ហេតុអ្វី​ការ​សង្ស័យ​លើ​ខ្លួន​ឯង​ ឬ​​មិន​ទុកចិត្ត​លើ​ខ្លួន​ឯង​ នឹង​ធ្វើ​ឲ្យ​ជីវិត​អ្នក​អន្តរាយ​?​



តើ​អ្នក​មាន​ដឹង​ខ្លួន​ទេ​ថា មេរោគ​ដ៏​គ្រោះថ្នាក់​មួយ​ប្រភេទ​កំពុង​តែ​លួច​រស់នៅ​ក្នុង​ខ្លួន​អ្នក និង​ពង្រីក​ឥទ្ធិពល​របស់​វា​យ៉ាង​ស្ងាត់ៗ​រហូត​ដល់​ពេល​មួយ​នឹង​គ្រប់គ្រង​លើ​ជីវិត​អ្នក​ទាំងស្រុង ? តើ​វា​ជា​មេរោគ​ប្រភេទ​អ្វី ? ចុះ​វា​មាន​ដើម​កំណើត​ចេញ​មក​ពី​ណា ? ហើយ​ឥទ្ធិពល​របស់​វា​ប៉ះពាល់​ដល់​អ្នក​យ៉ាង​ដូចម្ដេច​ខ្លះ ?

មេរោគ​នោះ​គឺជា​កង្វះ​ភាព​ជឿជាក់​លើ​ខ្លួនឯង​នោះ​ឯង។ មាន​ពេល​ខ្លះ​អ្វី​ដែល​ពិបាក​បំផុត​គឺជា​ការ​លុត​ដំ​ការ​គិត​របស់​ខ្លួន​ឲ្យ​នៅ​តែ​រក្សា​គោលជំហរ​ទៅ​រក​សុទិដ្ឋិនិយម​នៅ​ក្នុង​កណ្ដាល​មហាសមុទ្រ​មិន​ឃើញ​កោះត្រើយ​និង​ពោរពេញ​ដោយ​ការ​ភិតភ័យ​ទាំងឡាយ។ មេរោគ​ដែល​មាន​ឈ្មោះ​ថា​កង្វះ​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​មួយ​នេះ បើ​អ្នក​បណ្ដោយ​វា​ឲ្យ​បន្ត​រស់នៅ​ក្នុង​ខ្លួន​របស់​អ្នក នោះ​ក្នុង​ដំណាក់កាល​ណាមួយ ឥទ្ធិពល​របស់​វា​នឹង​រីក​ធំ​ឡើង​កាន់តែ​ខ្លាំង​រហូត​ដល់​អាច​ត្រួតត្រា​លើ​ជីវិត​អ្នក​បាន។

អ្នក​មិន​អាច​រំពឹង​ទុក​លទ្ធផល​វិជ្ជមាន​ពី​ខ្លួនឯង​បាន​ដោយ​ការ​គិត​របស់​អ្នក​ត្រូវ​បាន​បំពុល​ដោយ​ភាព​អវិជ្ជមាន​បាន​នោះ​ឡើយ ជាពិសេស​នៅ​ពេល​អ្នក​មិន​ជឿជាក់​លើ​សមត្ថភាព​និង​សក្ដានុពល​ដែល​ខ្លួនឯង​អាច​ឈាន​ទៅ​ដល់។ បើ​អ្នក​ចង់​បង្កើត​ការ​ផ្លាស់ប្ដូរ​វិជ្ជមាន​ចំពោះ​ជីវិត​របស់​អ្នក ទាល់តែ​អ្នក​ត្រូវ​ចាប់ផ្ដើម​ដោយ​ផ្លាស់ប្ដូរ​ការ​គិត​របស់​អ្នក​ជាមួយ​នឹង​ការ​មើល​ឃើញ​ទៅលើ​អ្វីៗ​ជុំវិញ​ខ្លួន​ក្នុង​ផ្លូវ​ល្អ​ជាមុន​សិន។ យ៉ាងណាមិញ អ្នក​ក៏​ត្រូវ​ដឹង​ផង​ដែរ​ថា​មូលហេតុ​អ្វីខ្លះ​ដែល​បង្ក​ជា​កង្វះ​ការ​ជឿ​ទុកចិត្ត​លើ​ខ្លួនឯង​នេះ។

