វិធីសាស្ត្រហ្វឹកហាត់ខួរក្បាល៣យ៉ាង ជួយឲ្យអ្នកកាន់តែឆ្លាតជាងមុន
សម្រាប់អ្នកទាំងឡាយណាដែលធ្លាប់មានផ្នត់គំនិតចាក់ឫសយ៉ាងជ្រៅយល់ឃើញថា ភាពឆ្លាតវៃរបស់មនុស្សត្រូវបានកំណត់មកពីធម្មជាតិ តាំងពីកំណើតរបស់មនុស្ស ដែលសំដៅទៅដល់ភាពមិនអាចទៅរួចក្នុងការកែប្រែកម្រិតនៃភាពឆ្លាតវៃរបស់មនុស្សនោះឯង។ យ៉ាងណាមិញ នៅក្នុងអត្ថបទមួយចេញផ្សាយដោយ Scientific American កាលពីថ្ងៃទី៧មិនា ឆ្នាំ២០១១ រៀបរៀងសរសេរដោយ Andrea Kuszewski បានផ្ដល់ជាពន្លឺថ្មីសម្រាប់អ្នកទាំងនេះឲ្យរិះគិតសារជាថ្មីម្ដងទៀត ដើម្បីធ្វើការបញ្ជាក់ជាមួយទស្សនចាស់របស់ខ្លួនថាត្រឹមត្រូវឬអត់។
Andrea Kuszewski ត្រូវបានសាស្ត្រាចារ្យរបស់គាត់ប្រាប់ថា ភាពឆ្លាតវៃរបស់មនុស្សត្រូវបានកំណត់មកដោយហ្សែនរបស់ពួកគេតាំងពីកំណើតមក បើទោះជាពួកគេខិតខំហ្វឹកហាត់សមត្ថភាពខួរក្បាលរបស់ពួកគេឲ្យកើនឡើងខ្ពស់កម្រិតណា ក៏វាគង់តែត្រឡប់ទៅកាន់កម្រិតដើមដែលទាបវិញនោះដដែល ម្យ៉ាងទៀតស្របជាមួយគ្នានេះអ្នកស្រាវជ្រាវផ្នែកភាពឆ្លាតវៃរបស់មនុស្សជាច្រើនទៀតក៏យល់ស្របបែបនេះដែរ។ ដោយឡែក Andrea បានប្រឆាំងនឹងការយល់ឃើញបែបនេះ ដោយការអះអាងយកបទពិសោធន៍ជោគជ័យរបស់ខ្លួនជាអ្នកព្យាបាលរោគផ្នែកអាកប្បកិរិយាលើក្មេងៗមួយចំនួនដែលមានជំងឺម្យ៉ាងដែលកើតមានក្នុងវ័យកុមារដែលប៉ះពាល់ដល់ផលលំបាករបស់ក្មេងក្នុងការទំនាក់ទំនង និងបញ្ចេញអាកប្បកិរិយា។
លោកបានប្រើវិធីសាស្ត្រមួយចំនួនទៅលើក្មេងទាំងនោះដើម្បីហ្វឹកហាត់សមត្ថភាពខួរក្បាលរបស់ពួកគេអាចអភិវឌ្ឍបានតាំងពីកម្រិតIQទាបដែលមានត្រឹមតែពិន្ទុខ្ទង់៨០ រហូតអាចកើនឡើងដល់ទៅលើសកម្រិតIQពិន្ទុ១០០ ដែលពិន្ទុ១០០ជាពិន្ទុមធ្យម។ គាត់ក៏បានដាក់សំណួរថា បើសូម្បីតែក្មេងដែលខួរក្បាលរបស់ពួកគេមានឧបសគ្គបែបនេះក៏អាចអភិវឌ្ឍសមត្ថភាពខួរក្បាលរបស់ខ្លួនបាន ហេតុអ្វីមនុស្សដទៃទៀតដែលខួរក្បាលមានសុខភាពល្អទៅវិញនោះមិនអាចធ្វើបានដូចពួកគេ ហើយល្អជាងពួកគេទៅទៀតនោះ ? មុននឹងឈានទៅដល់ការយល់ដឹងពីវិធីសាស្ត្រហ្វឹកហាត់បង្កើនសមត្ថភាពខួរក្បាលដែលអ្នកព្យាបាលរោគផ្នែកអាកប្បកិរិយារូបនេះបានប្រើប្រាស់បានជោគជ័យ ជាដំបូងអ្នកគួរយល់ពីអ្វីជាភាពឆ្លាតវៃជាមុនសិន។
ភាពឆ្លាតវៃមាន២ប្រភេទគឺ ភាពឆ្លាតវៃមានដែនកំណត់ (crystallized intelligence) និងភាពឆ្លាតវៃអាចបត់បែនបាន (fluid intelligence)។ ភាពឆ្លាតវៃមានដែនកំណត់គឺជាសមត្ថភាពក្នុងការប្រើប្រាស់ជំនាញ ចំណេះដឹងនិងបទពិសោធន៍ ដែលត្រូវពឹងផ្អែកទៅលើចំណេះដឹងពីអតីតកាល និងការចងចាំដែលអ្នកបានផ្ទុកក្នុងរយៈពេលវែងកន្លងមក។ ដោយឡែក ភាពឆ្លាតវៃអាចបត់បែនបានវិញគឺជាសមត្ថភាពក្នុងការចាប់យកចំណេះដឹងថ្មីៗ រក្សាវាទុក និងប្រើប្រាស់វាសម្រាប់យកមកដោះស្រាយបញ្ហា និងរៀនសូត្រថ្មីទៀត