តើជោគជ័យរបស់អ្នកនៅក្នុងសាលាអាចធានាពីជោគជ័យរបស់អ្នកនៅក្នុងសង្គមបានទេ ?​



ហេតុអ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន​ដែល​ជោគជ័យ​នៅ​ក្នុង​សាលា តែ​បែរ​ជា​ទទួល​បរាជ័យ​នៅ​ក្នុង​សង្គម​ទៅវិញ ? ក្រែង​ប្រព័ន្ធ​អប់រំ​របស់​សាលា​សន្យា​ថា​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​ការងារ​ល្អ និង​ទទួល​បាន​ការ​គោរព​កោត​សរសើរ​ពី​មនុស្ស​ជុំវិញ​ខ្លួន ឲ្យ​តែ​អ្នក​ខិតខំ​រៀន​សូត្រ មិន​ថា​អ៊ីចឹង​ឬ ? លើស​ពី​នេះ​ទៅ​ទៀត ចុះ​ហេតុអ្វី​មនុស្ស​ដែល​រៀន​មិន​សូវ​ពូកែ​ក្នុង​សាលា​បែរ​ជា​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​សង្គម​ទៅវិញ ? នេះ​បញ្ជាក់​ថា ប្រព័ន្ធ​អប់រំ​ក្នុង​សាលា​តែ​ម្យ៉ាង​មិន​អាច​កំណត់​បាន​ពី​សក្ដានុពល​និង​សមត្ថភាព​ពិត​ប្រាកដ​របស់​មនុស្ស​ម្នាក់​បាន​ទេ។

នៅ​ទីនេះ​មិនមែន​ចង់​លើក​ទឹកចិត្ត​ឲ្យ​អ្នក​បោះបង់​ការ​សិក្សា​ចោល​នោះ​ឡើយ តែ​អ្វី​ក៏​ដោយ​តែង​មាន​ចំណុច​វិជ្ជមាន​និង​ចំណុច​អវិជ្ជមាន​របស់​វា។ ការ​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ក្រេប​យក​ចំណេះដឹង​ពី​សាលា​គឺជា​អ្វី​ដែល​គ្រប់​គ្នា​ត្រូវ​ធ្វើ​និង​ឲ្យ​តម្លៃ​នៅ​ក្នុង​ជីវិត។ យ៉ាងណាមិញ បើ​អ្នក​បរាជ័យ​ក្នុង​សាលា វា​មិនមែន​ជា​ទី​បញ្ចប់​នៃ​ជីវិត​របស់​អ្នក​ឡើយ។ បរាជ័យ​នៅ​ក្នុង​សាលា​មិនមែន​មានន័យ​ថា​អ្នក​នឹង​បរាជ័យ​នៅ​ក្នុង​សង្គម​ដែរ​នោះ​ទេ។ អ្នក​ត្រូវ​ប្រឹងប្រែង​រៀន​សូត្រ តែ​ជាមួយ​គ្នា​នេះ​ដែរ អ្នក​មិន​គួរ​យក​លទ្ធផល​នៅ​ក្នុង​សាលា​មក​ធ្វើ​ជា​រង្វាស់​សម្រាប់​វាយតម្លៃ​ពី​ជោគវាសនា​នា​ថ្ងៃ​អនាគត​របស់​អ្នក​ទាំងស្រុង​នោះ​ទេ។

ការ​ប្រឹងប្រែង​រៀន​សូត្រ​ក្នុង​សាលា​តែ​ម្យ៉ាង​ពិត​មិន​អាច​នាំ​អ្នក​ទៅ​កាន់​ជោគជ័យ​បាន​នោះ​ឡើយ ព្រោះ​នៅ​ពេល​អ្នក​មាន​កាតព្វកិច្ច​ក្នុង​កិច្ចការ​សង្គម​ច្រើន អ្នក​នឹង​ចាប់ផ្ដើម​ស្វែងយល់​ថា​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទៅវិញ​ទេ​ទើប​ជា​រឿង​សំខាន់​បំផុត​ដែល​អ្នក​ត្រូវ​មាន ដើម្បី​ទប់ទល់​នឹង​ការ​ប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​របស់​ពិភពលោក​នេះ​បាន។ យ៉ាងណាមិញ នៅ​ក្នុង​សាលា​មិន​បាន​បង្រៀន​អ្នក​ឲ្យ​អ្នក​ចេះ​បត់បែន មាន​ភាព​ច្នៃប្រឌិត​ចេះ​ដោះស្រាយ​បញ្ហា​នោះ​ឡើយ ក៏​ព្រោះ​តែ​ពួកគេ​តម្រូវ​ឲ្យ​អ្នក​រៀន​សូត្រ​តាម ថា​តាម​និង​អនុវត្ត​តាម​អ្វី​ដែល​បាន​កំណត់​រួច​មក​ហើយ ហើយ​អ្នក​គ្រាន់តែ​ដើរ​ទៅ​តាម​ផ្លូវ​ដែល​ត្រួសត្រាយ​ហើយ​ប៉ុណ្ណោះ។ អ្នក​ចាំ​ដើរ​តាម​តែ​គេ អ្នក​នឹង​មិន​អាច​ជោគជ័យ​បាន​នៅ​ក្នុង​ជីវិត​នោះ​ទេ ព្រោះ​អ្នក​គ្មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួនឯង ចាំ​តែ​គេ​បង្គាប់ រស់នៅ​ក្រោម​សភាព​ជា​គំនិត​របស់​អ្នកដទៃ។ បើ​ដំណោះស្រាយ​មួយ​មិន​ដំណើរការណ៍​ហើយ អ្នក​នឹង​ជាប់​ផុង​មួយ​កន្លែង មិន​បែក​គំនិត​រក​ឃើញ​ដំណោះស្រាយ​មួយ​ទៀត​ឡើយ។ នេះ​គឺជា​ចំណុច​ខ្វះខាត​របស់​ការ​អប់រំ​ក្នុង​សាលា។

ដើម្បី​ឲ្យ​ការ​ខិតខំ​រៀន​សូត្រ​ក្នុង​សាលា​ផ្ដល់​ផ្លែផ្កា​ដល់​អ្នក ទាល់តែ​អ្នក​ចេះ​បើក​ចិត្ត​ទូលាយ​រៀន​សូត្រ​បន្ថែម​ពី​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក ហើយ​បទពិសោធន៍​ជីវិត​គឺជា​រឿង​សំខាន់​ណាស់។ នៅ​ពេល​អ្នក​ទទួល​យក​ចំណេះដឹង​ថ្មីៗ​កាន់តែ​ច្រើន​ប៉ុណ្ណា អ្នក​នឹង​កាន់តែ​មាន​បទពិសោធន៍​យល់ដឹង​រាក់​ជ្រៅ​បាន​ច្រើន​ប៉ុន​នោះ បន្ទាប់​មក​ផ្គួប​ផ្សំ​គ្នា​ជាមួយ​ចំណេះដឹង​ពី​សាលា​មក វា​នឹង​ផ្ដុំ​គ្នា​បង្កើត​ជា​ពន្លឺ​បញ្ចេញ​រស្មី​ដ៏​ភ្លឺ​ចិញ្ចាច​បំភ្លឺ​ជីវិត​អ្នក​ឲ្យ​មាន​តម្លៃ​មិន​ខាន៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ thebookoflife

X
5s