តើភាពជាអ្នកដឹកនាំបែបណាដែលនាំទៅដល់ការផ្លាស់ប្ដុរសង្គមជាតិបាន​ ?​



រដ្ឋបុរស​ឥណ្ឌា​មួយ​រូប​ដែល​តែង​ស្ថិត​នៅ​ក្នុង​ក្រអៅ​បេះដូង​របស់​ប្រជាពលរដ្ឋ​ឥណ្ឌា​រាប់​លាន​នាក់ ដែល​ពិភពលោក​ស្គាល់​លោក​ជា មហាត្មៈគន្ធិ ក៏​ព្រោះ​តែ​ការ​ដឹកនាំ​ចលនា​ប្រជាជន​ប្រឆាំង​នឹង​ពួក​អង់គ្លេស ដើម្បី​ទាមទារ​រក​ឯករាជ្យ​ជូន​ប្រជាជន​ឥណ្ឌា​មក​វិញ​តាម​វិធី​អហិង្សា​បាន​ដោយ​ជោគជ័យ។ រីឯ​បុគ្គល​មួយ​រូប​ទៀត​ដែល​ធ្វើ​ឲ្យ​យើង​គ្រប់​គ្នា​មាន​រថយន្ត​ប្រើប្រាស់​បាន​សព្វ​ថ្ងៃ​នេះ​គឺ លោក ហេនរី ហ្វដ តាម​ការ​ដឹកនាំ​សមាជិក​ក្រុម​របស់​ខ្លួន​ជាមួយ​នឹង​ទស្សនវិស័យ​ដៅ​ទុក​ជា​រូបភាព​ច្បាស់​ប្រាកដ​ក្នុង​ចិត្ត​បាន​ប្រកប​ដោយ​ស្នាដៃ​ដ៏​គួរ​ជាទី​ស្ញប់ស្ញែង​របស់​ពិភពលោក។តើ​អ្នក​ដឹកនាំ​ដ៏​អស្ចារ្យ​២​រូប​នេះ មិនមែន​ជា​គំរូ​នៃ​ភាព​ជោគជ័យ​ដែល​ជា​លទ្ធផល​ពី​គតិបណ្ឌិត​នៃ​ភាព​ជា​អ្នក​ដឹកនាំ​ដ៏​ល្អ​ថ្លៃថ្លា​របស់​ពួកគាត់​ទេ​ឬ ?

អ្នកដឹកនាំ​បែប​នេះ មាន​ចក្ខុវិស័យ​ប្រមើល​មើល​បាន​វែង​ឆ្ងាយ មើល​ឃើញ​ធ្លុះ​ទៅ​ដល់​អ្វី​ដែល​ជា​បញ្ហា​ដែល​សង្គមជាតិ​របស់​ខ្លួន​កំពុង​ជួប​ប្រទះ។ ពិត​ណាស់​ថា បុគ្គល​នៅ​ក្នុង​សង្គម​ណា​ម្នាក់​ក៏​អាច​នឹង​មើល​ឃើញ​ពី​បញ្ហា​របស់​សង្គមជាតិ​ខ្លួន​បាន​ដូច​គ្នា​ដែរ តែ​អ្វី​ដែល​ជា​ភាព​ខុស​គ្នា​រវាង​បុគ្គល​ធម្មតា និង​បុគ្គល​ដែល​មាន​ភាព​ជា​អ្នក​ដឹកនាំ​របៀប​នេះ គឺជា​ការ​ដែល​បុគ្គល​ដែល​ជា​អ្នកដឹកនាំ​នេះ សម្លឹង​មើល​ឃើញ​នូវ​បញ្ហា​ជា​ឱកាស និង​មាន​គោលបំណង​ធ្វើ​លើស​ពី​មនុស្ស​ធម្មតា​ទៅ​ទៀត​គឺ បង្កើត​ការ​ផ្លាស់ប្ដូរ​ចំពោះ​សង្គម​របស់​ពួកគេ។ ប៉ុន្តែ តើ​បុគ្គល​តែ​ម្នាក់ បើ​ទោះ​ជា​មាន​គោលដៅ​ច្បាស់លាស់​ក្នុង​ចិត្ត​រួច​ហើយ អាច​សម្រេច​គោលដៅ​នោះ​ដោយ​សមត្ថភាព​ខ្លួនឯង​តែ​ម្នាក់​បាន​ទេ ? អ្នក​ត្រូវ​ទទួល​ស្គាល់​ថា គ្មាន​នរណា​ម្នាក់​ចេះ​អស់​នោះ​ទេ។ មក​ដល់​ចំណុច​នេះ ភាព​ជា​អ្នកដឹកនាំ​ដែល​អាច​បំផុស​អ្នកដទៃ​ឲ្យ​មើល​ឃើញ​នូវ​អ្វី​ដែល​ជា​ទស្សនវិស័យ​របស់​ខ្លួន និង​អាច​ជំរុញ​អ្នក​ទាំងនោះ​មក​រួម​ដំណើរ​សម្រេច​គោលដៅ​ជាមួយ​គ្នា​ពិត​ជា​ប្រការ​សំខាន់​បំផុត។ តើ​លក្ខណៈ​នៃ​ភាព​ជា​អ្នកដឹកនាំ​បែប​នេះ អាច​សម្រេច​ទៅ​បាន​យ៉ាង​ដូចម្ដេច ?