មជ្ឈដ្ឋាន​រស់នៅ​របស់​មនុស្ស​ម្នាក់ បង្កើត​នូវ​អត្តចរិត​របស់​ពួកគេ​ឡើង។ ឬ​អាច​និយាយ​ម្យ៉ាង​ទៀត​ថា អ្វីៗ​ដែល​នៅ​ជុំវិញ​ខ្លួន​របស់​អ្នក មាន​ឥទ្ធិពល​ទៅលើ​ការ​គិត​របស់​អ្នក។ នៅ​ពេល​ការ​គិត​របៀប​ណាមួយ​ត្រូវ​បាន​បង្កើត​ឡើង​ជា​ច្រើន​ដង វា​នឹង​ក្លាយ​ជា​ទម្លាប់ ហើយ​ចុងក្រោយ​ក៏​ឆ្លាក់​ច្នៃ​ជា​អត្តចរិត​របស់​អ្នក​ឡើង។ បើ​អ្នក​រស់នៅ​ក្នុង​គ្រួសារ ឬ​សង្គម​ដែល​បង្រៀន​អ្នក​ឲ្យ​មើល​ឃើញ​ទៅលើ​ការ​ប្រព្រឹត្ត​កំហុស​ជា​រឿង​អាក្រក់ នោះ​នៅ​ពេល​អ្នក​ធំ​ឡើង​ផ្នត់​គំនិត​របៀប​នេះ នឹង​ចាក់​ឫស​ដ៏​ជ្រៅ​ហើយ​បង្ក​ជា​ការ​បន្ទោស​លើ​ខ្លួនឯង​ពេល​មាន​កំហុស និង​ធ្វើឲ្យ​អ្នក​ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ក្នុង​ការ​សម្រេច​កិច្ចការ​ក្រោយៗ​ទៀត។ ការ​ប្រៀបធៀប​ខ្លួនឯង​ជាមួយ​អ្នកដទៃ​ក៏​ជា​មូលហេតុ​នៃ​ការ​កកើត​មេរោគ​ខ្វះ​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ដែរ។

តាម​ពិត​ស្មារតី​ភ្ញាក់​រលឹក​ចេះ​យក​ខ្លួនឯង​ទៅ​ប្រៀបធៀប​នឹង​អ្នកដទៃ​គឺជា​តម្លៃ​ដ៏​ល្អ​ខ្ពង់ខ្ពស់​មួយ​ដែល​មនុស្ស​ម្នាក់ៗ​គួរ​មាន។ ប៉ុន្តែ​អ្វី​ដែល​ពួកគេ​ទទួល​បាន​ក្រោយ​ពី​ការ​ប្រៀបធៀប​គឺជា​រឿង​ផ្សេង​គ្នា។ អ្នក​ខ្លះ​អាច​ឆ្លុះ​បញ្ចាំង​ឃើញ​ពី​ចំណុច​ខ្វះខាត​របស់​ខ្លួន និង​មើល​ឃើញ​វា​ជា​ឱកាស​ក្នុង​ការ​កែ​លម្អ​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ។ ផ្ទុយទៅវិញ អ្នក​ខ្លះ​មិន​គិត​បែប​នោះ​ទេ ពួកគេ​បែរ​ជា​បំបាក់​ទឹកចិត្ត​ខ្លួនឯង​ជាមួយ​នឹង​ភាព​ខ្វះខាត​របស់​ខ្លួន និង​មិន​បាន​ធ្វើ​អ្វី​ជា​ប្រយោជន៍​សម្រាប់​កែប្រែ​ឲ្យ​ល្អ​ឡើង​វិញ​ឡើយ។ ពេល​ឧបសគ្គ​លេច​មុខ​ឡើង​ទើប​អ្នក​ដឹង​ថា​អ្វី​ដែល​សំខាន់​បំផុត ពេល​ខ្លះ​គឺជា​កម្លាំង​ចិត្ត​ដែល​ពោរពេញ​ដោយ​ថាមពល​ដ៏​ខ្លាំងក្លា សម្រាប់​ប្រយុទ្ធ​នឹង​សង្គ្រាម​ជីវិត។ ភាព​ជឿជាក់​លើ​ខ្លួនឯង ត្រូវ​តែ​ក្លាយ​មក​ជា​អត្តសញ្ញាណ​ប្រចាំ​ខ្លួន​អ្នក ដើម្បី​សម្រេច​នូវ​ភាព​ជោគជ័យ​បាន៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ lifehack

X
5s