​ចំណុចពិសេស ៤​យ៉ាង នៃ​វប្បធម៌​នៃ​ការ​ធ្វើ​ជំនួញ​របស់​ជនជាតិ​ជប៉ុន ​ដែល​អ្នក​គួរ​រៀន​សូត្រ​



បិតា​ស្ថាបនិក​សិង្ហបុរី​បាន​ពោល​ដូច្នេះ​ថា៖ "បណ្ដុះ​វិន័យ​ឲ្យ​មាន​នៅ​ក្នុង​ខ្លួន​សិន ទើប​អាច​ឈាន​ទៅ​ដល់​គោលដៅ​នៃ​ក្ដី​សុបិន​បាន"។ ការ​ប្រតិបត្តិ​ដោយ​វិន័យ​គឺជា​ការ​យក​ឈ្នះ​លើ​ខ្លួនឯង ជាមួយ​នឹង​ការ​ហាត់​ពត់​លត់​ដំ​ចិត្ត​គំនិត​របស់​ខ្លួន​ជា​ប្រចាំ​ទៅ​រក​សុភវិនិច្ឆ័យ​ដ៏​ត្រឹមត្រូវ​និង​វិជ្ជមាន នោះ​វា​នឹង​បង្ក​ជា​ទម្លាប់​ល្អ ដែល​ប្រៀប​បាន​ទៅ​នឹង​គោលការណ៍​ដ៏​រឹងមាំ​របស់​ជីវិត​សម្រាប់​ឆ្លើយតប​ទៅ​កាន់​ស្ថានការណ៍​ផ្សេងៗ​ទាំងឡាយ។

តួយ៉ាង​ជនជាតិ​ជប៉ុន​តែង​ត្រូវ​បាន​គេ​លើក​សរសើរ​ចំពោះ​សមិទ្ធផល​នៃ​ផ្នែក​ផ្សេងៗ​ដែល​ដើរ​ទន្ទឹម​គ្នា ជំរុញ​ភាព​រុងរឿង​របស់​ប្រទេស​ទាំងមូល។  ក្នុង​នោះ​ចំណុច​ដែល​គួរ​ជាទី​កត់​សម្គាល់​និង​លើក​សរសើរ​មួយ​នោះ​គឺ វប្បធម៌​នៃ​ការ​ធ្វើ​ជំនួញ​របស់​ជាតិសាសន៍​ជប៉ុន ដែល​សុទ្ធតែ​មាន​ឫសគល់​ចេញ​ពី​ជោគជ័យ​ក្នុង​ការ​បណ្ដុះ​នូវ​ទម្លាប់​ល្អៗ​ទាំងអស់។ តើ​វប្បធម៌​នៃ​ការ​ធ្វើ​ជំនួញ​របស់​ជប៉ុន​មាន​លក្ខណៈ​សំខាន់ៗ​ដូចម្ដេច​ខ្លះ ដែល​សហគ្រិន​គ្រប់​រូប​អាច​រៀន​សូត្រ​ធ្វើ​ជា​គំរូ​បាន?

១) បើ​ជនជាតិ​ជប៉ុន​ណា​ម្នាក់​អះអាង​ថា​ខ្លួន​អាច​បំពេញ​ការងារ​នោះ​រួច​រាល់​បាន នោះ​ពួកគេ​នឹង​ធ្វើ​វា​បាន​មែន

ពួកគេ​នឹង​មិន​អះអាង​ទទួល​យក​ការងារ​ណា​ដែល​ដឹង​ច្បាស់​ថា​ហួស​ពី​សមត្ថភាព​ខ្លួនឯង​នោះ​ទេ ដែល​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការណ៍​ដែល​ពួកគេ​យក​គុណ​តម្លៃ​នៃ​ការ​បំពេញ​តាម​ពាក្យ​សម្ដី​របស់​ខ្លួន​ជា​ការ​ទទួល​ខុសត្រូវ​ដ៏​សំខាន់​របស់​ខ្លួន។ បុគ្គលិក​របស់​ពួកគេ​ព្យាយាម​យល់​ឲ្យ​ច្បាស់​អំពី​ភារកិច្ច​របស់​ខ្លួន​ដែល​ត្រូវ​បំពេញ​ក្នុង​ការងារ​ណាមួយ និង​ប្រសិន​បើ​ការ​អនុវត្ត​មិន​ប្រព្រឹត្ត​ទៅ​តាម​គម្រោងការ​ដែល​បាន​កំណត់​ទុក នោះ​គឺ​បុគ្គលិក​ខ្លួនឯង​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​លទ្ធផល​របស់​ខ្លួន។

