អ្វី​ទៅ​ជា​ការ​ពិត ?

តាម​អារីស្តូត ដែល​ជា​ទស្សនវិទូ​លោក​ខាង​លិច​របស់​ក្រិក​បុរាណ បាន​ផ្ដល់​និយមន័យ​ថា អំណះអំណាង​ណាមួយ​គឺជា​ការ​ពិត​នៅ​ពេល​វា​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ពិត។ នេះ​មានន័យ​ថា ជំនឿ​អ្វី​មួយ​ចាត់​ទុក​ថា​ជា​ការ​ពិត​នៅ​ពេល​គេ​មើល​ឃើញ​ថា​វា​ត្រឹមត្រូវ​សមស្រប​ទៅ​នឹង​ការ​ពិត។ យ៉ាងណាមិញ យើង​មិន​អាច​អះអាង​ដោយ​ការ​ជឿជាក់​ពេញ​ទំហឹង​បាន​ថា​ការ​សន្និដ្ឋាន​របស់​យើង​គឺជា​ការ​ពិត​១០០​ភាគរយ​នោះ​ទេ វា​អាច​គ្រាន់តែ​ជា​ជំនឿ​ប្រកប​ដោយ​ភាព​សម​ហេតុ​សម​ផល ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ប៉ុណ្ណោះ។

ការ​ជជែក​វែកញែក​មតិ​គ្នា​រវាង​មនុស្ស​១​ក្រុម​ដែល​ជឿជាក់​ថា​ការ​ពិត​១០០​ភាគរយ​ពិត​ជា​មាន​នៅ​ក្នុង​លោក​នេះ និង​មនុស្ស​១​ក្រុម​ទៀត​ដែល​ជា​អ្នក​ប្រឆាំង​ទៅ​នឹង​អត្ថិភាព​នៃ​ព្រះ​ជា​ម្ចាស់ ជឿជាក់​ថា​ការ​ពិត​គឺជា​ភាព​ជាប់​ពាក់ព័ន្ធ​គ្នា ការ​ពិត​១០០​ភាគរយ​មិន​មាន​ពិត​ប្រាកដ​នោះ​ឡើយ ឯ​ព្រះ​ជា​ម្ចាស់​ឬ​គោលការណ៍​ក្រម​សីលធម៌​កំណត់​លើ​ឥរិយាបថ​របស់​មនុស្ស​ក៏​មិន​មាន​ដូច​គ្នា ដូច្នេះ​មនុស្ស​ម្នាក់ៗ​អាច​ធ្វើ​អ្វី​ក៏​បាន​ទៅ​តាម​ការ​យល់​ឃើញ​របស់​ខ្លួន​គិត​ថា​ត្រឹមត្រូវ។

អ្នក​ជឿជាក់​ទៅលើ​អត្ថិភាព​នៃ​ការ​ពិត​១០០​ភាគរយ ប្រឆាំង​ទៅ​នឹង​គំនិត​របស់​អ្នក​ជឿជាក់​ទៅលើ​ការ​ពិត​ជា​ភាព​ជាប់​ពាក់ព័ន្ធ​គ្នា​ដោយ​លើក​ឡើង​ថា អ្នក​ជឿ​ថា​ការ​ពិត​ជា​ភាព​ជាក់​ពាក់ព័ន្ធ​គ្នា ហើយ​នៅ​លើ​លោក​នេះ​គ្មាន​ការ​ពិត​ទាំងស្រុង​អ្វី​ឡើយ ពួកគេ​អះអាង​ជំនឿ​របស់​ខ្លួន​ជា​រឿង​ត្រឹមត្រូវ។ ការ​អះអាង​ថា​អ្វី​មួយ​ត្រឹមត្រូវ ទាល់តែ​អ្នក​អះអាង​ថា​អ្វី​នោះ​ជា​ការ​ពិត ទើប​វា​ត្រឹមត្រូវ​បាន។ ដូច្នេះ ពួកគេ​ទាំងនេះ​កំពុង​មាន​ទំនាស់​ប្រឆាំង​ជាមួយ​ជំនឿ​របស់​ខ្លួន​ហើយ។

បើ​ការ​ពិត​មិន​មាន​ពិត​ប្រាកដ​នោះ​ទេ ហើយ​ជា​ភាព​ជាប់​ពាក់ព័ន្ធ​គ្នា ប៉ុន្តែ​អ្វី​ដែល​ជាប់​ពាក់ព័ន្ធ​គ្នា​មិនមែន​ជា​ការ​ពិត​នោះ​ទេ នោះ​មានន័យ​ថា​អ្វី​ដែល​អ្នក​ទាំងនេះ​កំពុង​ជឿ​មិនមែន​ជា​ការ​ពិត​នោះ​ទេ។ ដរាប​ណា​ពួកគេ​កាន់តែ​អះអាង​គាំទ្រ​ពី​ជំនឿ​នៃ​ការ​ពិត​ជា​ភាព​ជាប់​ពាក់ព័ន្ធ​គ្នា​ប៉ុណ្ណា ពួកគេ​នឹង​កាន់តែ​មាន​ទំនាស់​ជាមួយ​នឹង​គំនិត​របស់​ខ្លួន​កាន់តែ​ខ្លាំង​ប៉ុន​នោះ ហើយ​វា​ក៏​នឹង​កាន់តែ​បកស្រាយ​នូវ​ភស្តុតាង​ពី​អត្ថិភាព​នៃ​ការ​ពិត​១០០​ភាគរយ​ថា​ជា​ការ​ពិត​ប៉ុន​នោះ​ដែរ។ និយាយ​អំពី​គោលការណ៍​ក្រម​សីលធម៌​កំណត់​លើ​ភាព​ត្រឹមត្រូវ​ឬ​ខុស​នៃ​អាកប្បកិរិយា​របស់​មនុស្ស អ្នក​ជឿ​ទៅលើ​ការ​ពិត​ជា​ភាព​ជាប់​ពាក់ព័ន្ធ​គ្នា​នេះ អះអាង​ថា​គ្មាន​អ្វី​ខុស​ហើយ​ក៏​គ្មាន​អ្វី​ត្រូវ​ដែរ នៅ​ពេល​អ្នក​ជឿ​ថា​មាន​ការ​ពិត​១០០​ភាគរយ​ប្រាប់​ពួកគេ​ថា​ទង្វើ​អ្វី​មួយ​ដែល​ពួកគេ​កំពុង​ធ្វើ​មិន​ត្រឹមត្រូវ​នោះ​ទេ។ បើ​ពួកគេ​ជឿ​ថា​គ្មាន​អ្វី​ខុស​អ្វី​ត្រូវ ដូច្នេះ​ហេតុអ្វី​ក៏​ពួកគេ​ចាំបាច់​ប្រឆាំង​ជាមួយ​ការ​លើក​ឡើង​របស់​អ្នក​ដែល​ប្រាប់​ពួកគេ​ថា​ទង្វើ​ពួកគេ​មិន​ត្រឹមត្រូវ​ដើម្បី​អ្វី ? តាម​ទស្សនវិជ្ជា ជំនឿ​នៃ​ភាព​ជាប់​ពាក់ព័ន្ធ​គ្នា​មាន​ទំនាស់​ប្រឆាំង​នឹង​ខ្លួនឯង និង​បើ​តាម​ការ​ប្រតិបត្តិ​ជាក់ស្ដែង ជំនឿ​នេះ​នឹង​បង្ក​ជា​លក្ខណៈ​អនាធិបតេយ្យ៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ allaboutphilosophy & ethicalrealism

X
5s