ទស្សនក្នុងរបត់នៃផ្លាស់ប្ដូរដ៏ធំនៃ «យុគនៃវិចារណញ្ញាណ» (The Enlightment)​



ធម្មជាតិ​នៃ​ការ​ពិត​នៅ​តែ​ជា​ការ​ពិត បើ​ទោះ​ជា​អ្នក​ខំ​បង្កើត​ជំនឿ​រវើរវាយ​ផ្ដេសផ្ដាស​ប្រាសចាក​ពី​ការ​ពិត ក៏​វា​មិន​អាច​កែប្រែ​ធម្មជាតិ​របស់​វា​បាន​ដែរ។ ជំនឿ​ដែល​ឥត​មាន​ការ​ត្រិះរិះ​ពិចារណា​រក​ហេតុផល​ឲ្យ​បាន​ត្រឹមត្រូវ គឺជា​ប្រការ​ដ៏​គ្រោះថ្នាក់​បំផុត។ គេ​ថា​ជំនឿ​គ្មាន​ភ្នែក​នោះ​ទេ។ នៅ​ពេល​អ្នក​រស់នៅ​ក្នុង​សង្គម​មួយ​ដែល​គ្រួសារ​និង​សង្គម​អ្នក​ប្រកាន់​យក​ជំនឿ ឬ​ទំនៀមទម្លាប់​ណាមួយ ជាទូទៅ​អ្នក​មិន​សូវ​ចាប់​អារម្មណ៍​ចង់​ដឹង​ពី​ឫសគល់​ដែល​នាំ​ឲ្យ​កកើត​នូវ​ជំនឿ​បែប​នេះ​នោះ​ទេ គឺ​ជំនឿ​នោះ​ចូល​កប់​ជ្រៅ​ក្នុង​អនុ​សម្បជញ្ញៈ​របស់​អ្នក​ដោយ​ឥត​ដឹង​ខ្លួន។

ប្រសិន​ណា​បើ​មនុស្ស​ជឿ​លើ​អ្វី​មួយ​ដោយ​ឥត​ត្រិះរិះ​ពិចារណា​បែប​នេះ មានន័យ​ថា​ពួកគេ​មិន​បាន​យក​សតិ​សម្បជញ្ញៈ​របស់​ខ្លួន​មក​ប្រើប្រាស់​នោះ​ទេ ពួកគេ​ប្រើ​បាន​ត្រឹមតែ​កម្រិត​សភាវគតិ​ដែល​ជា​សមត្ថភាព​នៃ​ការ​គិត​របស់​សត្វ​តែ​ប៉ុណ្ណោះ។ មនុស្ស​ខុស​ពី​សត្វ​ត្រង់​ថា​មនុស្ស​មាន​សតិ​សម្បជញ្ញៈ ចេះ​គិត​ពិចារណា​ហេតុ​និង​ផល ជា​សត្វ​កម្រិត​ខ្ពស់។ ក្នុង​សម័យកាល​មជ្ឈិម​សម័យ​នៃ​យុគ​ងងឹត​ក្នុង​អឺរ៉ុប គឺជា​ឧទាហរណ៍​ដ៏​ជាក់ស្ដែង​មួយ​អំពី​ជំនឿ​ខ្វះ​ការ​ត្រិះរិះ​ពិចារណា។ មួយ​ផ្នែក​នៃ​ប្រជាជន​ត្រូវ​បាន​មេ​ដឹកនាំ​សាសនា​កាតូលិក​អូសទាញ បំភ្លៃ​ការ​ពិត​ទៅ​ជា​ការ​ប្រឌិត ឯ​ខាង​ផ្នែក​សាសនា​ប្រូតិះស្តង់​ក៏​បញ្ចុះបញ្ចូល​ទៅ​តាម​វិធីសាស្ត្រ​របស់​ពួកគេ​រៀងៗ​ខ្លួន បង្ក​ជា​ជម្លោះ​សាសនា​រ៉ាំរ៉ៃ សម្លាប់​អស់​ជីវិត​មនុស្ស​ជា​ច្រើន​នាក់ សុទ្ធតែ​មក​ពី​ជំនឿ​ខ្វាក់​ភ្នែក​ទាំងអស់។

រហូត​ដល់​អំឡុង​ចុង​សតវត្ស​ទី​១៧​ដល់​ដើម​សតវត្ស​ទី​១៨ ការ​លេច​ឡើង​នូវ​របត់​ផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អឺរ៉ុប ត្រូវ​បាន​គេ​ហៅ​ថា "យុគ​នៃ​វិចារណញ្ញាណ" (The Enlightment or The Age of Reason) ដែល​ជា​ឫសគល់​ដ៏​ចម្បង​នៃ​ការ​បដិវត្តន៍​របស់​អាមេរិក​ដែល​ស្ដែង​ចេញ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​បិតា​ស្ថាបនិក​អាមេរិក និង​ច្បាប់ Bill of Rights និង​ការ​បដិវត្តន៍​របស់​បារាំង​ដែល​វណ្ណៈ​កណ្ដាល​របស់​ប្រជាពលរដ្ឋ​បារាំង​ចាប់ផ្ដើម​ចង់​បាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន។ គំនិត​នៃ​យុគ​នៃ​វិចារណញ្ញាណ​នេះ ផ្ដោត​ជា​សំខាន់​ទៅលើ​៤​ចំណុច​ដូច​ខាងក្រោម​នេះ៖