២) ក្នុង​ទស្សន​របស់​ជនជាតិ​ជប៉ុន អតិថិជន​ពួកគេ​គឺជា​ព្រះ​ជា​ម្ចាស់

អ្នក​ធ្វើ​ជំនួញ​ភាគច្រើន​តែង​និយាយ​ដូច​គ្នា​ដូច្នេះ​ថា បម្រើ​អតិថិជន​ឲ្យ​ដូចជា​ស្ដេច។ យ៉ាងណាមិញ ជនជាតិ​ជប៉ុន​ធ្វើ​លើស​ពី​អ្វី​ដែល​ជា​ការ​សំណូមពរ​របស់​អតិថិជន​ទៅ​ទៀត ជា​ហេតុ​នាំ​មក​នូវ​ការ​ពេញចិត្ត​ដល់​អតិថិជន ព្រម​ទាំង​បង្កើត​នូវ​ចំណង​ទំនាក់ទំនង​យ៉ាង​គាប់​ប្រសើរ​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ទៀត​ផង។

៣) ការ​ពន្យារពេល​ក្នុង​ការ​សម្រេច​ចិត្ត មិនមែន​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​អ​ប្រសិទ្ធភាព​របស់​ពួកគេ​នោះ​ទេ

ដំណើរការណ៍​នៃ​ការ​សម្រេច​ចិត្ត​ចំពោះ​ផែនការ​ណាមួយ សម្រាប់​ជនជាតិ​ជប៉ុន វា​ជា​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ការ​គិតគូរ​ល្អិតល្អន់ ព្យាយាម​ប្រមូល​យក​ទិន្នន័យ​ឲ្យ​បាន​សព្វ​គ្រប់​ជ្រុងជ្រោយ​មុន​នឹង​ឈាន​ដល់​ការ​សម្រេច​ពិត​ប្រាកដ។ សម្រាប់​សហគ្រិន​ពួក​ខាងលិច​ដែល​មាន​ទម្លាប់​សម្រេច​កិច្ចការ​អ្វី​មួយ​ភ្លាមៗ រហ័សរហួន អាច​នឹង​យល់ថា​វា​ជា​វិធី​ប្រតិបត្តិ​បែប​អន្ទង់​វែង​ឆ្នាំង​វែង និង​គ្មាន​ប្រសិទ្ធភាព ផ្ទុយទៅវិញ​វា​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ឲ្យ​តម្លៃ​ទៅលើ​គុណភាព​ខ្ពស់​ចំពោះ​កិច្ចការ​របស់​ពួកគេ​ទៅវិញ​ទេ។

៤) ការ​ផឹក​ស្រា​ជាមួយ​មិត្ត​រួម​ការងារ​ត្រូវ​បាន​ចាត់​ទុក​ជា​ផ្នែក​មួយ​នៃ​ការងារ

ការ​ផឹក​ស្រា​នឹង​បណ្ដាល​ឲ្យ​ពួកគេ​បន្ធូរ​អារម្មណ៍​ស្មុគស្មាញ​របស់​ខ្លួន រួច​ក៏​និយាយ​រឿងរ៉ាវ​ក្នុង​ចិត្ត​ពិត​ប្រាកដ​ប្រាប់​គ្នា​ទៅវិញ​ទៅមក។ ការ​ផឹក​ស្រា​ដែល​ត្រូវ​បាន​ជនជាតិ​ជប៉ុន​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​នៃ​ការងារ​នេះ​ទៀត​សោត ក៏​មិនមែន​ផឹក​តែ​ជាមួយ​មិត្ត​រួម​ការងារ​ស្និទ្ធស្នាល​បំផុត​នោះ​ដែរ សូម្បី​តែ​អ្នក​ឋានៈ​តូច​ទាប​ក្ដី ក៏​ព្រោះ​តែ​វា​ជា​ការ​រឹត​បន្តឹង​នូវ​ទំនាក់ទំនង​របស់​ពួកគេ​ឲ្យ​កាន់តែ​ស្និទ្ធស្នាល​នោះ​ឯង៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ japantoday

X
5s