សំណួរទាំងនេះលោកអ្នកមិនគួរឆ្លើយដាច់ខាតពេលសម្ភាសន៍ការងារ
នៅពេលទៅសម្ភាសន៍មិនមែនសំណួរអ្វីក៏ចេះតែឆ្លើយដែរនោះទេ។ លោកអ្នកជាបេក្ខជនត្រូវដឹងថា តើសំណួរណាដែលអ្នកចាត់ទុកថា ជាសំណួរអសីលធម៌បំផុត ឬសំណួរដែលមិនត្រូវសួរទាល់តែសោះក្នុងពេលសម្ភាសន៍ការងារ។ ខាងក្រោមនេះ ជាសំណួរដែលលោកអ្នកគួរមិនឆ្លើយបើទោះបីក្រុមអ្នកសម្ភាសន៍ព្យាយាមសម្ភាសន៍អ្នកក៏ដោយ៖
- សួរឈ្មោះប្ដី ប្រពន្ធឬសង្សាររបស់អ្នក៖ វាគ្មានចំណុចទាក់ទងទាល់តែសោះចំពោះការងារដែលត្រូវសម្ភាសន៍ ចំពោះហេតុផលនៃការសួរចង់ដឹងឈ្មោះប្ដី ប្រពន្ធ ឬក៏សង្សាររបស់អ្នក។ នេះជាសំណួរអសីលធម៌បំផុតមួយ។
- តើអ្នកធ្លាប់ត្រូវបានចាប់ខ្លួនទេ?៖ បើលោកអ្នកជាមនុស្សស្អាតស្អំមែន សំណួរនេះលោកអ្នកក៏មិនគួរឆ្លើយនោះដែរ។ លោកអ្នកអាចស្នើសុំលិខិតថ្កោលទោសពីក្រសួងមហាផ្ទៃបង្ហាញទៅកាន់ក្រុមហ៊ុនដើម្បីបញ្ជាក់ពីភាពស្អាតស្អំ ប៉ុន្តែបើក្នុងពេលសម្ភាសន៍មានអ្នកសួរសំណួរបែបនេះមែន អ្នកសួរគឺជាមនុស្សអសីលធម៌បំផុត។
- តើអ្នកកាន់សាសនាអ្វី?៖មិនថានៅកម្ពុជា ឬនៅប្រទេសផ្សេងទេ ការសួរសំណួរពាក់ព័ន្ធនឹងសាសនា គឺជារឿងមិនសមរម្យផងដែរ។
- អ្នកជាក្រុម ឬសមាជិកអង្គការអ្វីមួយ?៖ សំណួរដែលសួរអំពីលោកអ្នកមានជាប់ទាក់ទងជាមួយនឹងគណបក្សនយោបាយ ក្រុមសាសនា ឬសមាជិកអង្គការអ្វី លោកអ្នកក៏មិនចាំបាច់ឆ្លើយដែរ។
- មានលុយប៉ុន្មាននៅក្នុងធនាគារ?៖ រឹតតែមិនគួរឆ្លើយទៅទៀត បើសិនជាអ្នកសម្ភាសន៍សួរអ្នកថា មានលុយប៉ុន្មាននៅក្នុងធនាគារ។
- តើអ្នកធ្លាប់លែងលះគ្នាទេ?៖បើអ្នកសម្ភាសន៍សួរអ្នកថា រៀបការឬក៏នៅលៀវ អាចឆ្លើយបាន ប៉ុន្តែបើសួរថាលោកអ្នកធ្លាប់លែងលះគ្នាដែរឬទេ ក៏មិនគួរឆ្លើយដែរ។
- ស្អប់ជាតិសាសន៍ណាជាងគេ?៖ បើទោះបីជានៅក្នុងចិត្តអ្នកស្អប់ជាតិសាសន៍ណាមួយក៏ដោយ ក៏លោកអ្នកមិនគួរឆ្លើយថាស្អប់ជនជាតិណាដែរ។
- ចេះផឹកស្រា ឬដើរលេងយប់ទេ?៖ សំណួរនេះ ក៏ត្រូវបានចាត់ទុកថា ជាសំណួរអសីលធម៌ដែរ។
- គ្រួសាររបស់អ្នករកចំណូលបានប៉ុន្មានដែរ?៖ បើអ្នកសម្ភាសន៍សួរពីប្រាក់ខែរបស់អ្នកបច្ចុប្បន្ន និងប្រាក់ខែរំពឹងទុក គឺមិនមានបញ្ហាអ្វីនោះទេ តែបើសួរពីស្ថានភាពប្រាក់ចំណូលមួយគ្រួសាររបស់អ្នកតែម្ដង គឺអ្នកមិនត្រូវឆ្លើយដាច់ខាត។
ត្រូវចាំថា សំណួរខាងលើនេះ គឺមិនប៉ះពាល់ចំពោះលទ្ធផលនៃការសម្ភាសន៍ការងាររបស់អ្នកនោះទេ ហើយប្រសិនបើអ្នកសម្ភាសន៍សួរសំណួរទាំងនេះមែន គឺលោកអ្នកគួរឆ្លើយថា ៖«សុំទោស! សំណួរនេះមិនពាក់ព័ន្ធនឹងការងារនោះទេ ខ្ញុំសូមរក្សាសិទ្ធិមិនឆ្លើយ»៕
ដោយ៖ រតនៈវិភូ