១) អ្នក​ខ្លួនឯង​ត្រូវ​មើល​ឃើញ​នូវ​រូបភាព​ជា​ការ​ចង់​ផ្លាស់ប្ដូរ​របស់​អ្នក​ជា​មុន​សិន៖ តើ​សង្គមជាតិ​របស់​អ្នក​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​អ្វី ដែល​អ្នក​ចង់​កែប្រែ​ផ្លាស់ប្ដូរ​វា​ឲ្យ​ល្អ​ប្រសើរ​វិញ ? បើ​អ្នក​រក​ឃើញ​ចម្លើយ​សម្រាប់​សំណួរ​នេះ​បាន​ហើយ នោះ​ហើយ​ជា​ចំណុច​ចាប់ផ្ដើម​របស់​អ្នក។

២) ប្រមូល​ផ្ដុំ​នូវ​មនុស្ស​ទាំងឡាយ​ណា​ដែល​មើល​ឃើញ​នូវ​រូបភាព​ដូច​អ្នក៖ មនុស្ស​ដែល​មាន​គំនិត​ខុស​គ្នា ម្ដេច​នឹង​អាច​ជិះ​ទូក​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ជាមួយ​គ្នា​ដល់​ត្រើយ​បាន​សម្រេច ? មហាត្មៈគន្ធិ ក៏​ប្រាកដ​ជា​ពុំ​អាច​សម្រេច​នូវ​ការ​ផ្លាស់ប្ដូរ​របស់​ខ្លួន​បាន​ដោយ​មាន​ក្រុម​ជា​អ្នក​មាន​គំនិត​ប្រឆាំង​ផ្ទុយ​គ្នា​ពី​លោក​បាន​ដែរ។

៣) គិតគូរ​ពី​ជំហាន​ត្រូវ​ដើរ​នីមួយៗ​ជាមួយ​សមាជិក​ក្រុម​របស់​អ្នក៖ ការ​រួម​ចំណែក​ពី​សមាជិក​ក្រុម​ក្នុង​ការ​សម្រេច​ចិត្ត​ផ្សេងៗ វា​បង្ហាញ​ថា​អ្នក​ជា​អ្នក​ដឹកនាំ​ដែល​ផ្ដល់​តម្លៃ​ដល់​ពួកគេ។ នៅ​ពេល​មនុស្ស​ទទួល​អារម្មណ៍​ថា​ខ្លួន​មាន​តម្លៃ​ក្នុង​ក្រុម​ហើយ វា​នឹង​ជំរុញ​ចិត្ត​ពួកគេ​ឲ្យ​មាន​កម្លាំង​ចិត្ត​តស៊ូ​ជាមួយ​អ្នក​ទៅ​ឲ្យ​ដល់​គោលដៅ​ខាង​មុខ។ ម្យ៉ាងទៀត ការ​លើក​ទឹកចិត្ត​សមាជិក​ក្រុម​គ្រប់ៗ​គ្នា គឺជា​អ្វី​ដែល​អ្នកដឹកនាំ​ល្អ​គ្រប់​រូប​មិន​អាច​ខ្វះ​បាន​ឡើយ។

៤) អបអរ​សាទរ​ចំពោះ​ជ័យជម្នះ ហើយ​ការ​បរាជ័យ​ជា​អ្វី​ដែល​ត្រូវ​រៀន​សូត្រ​ពី​វា៖ នៅ​ពេល​អ្នក​បរាជ័យ អ្នក​មិនមែន​បរាជ័យ​នោះ​ទេ បើ​ចិត្ត​អ្នក​មិន​បរាជ័យ មិន​បោះបង់​គោលដៅ​របស់​ខ្លួន។ ជ័យជម្នះ​គ្រាន់តែ​ជា​អ្វី​ដែល​អាច​ឲ្យ​អ្នក​សាទរ​ប៉ុណ្ណោះ យ៉ាងណាមិញ​ការ​បរាជ័យ​នឹង​ផ្ដល់​មេរៀន​មាន​តម្លៃ​ដល់​អ្នក​សម្រាប់​កែប្រែ​ចំណុច​ខ្វះខាត​ខ្លួនឯង​ឲ្យ​ល្អ​ឡើង​វិញ។ គ្មាន​បរាជ័យ ជោគជ័យ​ក៏​មិន​អាច​មាន​បាន​ដែរ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ lifehack

X
5s