គន្លឹះ៣យ៉ាងជាកូនសោសម្រាប់ចាក់ឆ្ពោះទៅកាន់ក្ដីសុខស្ងប់ក្នុងជីវិត
តើអ្នកយល់ថាគោលដៅនៃការមានជីវិតរស់នៅគឺដើម្បីទទួលបាននូវក្ដីសុខពិតមែនទេ ? ពិតប្រាកដណាស់ថានរណាម្នាក់ក៏ចង់បានក្ដីសុខសម្រាប់ជីវិតរបស់ខ្លួនដែរ។ ប៉ុន្តែ តើតាមរបៀបណា ? តើអ្នកកំពុងតែវង្វេងរកសេចក្ដីសុខពីខាងក្រៅមកវិញដូចជា សម្ភារៈទំនើប មាសប្រាក់ទ្រព្យសម្បត្តិ កិត្តិយស កេរ្តិ៍ឈ្មោះ ឬការគោរពអោនលំទោនពីអ្នកដទៃឬ ? យ៉ាងណាមិញ នៅពេលអ្នកព្យាយាមស្វែងរករបស់ទាំងនោះដើម្បីមកផ្គាប់ផ្គុនក្ដីសុខរបស់ខ្លួន តើចិត្តរបស់អ្នកស្ងប់នឹងរបស់ទាំងនោះរហូតដែរទេ ? ម្យ៉ាងទៀត តើរបស់ទាំងនោះនៅឋិតថេរជាអមតរហូតអាចឲ្យអ្នកនាំយកទៅជាមួយបាននៅពេលអ្នកស្លាប់ទេ ?
មនុស្សលោកគឺបែបនេះហើយ តែងតែព្យាយាមចំណាយពេលវេលាស្ទើរតែពេញមួយជីវិតដើម្បីស្វែងរកក្ដីសុខពីខាងក្រៅ បំពេញតាមចំណង់តណ្ហារបស់ខ្លួនមិនចេះចប់មិនចេះហើយ រហូតដល់ហ៊ានបំផ្លាញក្ដីសុខអ្នកដទៃដើម្បីទទួលបានវាក៏មាន។ សេចក្ដីសុខមិននៅទីណាឆ្ងាយពីពួកគេនោះទេ គឺនៅក្នុងចិត្តដ៏ស្ងប់របស់ពួកគេនេះហើយ។ ខាងក្រោមនេះគឺជាកូនសោសម្រាប់ចាក់ឆ្ពោះទៅរកក្ដីស្ងប់សុខនៃចិត្តទាំងឡាយ៖
១) ក្ដីស្រឡាញ់ចំពោះខ្លួនឯង៖ ក្ដីស្រឡាញ់ចំពោះខ្លួនឯងគឺជាភាពស្មោះត្រង់ដែលអ្នកមានចំពោះខ្លួនឯង។ ភាពស្មោះត្រង់យ៉ាងដូចម្ដេច ? វាអាចបញ្ជាក់បាននៅត្រង់ភាពក្លាហានដែលអ្នកមានក្នុងការបង្ហាញពីមុខមាត់ពិតរបស់ខ្លួន បង្ហាញទៅកាន់ពិភពលោកនូវអ្វីជាធាតុពិតរបស់អ្នក មិនមែនគ្រាន់តែជាការសម្ដែងពាក់មុខលាក់កំបាំងក្លែងធ្វើជាមនុស្សផ្សេង ដើម្បីគ្រាន់តែបំពេញចិត្តអ្នកដទៃ ឬអ្វីដែលអ្នកខាងក្រៅទាំងឡាយក្រៅពីខ្លួនអ្នកយល់ថាគួរធ្វើនោះទេ។ លោក Paulo Coelhoពោលថា៖ "បើអ្នកចង់ជោគជ័យក្នុងជីវិត អ្នកត្រូវគោរពតាមច្បាប់មួយ នោះគឺមិនកុហកនឹងខ្លួនឯង"។
២) គោលបំណងនៃជីវិត៖ បើអ្នកមិនស្គាល់ពីអត្ថន័យនៃជីវិតទេ អ្នកច្បាស់ជាមិនអាចស្វែងរកក្ដីសុខឃើញនោះទេ។ ការស្គាល់ពីអត្ថន័យនៃជីវិតអាចកើតបាន ដរាបណាអ្នកស្គាល់ច្បាស់ពីគោលបំណងនៃជីវិតរបស់អ្នកជាអ្វី។ មនុស្សម្នាក់ៗមានគោលបំណងនៃជីវិតផ្សេងៗគ្នា ដូច្នេះវាពិតជាមិនត្រឹមត្រូវសោះឡើយដែលអ្នកលះបង់នូវអ្វីដែលអ្នកដឹងច្បាស់ថាជាគោលបំណងរបស់ខ្លួន គ្រាន់តែដើម្បីទំនោរសង្គមឬអ្វីដែលអ្នកដទៃអារកាត់ឲ្យអ្នកថាគួរធ្វើឬមិនគួរធ្វើនោះ ព្រោះអ្នកខ្លួនឯងនេះហើយជាម្ចាស់ជីវិតមានទំនួលខុសត្រូវអារកាត់លើជីវិតខ្លួនឯងនោះ។
៣) ភាពស្ងប់ស្ងៀម៖ ពិភពលោកនេះពោរពេញទៅដោយភាពវឹកវរច្របូកច្របល់ ដែលនេះជាហេតុងាយណាស់សម្រាប់អ្នកក្នុងការទទួលរងឥទ្ធិពលពីអ្វីៗនៅជុំវិញខ្លួន ដែលភាគច្រើនជាឥទ្ធិពលអវិជ្ជមាន។ មានពាក្យមួយឃ្លាថា៖ "បរិស្ថានរបស់មនុស្សជាអ្នកកំណត់នូវអត្តចរិតរបស់មនុស្ស"។ បើឥទ្ធិពលជុំវិញខ្លួនអ្នកអវិជ្ជមាន នោះជីវិតអ្នកក៏នឹងប្រព្រឹត្តទៅតាមនោះដែរ។ ហេតុនេះ ប្រសិនបើអ្នកបណ្ដែតបណ្ដោយទៅតាមទិសដៅដែលឥទ្ធិពលទាំងនោះនាំផ្លូវអ្នក ដោយមិនបានយកពេលខ្លះដកចិត្តដែលកំពុងឥតសណ្ដាប់ធ្នាប់នោះមកអប់រំទៅរកភាពស្ងប់ស្ងាត់ខ្លះទេ នោះផលដែលអ្នកទទួលបានពិតគឺភាពសោកសម្រែង និងសេចក្ដីទុក្ខនោះឯង៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ huffingtonpost