​ចំណុច​៤​​យ៉ាង​ដែល​សំខាន់​បំផុត​​ក្នុង​ជីវិត​របស់​មនុស្ស​



អតីតតារាសម្តែងដ៏ល្បីរបស់អង់គ្លេស គឺលោកស្រី Audrey Helburn បាន​និយាយ​ថា៖«​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​គឺ​រីករាយ​នឹង​ជីវិត​»។ ប៉ុន្តែ​ មនុស្ស​ជា​ច្រើន​ធ្វើ​ការងារ​ច្រើន​ម៉ោង​ហួស​កម្រិត​ ដែល​គ្មាន​ពេល​សូម្បី​តែ​ដើរ​លេង​ឬ​ចំណាយ​ពេល​ជា​មួយ​មនុស្ស​ដែល​ខ្លួនស្រឡាញ់ទៅវិញ។ យើង​រាល់​គ្នា​បាន​ក្លាយ​ជា​ទាសករ​នៃ​លុយ​ ដែល​ធ្វើ​ឲ្យ​ភ្លេច​គិត​ពី​គ្រួសារ សុខភាព​ឬ​ក្តីសុបិន​របស់​យើង។ល។ តើ​អ្វី​ដែល​ពិត​ជា​សំខាន់​ជាង​គេ​ក្នុង​ឆាក​ជីវិត​? វា​អាស្រ័យ​ទៅ​លើ​គំនិត​បុគ្គល​នោះ​ទេ  ប៉ុន្តែចំណុច​៤​យ៉ាង​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​មិន​គួរ​បំភ្លេច៖​

១) សុខភាព៖ ទ្រព្យសម្បត្តិ​ពិត​គឺ​មាន​សុខភាព​ល្អ មិន​មែន​មាសប្រាក់​នោះ​ទេ ពី​ព្រោះ​ថា​ប្រសិន​ជា​អ្នក​ឈឹ​ អ្នក​មិន​អាច​ទៅ​ធ្វើការ អ្នក​ត្រូវ​ចំណាយ​ថវិកា​ជា​ច្រើន​សម្រាប់​ការ​ព្យាបាល។ ផ្ទុយ​ទៅវិញ ប្រសិន​ជា​អ្នក​មាន​សុខភាព​ល្អ អ្នក​មិន​ចាំ​បាច់​អស់​លុយ លើស​ពី​នេះ​ទៅ​ទៀត អ្នក​អាច​រក​ចំណូល​ថែម​ទៀត​ផង។

២) ទំនាក់​ទំនង​​៖ ក្តី​ស្រឡាញ់​គឺ​ជា​អ្វី​ដែល​មាន​តម្លៃ​បំផុត ពី​ព្រោះ​ថា​លុយ​មិន​អាច​ទិញ​ក្តី​ស្រឡាញ់​បាន​ទេ។ មនុស្ស​យើង​មិន​អាច​រស់​នៅ​ដោយ​គ្មាន​ក្តី​ស្រឡាញ់​បាន​ទេ យើង​ត្រូវ​ការ​ក្តី​ស្រឡាញ់​និង​ត្រូវ​ផ្តល់​ក្តី​ស្រឡាញ់​ទៅ​កាន់​អ្នក​ដទៃ​ដូចគ្នា។ ​ប្រសិន​ជា​អ្នក​រវល់​តែ​រក​លុយ ទំនាក់​ទំនង​ជា​មួយ​គ្រួសារ​ឬ​សង្សារ​​អាច​នឹង​មាន​ការ​​ប៉ះពាល់។

៣) គិត​វិជ្ជមាន៖ លោក Robert T.Kiyosaki ធ្លាប់​និយាយ​ថា៖« វា​មិន​មែន​ជា​អ្វីដែល​អ្នក​និយាយ​ចេញ​ពី​មាត់​ដែល​សំខាន់​នោះ​ទេ អ្វី​ដែល​សំខាន់គឺ​ការ​គិត​ដែល​អ្នក​ប្រាប់​ខ្លួន​ឯង»។ ប្រសិន​ជា​យើង​គ្មាន​ការ​គិត​វិជ្ជមាន​ទេ យើង​នឹង​ប្រៀបធៀប​ជីវិត​ខ្លួន​ឯង​ទៅ​នឹង​អ្នក​ដទៃ ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​មិន​ពេញ​ចិត្ត​នឹង​ជីវិត​ដែល​ខ្លួន​មាន។ ការ​គិត​វិជ្ជមាន​គឺ​ជា​ការ​ទទួល​យក​ខ្លួន​ឯង​និង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ដើម្បីភាព​ល្អ​ប្រសើរ។

៤) កុំ​ភ្លេច​ពី​ក្តី​សុបិន​ និង គុណ​តម្លៃ​របស់​ខ្លួន​ឯង៖ ជីវិត​របស់​យើង​គឺ​ខ្លី​ណាស់ ដូច្នេះ​ហើយ​​កុំ​ខ្ជះខ្ជាយ​ពេលវេលា​ទៅ​លើ​អ្វី​ដែល​មិន​ត្រូវ​នឹង​ក្តី​សុបិន​ គុណតម្លៃ​ឬ​គោលបំណង​របស់​ខ្លួន​ឯង។ ប្រសិន​ជា​អ្នក​ត្រូវ​ធ្វើ​អ្វី​មួយ ចាប់​ផ្តើម​នូវ​ថ្ងៃ​នេះ៕

ប្រែ​សម្រួល៖ អុឹង​មុយយូ ប្រភព៖ www.lifehack.org

X
5s