តើអ្វីជាវិធីសាស្ត្រនៃការចងចាំដ៏មានប្រសិទ្ធភាពរបស់ក្រិកបុរាណ ?
តើអ្នកជឿដែរទេថា នៅលើលោកនេះពិតជាមានមនុស្សដែលមានសមត្ថភាពអាចចងចាំរាប់រយតួលេខ ដោយគ្រាន់តែមើលបានម្ដង អាចចងចាំឈ្មោះមនុស្សមិនដែលស្គាល់រាប់សិបនាក់ ចងចាំកំណាព្យតាំងពីដើមដល់ចប់ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទី ថែមទាំងប្រកួតគ្នានរណាចងចាំពីលំដាប់នៃសន្លឹកបៀរបានលឿនជាងគេទៀតនោះ ? ប្រការដែលស្ទើរតែមិនគួរឲ្យជឿនេះ ពិតជាកើតមានមែននៅក្នុងការប្រកួតប្រជែងជើងឯកចងចាំមួយរបស់សហរដ្ឋអាមេរិក ដែលធ្វើឡើងជារៀងរាល់ឆ្នាំនៅទីក្រុង ញូយ៉ក។
ចម្ងល់ក៏ផុសឡើងឆ្លើយតបទៅកាន់ភាពអស្ចារ្យនៃសមត្ថភាពចងចាំរបស់អ្នកប្រកួតទាំងនោះថា តើវាអាចទៅរួចរបៀបនេះបានយ៉ាងដូចម្ដេច ? នៅក្នុងសៀវភៅជាប់ចំណាត់ថ្នាក់លេខ៣មួយក្នុងចំណោមសៀវភៅលក់ដាច់បំផុតរបស់ New York Times កាលពីឆ្នាំ២០១១ និងថែមទាំងបានឈរក្នុងតារាងចំនួន៨សប្ដាហ៍ជាប់គ្នាទៀតនោះ មានចំណងជើងថា "Moonwalking with Einstein: The Art and Science of Remembering Everything" របស់អ្នកវិទ្យាសាស្ត្រសញ្ជាតិអាមេរិកមួយរូប លោក Joshua Foer បានបកស្រាយថាតើពួកគេអាចមានសមត្ថភាពចងចាំយ៉ាងអស្ចារ្យបែបនេះបានដោយរបៀបណា។
នាសម័យបច្ចេកវិទ្យាជឿនលឿនបច្ចុប្បន្ននេះ បុគ្គលមានប្រាជ្ញាគឺជាអ្នកទាំងឡាយណាដែលមានគំនិតច្នៃប្រឌិតអាចបង្កើតរបស់ប្រើប្រាស់ថ្មីៗបាន យ៉ាងណាមិញកាលពីសម័យដើមអំឡុងមជ្ឈិមសម័យរបស់ក្រិកបុរាណ បុគ្គលមានប្រាជ្ញាគឺជាអ្នកទាំងឡាយណាដែលមានការចងចាំល្អទៅវិញទេ។ បច្ចេកវិទ្យាទំនើបហុចផលប្រយោជន៍ឲ្យមនុស្សលោកយ៉ាងច្រើនសន្ធឹកសន្ធាប់ ស្របពេលជាមួយគ្នានេះដែរ វាក៏ត្រូវបានប្រើប្រាស់ជាឧបករណ៍ជំនួសការចងចាំរបស់ខួរក្បាលមនុស្ស រហូតពួកគេស្ទើរតែភ្លេចទៅហើយពីវិធីនៃការចងចាំទិន្នន័យនានា។ តើអ្នកចង់ដឹងទេថាអ្វីទៅជាវិធីនៃការហ្វឹកហាត់ខួរក្បាលឲ្យចងចាំបានល្អបំផុតរបស់កីឡាអត្តពលកម្មប្រកួតចងចាំទាំងនោះ ?
ពួកគេគ្រប់ៗគ្នាសុទ្ធតែបានឆ្លងកាត់ការហ្វឹកហាត់ខួរក្បាលរបស់ខ្លួនឲ្យចងចាំតាមវិធីសាស្ត្រមួយដែលត្រូវបានរកឃើញដោយអ្នកជំនាញកំណាព្យរបស់ក្រិកម្នាក់ឈ្មោះSimonides កាលពីសតវត្សទី៥មុនគ.ស ជាវិធីសាស្ត្រ “memory palace” នៅក្រោយពេលការភៀសខ្លួនរបស់លោកចេញពីអាគារមួយដែលកំពុងដួលរលំដែលបណ្ដាលឲ្យមនុស្សទាំងអស់ក្នុងអាគារត្រូវដំបូលសង្កត់ស្លាប់។ គាត់បានព្យាយាមចងចាំពីទីកន្លែងនៃសាកសពអ្នកស្លាប់ដោយការបង្កើតរូបភាពក្នុងការគិត និងបង្កើតភាពជាប់ពាក់ព័ន្ធគ្នាជាទម្រង់នៃខ្សែរឿងនិទាន។ វាប្រៀបដូចជាស្ថាបត្យកម្មនៃការគិត ដែលប្រសិនណាជារូបភាពនោះកាន់តែមានចំណុចសំខាន់សម្រាប់អ្នក មានអត្ថន័យជ្រាលជ្រៅ និងមានភាពស្រស់បំព្រងប៉ុណ្ណា នោះអ្នកក៏នឹងកាន់តែចងចាំវាបានល្អបំផុតប៉ុននោះ។
ជាឧទាហរណ៍មួយ មានមនុស្សម្នាក់ប្រាប់ទៅបុរស "ក" ដំណាលគ្នានឹងបុរស "ខ" ឲ្យចងចាំពីពាក្យដូចគ្នាមួយគឺ baker/Baker ។ បុរស "ក" ត្រូវបានប្រាប់ឲ្យចងចាំនូវពាក្យនេះដោយប្រាប់ថាមនុស្សម្នាក់នោះឈ្មោះ Baker រីឯបុរស "ខ" ត្រូវបានប្រាប់ឲ្យចងចាំដោយប្រាប់ថាមនុស្សម្នាក់នោះជា baker (ជាអ្នកដុតនំ)។ មួយរយៈក្រោយមកពេលបុរសទាំងពីរត្រូវបានសួរនូវពាក្យ baker/Bakerនោះម្ដងទៀត បុរស "ខ" នឹងអាចចងចាំនូវពាក្យនេះបានល្អជាងបុរស "ក" ព្រោះថានៅពេលគាត់ត្រូវបានប្រាប់ពីអ្នកដុតនំ គាត់នឹងនឹកទៅដល់រូបរាងរបស់អ្នកដុតនំមានពាក់មួកពណ៌ស មុខប្រឡាក់ម្សៅ មានក្លិនឈ្ងុយជាប់ខ្លួន ដែលអាចឲ្យអ្នកស្រមៃនូវរូបភាពក្នុងគំនិតនិងបង្កើតជាភាពជាប់ពាក់ព័ន្ធគ្នានេះ។ ដោយឡែក នៅពេលពាក្យថា Baker ត្រូវបានប្រាប់ឲ្យចាំក្នុងទម្រង់ជាឈ្មោះវិញ វាមិនអាចឲ្យអ្នកនឹងស្រមៃបង្កើតចេញជារូបភាពនិងបន្តជាភាពជាប់ពាក់ព័ន្ធគ្នាអ្វីបានឡើយ ដែលធ្វើឲ្យអ្នកពិបាកក្នុងការហៅការចងចាំនោះត្រឡប់មកវិញ នៅពេលអ្នកត្រូវការវាលើកក្រោយ៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ conversationagent & wikipedia