១) វិចារណញ្ញាណ៖ បញ្ញវន្ត​ដែល​ជា​អ្នក​ផ្ដួចផ្ដើម​នូវ​គំនិត​នៃ​យុគ​នៃ​វិចារណញ្ញាណ​ទាំងឡាយ យល់​ថា​ការ​គិត​មាន​ហេតុផល គឺជា​ដំណើរ​នៃ​ការ​នាំ​ទៅ​រក​ការ​អភិវឌ្ឍន៍​របស់​មនុស្សជាតិ និង​ជា​បែបបទ​នៃ​ការ​គិត​ស្រប​ច្បាប់​បំផុត​របស់​មនុស្ស។ ការ​គិត​ប្រកប​ដោយ​ហេតុផល​នេះ​នឹង​នាំ​មនុស្ស​ចាក​ឆ្ងាយ​ពី​ភាព​ល្ងង់ខ្លៅ និង​ភាព​គ្មាន​ហេតុផល។ បើ​កាលណា​មនុស្ស​គិត​មាន​ហេតុផល នោះ​ទង្វើ​របស់​ពួកគេ​ក៏​កើត​ចេញ​ពី​ភាព​មាន​ហេតុផល​ដូច​គ្នា។

២) សង្ស័យ​និយម៖ បុគ្គល​អ្នក​ធ្វើ​បដិវត្ត​ក្នុង​យុគ​នៃ​វិចារណញ្ញាណ​នេះ​បាន​បំផុស​នូវ​ការ​ចេះ​សង្ស័យ ចេះ​ជីក​ឫសគល់​សួរ​រក​ហេតុផល​ពី​ធម្មជាតិ​នៃ​លោក សិទ្ធិ​អំណាច​របស់​ស្ដេច​ពី​ព្រះ​ជា​ម្ចាស់ ព្រមទាំង​លទ្ធិ​នៃ​សាសនា​ផង​ដែរ ដែល​ជា​ការ​ស្វែងរក​នូវ​ភស្តុតាង​មក​អះអាង​ពី​ការ​ពិត​នៃ​អ្វីមួយ តាមរយៈ​បទពិសោធន៍​ដឹង​បាន​ដោយ​ញាណ​នោះ​ឯង ជាជាង​ជឿ​ទាំង​ងងឹតងងល់។

៣) ការ​យោគយល់​គ្នា​នៃ​សាសនា៖ បើ​ទោះ​ជា​គំនិត​នៃ​យុគ​នៃ​វិចារណញ្ញាណ​នេះ​បណ្ដាល​ឲ្យ​មនុស្ស​សង្ស័យ​ពី​ការ​កកើត​នៃ​គំនិត​របស់​លទ្ធិ​សាសនា​ផ្សេងៗ​ក៏​ដោយ ប៉ុន្តែ​ពួកគេ​ជឿជាក់​ថា​មនុស្ស​ម្នាក់ៗ​មាន​សិទ្ធិ​ក្នុង​ការ​គោរព​បូជា​នូវ​អ្វី​ទៅ​តាម​ជំនឿ​របស់​ខ្លួន។

៤) សិទ្ធិ​សេរីភាព៖ ចលនា​នៃ​ការ​បដិវត្តន៍​នេះ​ទៀត​សោត​ក៏​បាន​ផ្ដោត​ជា​សំខាន់​លើ​សិទ្ធិ​សេរីភាព​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​ផង​ដែរ។ ទស្សន​នេះ​បាន​លើក​ឡើង​ថា ព្រះ​ជា​ម្ចាស់​ឬ​ធម្មជាតិ​បាន​ផ្ដល់​ឲ្យ​មនុស្ស​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ដល់​ពួកគេ​គ្រប់​គ្នា និង​អាច​ប្រព្រឹត្ត​ទៅ​តាម​សេរីភាព​របស់​ខ្លួន ដោយ​គ្មាន​ការ​ឃាត់ឃាំង​ពី​អំណាច​របស់​រាជរដ្ឋាភិបាល​ឡើយ។ ម្យ៉ាងទៀត មនុស្ស​ម្នាក់ៗ​មាន​សិទ្ធិ​ស្មើៗ​គ្នា ហើយ​អំណាច​នយោបាយ​ត្រូវ​តែ​ចេញ​ពី​ការ​ពេញចិត្ត​របស់​ប្រជាពលរដ្ឋ និង​ជា​តំណាង​នូវ​ឆន្ទៈ​របស់​ពួកគេ៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ livescience

X
5s