បើចង់សម្រេចក្ដីសុបិនក្នុងជីវិត អ្នកគួរប្រើវិធីសាស្ត្រ SMART
អ្នកប្រហែលជាខិតខំប្រឹងប្រែង ធ្វើការងារថែមម៉ោងដើម្បីឆ្ពោះទៅកាន់គោលដៅរបស់អ្នក។ ក្តីសុបិនរបស់អ្នកមើលទៅល្អខ្លាំងណាស់ ប៉ុន្តែអ្នកហាក់ដូចជាមិនទទួលបានលទ្ធផលអ្វីសោះ។ អ្នកគិតថាសុបិននោះប្រហែលជាមិនអាចសម្រេចបានទេមើលទៅ ដូច្នេះហើយអ្នកសម្រេចចិត្តបោះបង់។ ប៉ុន្តែ តើអ្នកធ្លាប់ចំណាយពេលគិតដែរឬទេថាវាអាចមកពីរបៀបដែលអ្នកកំណត់គោលដៅ? ដើម្បីធានាថាក្តីសុបិនពិតជាអាចសម្រេចបាន អ្នកគួរតែអនុវត្តតាមវិធី SMART៖
១) S: Specific ច្បាស់លាស់៖ វាពិតជាមានសារៈសំខាន់ណាស់ដែលអ្នកគិតច្បាស់ថាខ្លួនឯងចង់បានអ្វី ពីព្រោះថាបើមិនអ៊ីចឹងទេ អ្នកនឹងចំណាយពេលនិងថាមពលទៅលើអ្វីដែលគ្មានប្រយោជន៍ដល់គោលដៅអ្នក ។ លើសពីនេះទៅទៀត ការដឹងច្បាស់ពីអ្វីដែលខ្លួនចង់បាននឹងជួយអ្នកជៀសចេញឆ្ងាយពីការរំខានផ្សេងៗ។
២) M: Measurable ដែលអាចវាស់ស្ទង់បាន៖ សារៈសំខាន់នៃការវាស់គោលដៅគឺវាអាចបង្ហាញថាអ្នកអាចសម្រេចបានអ្វីខ្លះហើយ តើអ្នកដើរលើផ្លូវត្រឹមត្រូវដែរឬទេ? តើអ្នកត្រូវដើរឆ្ងាយប៉ុន្មានទៀតទើបដល់គោលដៅចុងក្រោយ។
៣) A: Achievable ដែលអាចសម្រេចបាន៖ គោលដៅរបស់អ្នកគួរតែសម្រេចបានដោយផ្អែកទៅលើសមត្ថភាពរបស់អ្នក។ អ្នកអាចដឹងបានដោយមើលទៅលើជំនាញដែលអ្នកមាន ហើយប្រៀបធៀបជំនាញទៅនឹងជំនាញដែលចាំបាច់ដើម្បីសម្រេចក្តីសុបិននោះ។ ប្រសិនជាអ្នកគ្មានជំនាញដែលចាំបាច់ទេ តើអ្នកអាចរៀនដែរឬទេ?
៤) R: Realistic ដែលប្រាកដនិយម៖ អ្នកត្រូវធ្វើការស្រាវជ្រាវនិងស្វែងរកព័ត៌មានដែលទាក់ទងទៅនឹងក្តីសុបិនរបស់អ្នក។ ហើយអ្នកត្រូវគិតពីធនធានដែលអ្នកមានដូចជា ពេលវេលា ថវិកា កម្លាំង។ល។
៥) T: Time ពេលវេលា៖ ចូរអ្នកគិតពីរយៈពេលដែលអ្នកចង់សម្រេចក្តីសុបិនរបស់អ្នក។ ការកំណត់ពេលវេលាច្បាស់លាស់នឹងជួយជំរុញអ្នកឲ្យដើរទៅមុន។ ប្រសិនជាអ្នកគ្មានពេលវេលាច្បាស់លាស់នោះ អ្នកច្បាស់ជាពន្យារកិច្ចការរបស់អ្នកជាមិនខាន ដែលធ្វើឲ្យពុំអាចសម្រេចគោលដៅបាន៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.lifehack.org