និងបន្តយកវាមកដោះស្រាយតៗបែបនេះរហូត។ យ៉ាងណាមិញ ភាពឆ្លាតវៃនៅទីនេះចង់សំដៅទៅលើភាពឆ្លាតវៃអាចបត់បែនបាន។ វាមានលក្ខណៈជាភាពឆ្លាតវៃដែលអាចហ្វឹកហាត់អភិវឌ្ឍបាន ហើយដំណើរការណ៍នៃការហ្វឹកហាត់និងលទ្ធផលរបស់វាពឹងផ្អែកទៅលើគ្នាទៅវិញទៅមក មានន័យថាបើអ្នកកាន់តែហ្វឹកហាត់វាប៉ុណ្ណា ខួរក្បាលរបស់អ្នកនឹងកាន់តែអភិវឌ្ឍសមត្ថភាពរបស់វាប៉ុននោះ។ អ្នកអាចរុញសមត្ថភាពខួរក្បាលរបស់អ្នកឲ្យឈានទៅដល់សក្ដានុពលខ្ពស់បំផុតរបស់វាបាន ដរាបណាអ្នកបណ្ដុះវិន័យខ្លួនឯងដោយហ្វឹកហាត់ខួរក្បាលអ្នកជាប្រចាំជាមួយនឹងវិធីសាស្ត្រទាំង៣ខាងក្រោមនេះ៖
១) បន្តស្វែងរកនូវចំណេះដឹងថ្មីៗជានិច្ច៖ វាអាចធ្វើទៅបាន ទាល់តែអ្នកចាប់ផ្ដើមផ្លាស់ប្ដូរចិត្តគំនិតរបស់អ្នកឲ្យមានលក្ខណៈទូលំទូលាយបើកចំហទទួលយកចំណេះដឹងថ្មីៗនៅជុំវិញខ្លួនអ្នក និងបង្កើតបណ្ដាញទំនាក់ទំនងជាមួយមនុស្សមានគំនិតខុសគ្នាឲ្យបានច្រើន។ នៅរាល់សកម្មភាពថ្មីៗដែលអ្នកធ្វើ វានឹងបង្កើតការភ្ជាប់គ្នារបស់ប្រព័ន្ធប្រសាទថ្មីៗនៅក្នុងខួរក្បាលរបស់អ្នក ហើយប្រព័ន្ធប្រសាទថ្មីៗទាំងនោះនឹងត្រៀមខ្លួនរួចជាស្រេចសម្រាប់ឲ្យអ្នកបញ្ចូលទុកនូវចំណេះដឹងថ្មីៗ បន្ទាប់មកវានឹងបង្កើនសមត្ថភាពខួរក្បាលរបស់អ្នក។
២) ប្រកួតប្រជែងខ្លួនឯង៖ មានការណែនាំជាច្រើនចំពោះប្រយោជន៍នៃការលេងល្បែងមួយចំនួនជួយបង្កើនសមត្ថភាពខួរក្បាលរបស់អ្នក។ ពិតណាស់ ល្បែងមួយចំនួនទាមទារឲ្យខួរក្បាលអ្នកធ្វើការខ្លាំង ប្រៀបដូចជាសកម្មភាពមួយហ្វឹកហាត់ខួរក្បាលឲ្យបង្កើនសមត្ថភាពរបស់វាដែរ។ ពីដំបូងឡើយវាពិតជាមានប្រយោជន៍យ៉ាងច្រើនមហាសាលមែន ប៉ុន្តែយូរៗទៅខួរក្បាលអ្នកនឹងសាំុជាមួយស្ថានភាពប្រកួតប្រជែងដែលធ្លាប់តែមានផលលំបាកសម្រាប់ខួរក្បាលអ្នក ព្រោះមកដល់ដំណាក់កាលនេះជាពេលដែលខួរក្បាលអ្នកអាចទប់ទល់បានយ៉ាងមានប្រសិទ្ធភាពជាមួយនឹងឧបសគ្គទាំងនោះ។ ប៉ុន្តែប្រសិទ្ធភាពមិនអំណោយផលដល់ការអភិវឌ្ឍនៃខួរក្បាលនោះឡើយ ដូច្នេះវាភ្ជាប់នឹងចំណុចទី១ដែលអ្នកត្រូវស្វែងរកចំណេះដឹងថ្មីៗបន្តទៀត ដើម្បីបង្កើនសមត្ថភាពខួរក្បាល។
៣) ជ្រើសរើសដើរផ្លូវលំបាក៖ ការជ្រើសរើសដើរផ្លូវលំបាក គឺជាគំនិតមួយដែលរុញច្រានចោលនូវភាពងាយស្រួលដែលបច្ចេកវិទ្យាបានផ្ដល់ជាជម្រើសសម្រាប់មនុស្សសម័យនេះ។ នៅចុងម្ខាងនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបគឺជាភាពងាយស្រួល ចំណេញកម្លាំងនិងពេលវេលា ប៉ុន្តែនៅចុងម្ខាងទៀតវានឹងធ្វើឲ្យខួរក្បាលរបស់អ្នកខ្ជិល ក៏ព្រោះតែមានជំនួយពីបច្ចេកវិទ្យាធ្វើឲ្យវាមិនសូវធ្វើការនោះឯង។ តាមរបៀបនេះ អ្នកមិនអាចបង្កើនសមត្ថភាពខួរក្បាលអ្នកឲ្យអភិវឌ្ឍឈានទៅដល់សក្ដានុពលខ្ពស់បំផុតរបស់វាបានឡើយ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ scientificamerican