ប្រសិនជាគ្រូរបស់អ្នកមានអត្តចរិតដូចខាងក្រោមនេះ នោះបញ្ជាក់ថា គាត់ជាគ្រូល្អហើយ
ស្ទើរតែគ្រូគ្រប់រូបទៅហើយដែលចង់ក្លាយជាគ្រូល្អ ក៏ប៉ុន្តែតើអ្វីដែលអាចបញ្ជាក់បានថាគាត់ជាគ្រូម្នាក់ដ៏ល្អទៅ? តើពួកលោកគួរមានអត្តចរិត ឬឥរិយាបថយ៉ាងដូចម្ដេចខ្លះទៅ? ខាងក្រោមនេះ ជាអត្តចរិតឬគុណសម្បត្តិដែលគ្រូល្អត្រូវមាន៖
១) ភាពរួសរាយ និងរីករាយ៖ អត្តចរិតដែលសំខាន់បំផុតដែលគ្រូល្អត្រូវមានគឺភាពរួសរាយនិងរីករាយជាមួយសិស្សរបស់គាត់ ពីព្រោះថាវានឹងជំរុញឲ្យសិស្សរបស់គាត់ហ៊ានមកពិភាក្សាអំពីការសិក្សាឬបញ្ហាផ្ទាល់ខ្លួនដោយពុំមានភាពភ័យខ្លាចអ្វីទាំងអស់។
២)បុគ្គលិកលក្ខណៈល្អ៖ ពិតប្រាកដណាស់ គ្រូដែលល្អតែងតែមានបុគ្គលិកលក្ខណៈល្អ។ កូនសិស្សចូលចិត្តគ្រូណាដែលមានបុគ្គលិកលក្ខណៈល្អ ដែលធ្វើឲ្យការសន្ទនារបស់គ្រូនិងសិស្សមានការចុះសម្រុងនឹងគ្នា ដែលជាលទ្ធផលសិស្សងាយយល់មេរៀន និងប្រលងបានពិន្ទុល្អ។
៣) ចំណេះដឹងជ្រៅជ្រះ៖ ចំណុចសំខាន់មួយទៀត ដែលគ្រូល្អត្រូវមានគឺចំណេះដឹងនិងការអប់រំរបស់គាត់ ពីព្រោះថាការងាររបស់គាត់គឺត្រូវបង្រៀនអ្នកដទៃ។ ប្រសិនជាគាត់មិនច្បាស់លាស់នឹងជំនាញដែលគាត់បង្រៀនផង តើឲ្យសិស្សជឿជាក់លើការបង្រៀនរបស់គាត់យ៉ាងដូចម្តេចទៅ?
៤) អ្នកចរចាឬអ្នកសន្ទនាដ៏ល្អម្នាក់៖ គ្រូដែលល្អត្រូវតែមានជំនាញសន្ទនាជាដាច់ខាត ពីព្រោះថាជំនាញសន្ទនានេះផ្តល់អត្ថប្រយោជន៍ជាច្រើន។ ប្រសិនជាគ្រូរបស់អ្នកពូកែខាងនិយាយឬសន្ទនាជាមួយសិស្ស នោះគាត់ប្រាកដជាអាចផ្ទេរឬផ្តល់ចំណេះដឹងដល់សិស្សរបស់គាត់បានល្អ។
៥) អ្នកស្តាប់ដ៏ល្អ៖ អ្នកត្រូវចងចាំថា៖«អ្នកដែលពូកែស្តាប់តែងតែមានអ្នករាប់អានច្រើន។» គ្មានកូនសិស្សណាចង់អង្គុយស្តាប់គ្រូរហូតនោះទេ កូនសិស្សក៏ចង់ឲ្យគ្រូស្តាប់ដូចគ្នា។ គ្រូល្អត្រូវចេះស្តាប់និងនិយាយ មិនមែននិយាយសុទ្ធហើយឲ្យសិស្សចាំតែកត់ត្រានោះទេ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.essentialskill.com